ផលិតផលខូចគុណភាពជាងកន្លះតោន ត្រូវសមត្ថកិច្ចគយបង្រ្កាប និងធ្វើការដុតកម្ទេចចោល

នៅវេលាម៉ោង ១០ព្រឹក ថ្ងៃទី ២០ ខែ មករា ឆ្នាំ២០២១ ក្រុមអន្តរាគមការិយាល័យ សហការជាមួយសមត្ថកិច្ចគយ និងរដ្ឋាករ នៃការិយាល័យស្រាវជ្រាវ និងបង្រ្កាបអំពើរត់ពន្ធតំបន់៥ នៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានធ្វើការស្ទាក់ឃាត់ចាប់ផលិតផលមានដើមកំណើតពីសត្វជ្រូករួមមាន ពោះតាន់ សាច់ជ្រូក៣ជាន់ និងពោះវៀន ចំនួន ៩កេះ ស្មើនឹង ៥៤០ គីឡូក្រាម (១កេះស្មើនឹង ៦០គីឡូក្រាម) នៅចំណុចមុខស្នាក់ការគយ និងរដ្ឋាករ ខាងលិចស្ពានទឹកថ្លា ក្រុងសិរីសោភ័ណ ដែលបង្កប់ក្នុងរថយន្តដឹកទំនិញ១គ្រឿង ។ បន្ទាប់ពីត្រួតពិនិត្យជាក់ស្តែងរួចមកឃើញថា ផលិតផលទាំងនោះ បានប្រែប្រួលសភាពដើម មានក្លិនស្អុយ (រលាយទឹកកកអស់) សមត្ថកិច្ចជំនាញបានក៏ឯកភាពគ្នាធ្វើការដុតកម្ទេចចោលតាមវិធានការបសុពេទ្យ​ នៅចំណុចភូមិខ្លាកូន សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ នៅវេលាម៉ោង ១២ រសៀល នាថ្ងៃខែឆ្នាំដដែល ដោយយោងលើសារាចរលេខ ០៧ សរ របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ស្តីពី វិធានការទប់ស្កាត់ការនាំចូលជ្រូក សាច់ជ្រូក និងផលិតផលមានដើមកំណើតពីសត្វជ្រូកគ្រប់ប្រភេទដោយខុសច្បាប់ ចុះថ្ងៃទី ៣១ ខែ កក្កដា ឆ្នាំ២០១៩ ៕