ក្បាច់បុរាណ! ហៅម៉ូតូកង់បីជិះ ដល់កន្លែងស្ងាត់ខ្ចីទូរស័ព្ទ

រាជធានីភ្នំពេញ÷ កើតហេតុ ថ្ងៃទី១៩ ខែមករា ឆ្នាំ ២០២១ វេលាម៉ោង ២០ម៉៣០នាទី នៅចំណុចផ្លូវបេតុង ភូមិទួលរកា១ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។ -ជនសង្ស័យឈ្មោះចាន់ មករា ហៅ សាក់ ភេទប្រុស អាយុ២៩ ឆ្នាំ ជនជាតិខ្មែរ ទីលំនៅផ្ទះជួល ផ្លូវលំ ភូមិព្រែកតាឡុង សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ មុខរបរមិនពិតប្រាកដ (ឃាត់ខ្លួនមានផ្ទុកសារធាតុញៀន) ។

ជនរងគ្រោះឈ្មោះ សឿង សុខឃឿន ភេទប្រុស អាយុ ៤៧ ឆ្នាំ ជនជាតិខ្មែរ ទីលំនៅផ្ទះគ្មានលេខ ផ្លូវលេខ២១អា ភូមិ៣ សង្កាត់ស្វាយរលំ ក្រុងតាខ្មៅ ខេត្តកណ្តាល មុខរបររត់ម៉ូតូកង់បីឥណ្ឌា ។

ហេតុការណ៍ ៖កាលពីថ្ងៃទី ១៩ ខែមករា ឆ្នាំ២០២១ វេលាម៉ោង១៨ម៉០០នាទី ជនរងគ្រោះឈ្មោះ សឿង សុខឃឿន ភេទប្រុស អាយុ៤៧ ឆ្នាំ បានអង្គុយលើម៉ូតូកង់បីឥណ្ឌារងចាំដឹកភ្ញៀវនៅម្តុំផ្សារតាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល ស្រាប់តែជនសង្ស័យបានមកហៅម៉ូតូកង់បីរបស់ជនរងគ្រោះជិះទៅម្តុំទួលពង្រ សង្កាត់ ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ ពេលធ្វើដំណើរមកដល់ជនសង្ស័យបានឲ្យជនរងគ្រោះដឹកត្រឡប់មកចំណុចផ្លូវ បេតុង ភូមិទួលរកា១ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ (ចំណុចកើតហេតុ) ពេលនោះជនសង្ស័យបានឲ្យជនរងគ្រោះឈប់ម៉ូតូកង់បី រួចនិយាយសុំខ្ចីទូរស័ព្ទដៃ០១គ្រឿងម៉ាកសាំសុង ពណ៍ខ្មៅ ស៊ីមកាតលេខ០៩៦ ៧៧ ៥៥ ៥៥៣ របស់ជនរងគ្រោះនិយាយដើម្បីយកលុយពីសាច់ញាតិ ជនរងគ្រោះក៏បានយល់ព្រមឲ្យខ្ចីទូរស័ព្ទដៃនិយាយ ពេលនោះជនសង្ស័យបានយកទូរសព័្ទដៃ របស់ជនរងគ្រោះដែលខ្ចីបាន រត់គេចខ្លួន ជនរងគ្រោះក៏បានស្រែកឆោឡោឡើង ទន្ទឹមនោះកម្លាំងល្បាតផ្នែកអន្តរាគមន៍ នៃអធិការដ្ឋាននគរបាលខណ្ឌមានជ័យ បានមកដល់ក៏ដេញចាប់ឃាត់ខ្លួនជនសង្ស័យឈ្មោះ ចាន់ មករា ហៅ សាក់ យកមកស្នាក់ការនគរបាលប៉ុស្តិ៍ចាក់អង្រែក្រោមដើម្បីចាត់ការតាមនីតិវិធីតែម្តង ។ នៅពេលឃាត់ខ្លួនជនសង្ស័យ សមត្ថកិច្ចយើងបានចាប់យកភស្តុតាង ៖ ទូរស័ព្ទដៃ០១គ្រឿងម៉ាកសាំសុង ពណ៍ខ្មៅ ស៊ីមកាតលេខ០៩៦ ៧៧ ៥៥ ៥៥៣ (ជារបស់ជនរងគ្រោះ) ។

បច្ចុប្បន្នជនសង្ស័យឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌមានជ័យ ដើម្បីកសាងសំណុំរឿងចាត់តាមនីតិវិធី៕