ជនសង្ស័យចំនួន៣នាក់ ត្រូវបានអាវុធហត្ថខេត្តបន្ទាយមានជ័យ​ឃាត់ខ្លួនពាក់ព័ន្ធករណីគ្រឿងញឿន

បន្ទាយមានជ័យ៖ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងសិរីសោភ័ណ ដឹកនាំដោយលោក វរសេនីយ៍ត្រី យ៉ាន់ សុវណ្ណ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងសិរីសោភ័ណ បានធ្វើការចុះល្បាតការពារសន្តិសុខក្នុងភូមិសាស្រ្ត រហូតដល់វេលាម៉ោង២២ និង០០នាទី ថ្ងៃទី១៧ ខែមករា ឆ្នាំ២០២១ ពេលកម្លាំងល្បាតដល់ចំណុចបន្ទប់ជួល ស្ថិតក្នុងភូមិខ្លាកូនចាស់ សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ប្រទះឃើញយុវជនចំនួន៣នាក់ កំពុងសំងំនៅទីងងឹត ដោយមានការសង្ស័យកម្លាំងក៏បានហៅមកសួរនាំ និងធ្វើការឆែកឆេររកឃើញគ្រឿងញៀនមេតំហ្វេតាមីនទឹកកកចំនួន៤កូនថង់កិប ទម្ងន់ ៤,៨២ក្រាម និងដកហូតម៉ូតូចំនួន១គ្រឿង ម៉ាកហុងដាឌ្រីម ផលិតឆ្នាំ២០១២ ពណ៌ខ្មៅ ពាក់ស្លាកលេខ ប/ជ 1F-1530 និងសម្ភារៈមួយចំនួន ហើយធ្វើការឃាត់ខ្លួនយកមកមូលដ្ឋាន កងរាជអាវុធហត្ថក្រុងតែម្ដង។ ជនសង្ស័យទាំង៣នាក់ ១-ឈ្មោះ ថា វ៉ាន់ថៃ ហៅ ហុក ភេទប្រុស អាយុ១៧ឆ្នាំ ២-ឈ្មោះ ស៊ាន ម៉ាន់ហ្វុង ភេទប្រុស អាយុ១៧ឆ្នាំ ៣-ឈ្មោះ ឡុង លី ហៅ ដឺ ភេទប្រុស អាយុ២១ឆ្នាំ។ ជនសង្ស័យ និងវត្ថុតាងត្រូវបានកម្លាំងការិយាល័យបង្ក្រាបបទល្មើសគ្រឿងញៀន កងរាជអាវុធហត្ថខេត្តបញ្ជូនទៅសាលាដំបូងខេត្តចាត់ការតាមនីតិវិធី៕