ស្នងការដ្ឋាននគរបាលខេត្តព្រៃវែង ចុះបង្រ្កាបល្បែងស៊ីសងខុសច្បាប់ មួយកន្លែង ឃាត់ខ្លួនក្រុមញៀនល្បែង ១៣នាក់

ខេត្តព្រៃវែង ៖ កម្លាំងការិយាល័យព្រហ្មទណ្ឌកំរិតស្រាល នៃស្នងការដ្ឋាននគរបាលខេត្តព្រៃវែង សហការណ៍ជាមួយកម្លាំប៉ុស្តិ៍នគរបាលរដ្ឋបាលព្រៃព្នៅ នៃអធិការដ្ឋាននគរបាលស្រុកពារាំង បានចុះបង្ក្រាបទីតាំងបើកសង្វៀនប្រជល់មាន់មួយកន្លែង ឃាត់ខ្លួនជនសង្ស័យញៀនល្បែង ១៣នាក់ និងរឹបអូសវត្ថុតាងបទល្មើសជាច្រើនប្រភេទ។
ប្រតិបត្តិការនោះបានធ្វើឡើងកាលពីរសៀល ថ្ងៃទី១៧ ខែមករា ឆ្នាំ២០២១ នៅចំណុចរោងទា ស្ថិតនៅក្នុងភូមិសំរាប ឃុំព្រៃព្នៅ ស្រុកពារាំង ខេត្តព្រៃវែង។
មន្ត្រីនគរបាលខេត្តព្រៃវែង បានឲ្យដឹងថា ការចុះបង្ក្រាបសង្វៀនប្រជល់មាន់មួយកន្លែងនេះ សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យប្រព្រឹត្តល្បែងស៊ីសងខុសច្បាប់ ១៣នាក់ ក្នុងនោះ ឈ្មោះ ហេង អឿន ភេទប្រុស អាយុ៤៧ឆ្នាំ រស់នៅភូមិឃុំខាងលើ ជាម្ចាស់សង្វៀនប្រជល់មាន់ និងបើកលេងល្បែងស៊ីសងជារៀងរាល់ថ្ងៃ ប៉ុន្តែ ពេលនេះបានរងការបង្ក្រាប និងឃាត់ខ្លួនបានហើយ។
លោកថា ក្រោយការឃាត់ខ្លួនក្រុមញៀនល្បែងទាំង ១៣នាក់ សមត្ថកិច្ចដកហូតវត្ថុតាងបាន អង្រុតក្រុងមាន់ ៩ កន្រ្តក់មាន់ ៥ ស្កុតបិទខ្នាយមាន់ ៤៨ស្កុត ធុងក្លាស់សេភេជ្ជៈ ១ កៅអី ១៧ ម៉ូតូ ២២គ្រឿង និងរថយន្ត ៥គ្រឿង ផងដែរ។
មន្ត្រីនគរបាលដដែលបានបន្តថា ក្រោយការបង្ក្រាប និងរឹបអូស ក្រុមអ្នកញៀនល្បែងទាំង ១៣នាក់ រួមទាំងវត្ថុតាងដែលដកហូតបាន ត្រូវបានបញ្ជូនមកកាន់ស្នងការដ្ឋាននគរបាលខេត្តព្រៃវែង ដើម្បីធ្វើការសាកសួរ និងចាត់ការតាមច្បាប់។
មន្ត្រីដដែលបានបញ្ជាក់ថា សង្វៀនប្រជល់មាន់ និងលួចបើកល្បែងស៊ីសងគ្រប់ប្រភេទនេះ បានរងការបង្ក្រាបពីកម្លាំងសមត្ថកិច្ចខេត្ត និងធ្វើកិច្ចសន្យាបញ្ឈប់លេងល្បែងស៊ីសងពីរដងរួចមកហើយ ប៉ុន្តែនៅតែមិនរៀងចាល បង្ក្រាបនៅលើកទី៣នេះ មេក្លោងបើកល្បែង បក្ខពួកប្រហែលជាមិនអាចគេចផុតពីសំណាញ់ច្បាប់បានឡើយ៕

From: MTV Online
By: Sovann