ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ ថា មាន​មោទកភាព​ដែល​អាមេរិក​មិន​ធ្វើសង្គ្រាម​ថ្មី ពេល​លោក​ធ្វើ​ប្រធានាធិបតី

វ៉ាស៊ីនតោន ៖ ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ ថ្លែង​សុន្ទរកថា​បញ្ចប់​តំណែង​ប្រធានាធិបតី​នៅ​ថ្ងៃទី​១៩ ខែមករា​។ លោក​បានលើកឡើង​ពី​ស្នាដៃ​សំខាន់ៗ​របស់លោក​ទាំង​ក្នុងប្រទេស និង​គោលនយោបាយ​ការបរទេស ក្នុង​រយៈពេល​៤​ឆ្នាំ​ចុងក្រោយ​។ ទោះជា​យ៉ាងណាក្តី លោក ត្រាំ មិនបាន​លើក​សោះឡើយ​ពី​ឈ្មោះ​លោក ចូ បៃ​ឌិន ដែល​នឹង​ស្នង​តំណែង​ពី​រូបលោក ប៉ុន្តែ​បាន​បួងសួង​ដល់​រដ្ឋបាល​ថ្មី​នេះ​។​

លោក ដូ​ណា​ល់ ត្រាំ ប្រធានាធិបតី​ទី​៤៥ របស់​អាមេរិក នឹង​បញ្ចប់​តំណែង​របស់លោក​នៅ​ថ្ងៃទី​២០ មករា​ឆ្នាំ ២០២១ ក្រោយពី​លោក​កាន់តំណែង​បាន​បួន​ឆ្នាំ រាប់​ចាប់តាំងពី​លោក​ស្បថ​ចូលកាន់​តំណែង​ឆ្នាំ​២០១៧ មក​។ លោក ត្រាំ ចាញ់​លោក​បៃ​ឌិន ក្នុងការ​បោះឆ្នោត​ថ្ងៃទី​៣ វិច្ឆិកា ឆ្នាំ​២០២០ ដោយ​ទទួលបាន​ប្រតិភូ​បោះឆ្នោត​ត្រឹមតែ​២៣២ ទល់នឹង​៣០៦ ដែល​លោក​បៃ​ឌិន​ទទួលបាន​។​
«​សប្តាហ៍​នេះ យើង​ស្បថ​ចូលកាន់​តំណែង​រដ្ឋបាល​ថ្មី និង​បួងសួង​ផ្តល់​ភាពជោគជ័យ​ក្នុងការ​រក្សា​សុវត្ថិភាព និង​វិបុលភាព​ដល់​អាមេរិក​»​។ នេះ​ជាការ​ថ្លែង​របស់លោក ត្រាំ ក្នុង​សារ​វីដេអូ​។ លោក​ជូនពរ​ឱ្យ​រដ្ឋបាល​លោក បៃ​ឌិន ទទួលបាន​សំណាងល្អ​។ ទោះជា​យ៉ាងណាក្តី លោក ត្រាំ នៅតែ​មិន​ទទួលស្គាល់ថា​លោក​ពិតជា​ចាញ់​ការបោះឆ្នោត​ឡើយ​។​
​លោក ត្រាំ ក៏​ឆ្លៀតឱកាស​លើកឡើង​ពី​កិច្ច​ខំប្រឹងប្រែង​ក្នុង​គោលនយោបាយ​ការបរទេស​ផងដែរ​។ លោក ត្រាំ និយាយថា លោក​មាន​មោទកភាព ដែល​ក្លាយជា​ប្រធានាធិបតី​អាមេរិក​ដំបូង​ក្នុង​មួយ​ទសវត្ស​ចុងក្រោយ​ដែល​មិន​នាំ​ប្រទេស​នេះ​ឱ្យធ្វើ​សង្គ្រាម​ថ្មី​ទៀត​។ លោក ត្រាំ ក៏​និយាយ​ដល់​សមិទ្ធផល​របស់លោក​ក្នុងការ​បង្កើត​កងទ័ព​អវកាស ដែលជា​អង្គភាព​ធំ​ទី​៦​នៃ​កងទ័ព​អាមេរិក​។
