រដ្ឋបាលខេត្តបន្ទាយមានជ័យ ចេញសេចក្តីប្រកាសព័ត៌មានជុំវិញករណីពលករខ្មែរ ទើបត្រលប់មកពីប្រទេសថៃ ទទួលមរណៈភាព

រដ្ឋបាលខេត្តបន្ទាយមានជ័យ ជូនដំណឹងដល់សាធារណៈជនឲ្យបានជ្រាបថា កាលពីថ្ងៃទី១៨ ខែមករា ឆ្នាំ២០២១ វេលាម៉ោង៩:០០ នាទី ព្រឹក មានករណីបុរសម្នាក់ជាពលករខ្មែរ ភេទប្រុស អាយុ៣៨ឆ្នាំ មានទីលំនៅភូមិដុងអារញ្ញ សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បានទទួលមរណៈភាព។

រដ្ឋបាលខេត្តបន្ទាយមានជ័យ បានបន្ដថា បុរសម្នាក់ជាពលករខ្មែរខាងលើ បានចូលមកប្រទេសកម្ពុជា តាមច្រកចំបក់ ស្ថិតក្នុងឃុំបឹងបេង ស្រុកម៉ាឡៃ នៅម៉ោង១១ និង២០នាទី យប់ថ្ងៃទី១៧ ខែមករា ឆ្នាំ២០២១។ ក្រោយពេលក្រុមការងារបានសួរនាំអំពីការវិលត្រឡប់របស់បងប្អូនពលករមកវិញរួច ក្រុមការងារបានឲ្យបងប្អូនទៅយកឥវ៉ាន់ ដើម្បីឡើងរថយន្តកងទ័ពដែលប្រចាំការនៅប៉ុស្តិ៍ចំបក់ ដឹកជញ្ជូនទៅកាន់មណ្ឌលចត្តាឡីស័ក នៅទីរួមស្រុក ប៉ុន្តែក្នុងពេលនោះបុរសខាងលើ បានដើរទៅបត់ជើងតូច ហើយក៏ជំពប់ជើងដួលបោកក្បាលទៅលើថ្មបណ្តាលឲ្យបែកក្បាល។

ភ្លាមៗនោះ ប្រជាពលករខ្មែរមួយរូប ភេទប្រុស អាយុ២៦ឆ្នាំ រស់នៅភូមិត្រពាំងប្រាសាទ ឃុំត្រពាំងប្រាសាទ ស្រុកត្រពាំង ប្រាសាទ ខេត្តឧត្តរមានជ័យ ជាប្រជាពលរដ្ឋដែលរួមដំណើរ បានទៅជួយលើកបុរសដែលដួលនោះ ឲ្យអង្គុយ និងបានសួរទៅកាន់បុរសនោះ ហើយបុរសដែលដួលគាត់ បានប្រាប់ថាខ្លួនអស់កំលាំង ហើយបានហូបស្រាបៀរលីអូ ថៃអស់២ដប ក្នុងពេលភ្លាមៗនោះ កំលាំងនគរបាលឈរជើងនៅទីនោះ ឃើញមានហូរឈាមខ្លាំងនៅក្បាលផ្នែកខាងក្រោយ ក៏បានឲ្យក្រមាចងទប់ឈាម និងបានហៅរថយន្តសង្គ្រោះរបស់មន្ទីរពេទ្យបង្អែកស្រុកម៉ាឡៃមកទទួលយកអ្នករបួសទៅសង្គ្រោះ និងព្យាបាលនៅមន្ទីរពេទ្យបង្អែកស្រុកម៉ាឡៃ។

ក្រោយបញ្ជូនអ្នករបួសទៅដល់មន្ទីរពេទ្យប្រមាណជាម៉ោង១២:០០អាធ្រាត្រ មានក្រុមគ្រូពេទ្យប្រចាំការ បានពិនិត្យឃើញ់អ្នកជំងឺមានស្នាមរបួសបែក ក្បាលប្រវែង២សង់ទីម៉ែត្រ និងបានដេររបួសជូនអ្នកជំងឺចំនួន៥ថ្នេរ និងព្យាបាលតាមបច្ចេកទេសពេទ្យ។ ហើយពេលនោះអ្នកជំងឺមានស្ថានភាពធម្មតា ដោយគ្រូពេទ្យបានតាមដានស្ថានភាពអ្នកជំងឺក្នុងមួយម៉ោងម្តង គឺអ្នកជំងឺមានអាការៈធម្មតា ដឹងខ្លួន និយាយបានធម្មតា រហូតលុះដល់ម៉ោង៥ទៀបភ្លឺ អ្នកជំងឺមានអាការៈប្រែប្រួល ដោយមានអាការៈឈឺក្បាល វិលមុខ និងក្អួត រួចក៏សន្លប់បាត់ស្មារតីតែម្តង ក្នុងពេលភ្លាមៗនោះ ក្រុមគ្រូពេទ្យបានជួយសង្គ្រោះតាមបច្ចេកទេសពេទ្យ ប៉ុន្តែដោយឃើញស្ថានភាពអ្នកជំងឺមានសភាពធ្ងន់ធ្ងរ ក៏សម្រេចបញ្ជូនទៅសង្គ្រោះ និងព្យាបាលបន្តនៅមន្ទីរពេទ្យបង្អែកក្រុងប៉ោយប៉ែត ជាមន្ទីរពេទ្យកំរិត២ នៅម៉ោង៧ព្រឹក ព្រោះមន្ទីរពេទ្យបង្អែកស្រុកម៉ាឡៃ ជាមន្ទីរពេទ្យបង្អែកកំរិត១។

ជាងនេះទៅទៀត រដ្ឋបាលខេត្តបន្ទាយមានជ័យ បន្ដថា នៅពេលទៅដល់មន្ទីរពេទ្យបង្អែកក្រុងប៉ោយប៉ែត ក្រុមគ្រូពេទ្យបានពិនិត្យមើលឃើញថា អ្នកជំងឺបានស្លាប់បាត់ទៅហើយមុនពេលទៅដល់មន្ទីរពេទ្យ។ រដ្ឋបាលខេត្ត សូមបញ្ជាក់ជូនផងដែរថា ករណីបុរសជាប្រជាពលករដែលទទួលមរណភាពខាងលើ គឺពុំទាន់បានចូលទៅមណ្ឌលចត្តាឡីស័កមួយណាទេ ហើយក៏មិនមែនស្លាប់ដោយសារជំងឺកូវីដ-១៩ដែរ គឺស្លាប់ដោយសារឧបទ្ទវហេតុ ដួលបោកក្បាល៕

ប្រភព ៖ រដ្ឋបាលខេត្តបន្ទាយមានជ័យ