​បន្ថែម​ពីនេះ លោក ត្រាំ ក៏​មិន​ភ្លេច​លើកឡើង​ដែរ​ពី​គោលនយោបាយ​តឹងតែង​របស់លោក​ទល់នឹង​ចិន​។ ប្រធានាធិបតី​បក្ស​សាធារណរដ្ឋ​រូបនេះ អះអាងថា លោក​បានដាក់​សម្ពាធ​ទៅលើ​ចិន​ក្នុង​កម្រិត​មួយ​មិន​ធ្លាប់មាន​ពីមុន​មកលើ​វិស័យសេដ្ឋកិច្ច និង​សន្តិសុខ​ជាដើម​។ លោក​រំឭកថា ក្នុង​រយៈពេល​៤​ឆ្នាំ​ក្រោម​ការដឹកនាំ​របស់លោក អាមេរិក​បាន​ស្តារ​សម្ពន្ធភាព និង​ប្រមូលផ្តុំ​ប្រជាជាតិ​នៅ​ទូទាំង​ពិភពលោក​ឱ្យ​ហ៊ាន​តទល់​ជាមួយនឹង​ចិន​។​
​ក្នុង​សារ​២០​នាទី លោក ត្រាំ ក៏​អួត​ពី​ស្នាដៃ​ក្នុងការ​សម្រួល​ទំនាក់ទំនង​របស់​សម្ព័ន្ធ​មិត្ត​អាមេរិក​នៅ​មជ្ឈិមបូព៌ា​ជាពិសេស​រវាង​កាតា និង​អា​រ៉ា​ប៊ី​សា​អូឌីត ក៏ដូចជា​ការជំរុញឱ្យ​ប្រទេស​អារ៉ាប់​ភ្ជាប់​ទំនាក់ទំនង​ការទូត​ជាមួយ​អ៊ីស្រាអែល​ជាដើម​។​
​ចំពោះ​រឿង​ជំងឺឆ្លង​កូ​វីដ​-១៩ វិញ លោក ត្រាំ ចាត់ទុក​ការបង្កើត​វ៉ាក់សាំង​ក្នុងពេល​មិន​ដល់​មួយឆ្នាំ​ជា​ជោគជ័យ​របស់​អាមេរិក​។ យ៉ាងណាក្តី ក្រោម​ការដឹកនាំ​របស់​លោក ត្រាំ ពលរដ្ឋ​អាមេរិក​ជាង​៤​សែន​នាក់​បាត់បង់​ជីវិត​ដោយសារ​ជំងឺ​នេះ ដែល​មួយផ្នែក​ដោយសារតែ​ការមើលស្រាល និង​ឆ្លើយតប​យឺតយ៉ាវ​នៅ​គ្រា​ដំបូង​។​
​ទោះ​បញ្ចប់​តំណែង​ប្រធានាធិបតី​ត្រឹម​ថ្ងៃទី​២០ ខែមករា​នេះ​ក៏ដោយ លោក ត្រាំ សង្កត់ធ្ងន់ថា នឹងមិន​ចាកចេញ​ពី​ឆាកនយោបាយ​អាមេរិក​ដោយ​ស្ងប់ស្ងាត់​ឡើយ​។ លោក​ត្រាំ ប្រាប់​អ្នកគាំទ្រ​ថា​ចលនា​របស់លោក​ទើបតែ​ចាប់ផ្តើម​ប៉ុណ្ណោះ​។​
​លោក ត្រាំ ក៏​នឹង​ក្លាយជា​ប្រធានាធិបតី​អាមេរិក​ទីមួយ​ក្នុង​រយៈពេល​១៥២​ឆ្នាំ ដែល​នឹងមិន​ចូលរួម​ពិធី​ស្បថ​កាន់តំណែង​របស់​ប្រធានាធិបតី​ថ្មី​ផងដែរ​។ អតីត​ប្រធានាធិបតី​អាមេរិក Andrew Jackson ដែល​ចប់​អាណត្តិ​ក្នុង​ឆ្នាំ​១៨៦៩ ជា​បុគ្គល​ដំបូងបង្អស់​ដែល​មិន​ចូលរួម​ពិធី​ប្រពៃណី​នេះ​។ ក្នុង​នយោបាយ​អាមេរិក វត្តមាន​របស់​អតីត​ប្រធានាធិបតី និង​ប្រធានាធិបតី​ថ្មី នៅ​ថ្ងៃ​ស្បថ​កាន់តំណែង​ជា​និមិត្តរូប​នៃ​ការផ្ទេរអំណាច​ដោយ​សន្តិ​វិធី ក៏ដូចជា​ការរួបរួម​ជាតិ​។​
​ពេល​ពិធី​ស្បថ​របស់លោក បៃ​ឌិន ចាប់ផ្ដើម លោក ត្រាំ នឹង​ជប់លៀង​បញ្ចប់​តំណែង​របស់លោក​នៅ​មូលដ្ឋានទ័ព Joint Base Andrews ។ បន្ទាប់មក​លោក​នឹង នឹងធ្វើ​ដំណើរ​លើ​យន្តហោះ​ប្រធានាធិបតី​ជា​លើកចុងក្រោយ​ទៅ​រដ្ឋ Florida និង​ស្នាក់នៅ​ទីនោះ​៕
From: https://thmeythmey.com
By: Reatrey