ពិតណាស់! ក្នុងលោក​​នេះគ្មាន​​នរ​ណា​ចង់ជួបភាពក្រិនឬក៏​ពិការ​នោះ​ទេ ក្រោមដំបូលមេឃតែមួយ តែជីវិតខុសគ្នា

ខេត្តស្វាយរៀង ៖ ក្នុង​លោក​នេះ​ មិន​មាន​នរណា​ម្នាក់​ចង់​ជូ​ប​ភាព​ក្រិន​ពិការ​ខ្វិនខ្វង់​នោះ​ទេ តែ​ជោគវាសនា​អកុសល​តម្រូវ​ឱ្យ​ជួប​បែប​នេះ​ទៅ​ហើយ ក៏​ចេះ​តែ​ទ្រាំ​ទទួល​តាម​យថាកម្ម​ដូច្នេះ​ទៅ ។ សួរ​ថា តើ​ពួក​គេ​លំបាក​កម្រិត​ណា​ទៅ បើ​កាយសម្បទា​មិន​អាច​ជួយ​អ្វី​ខ្លួនឯង​បានហើយ ​បើ​ប្រៀបធៀប​មនុស្ស​ដែល​មាន​កាយសម្បទា​ត្រឹមត្រូវ​នោះ តើ​ត្រូវ​និយាយ​បែប​ណា​ទៅ​វិញ ?
ក្នុង​លេខ​ចេញផ្សាយ​នា​ថ្ងៃនេះ កោះសន្តិភាព​សូម​ទាញអារម្មណ៍​អស់លោក​អ្នក​អាន​មក​ជួបនឹង​ជីវិត​គ្រួសារ​ក្រីក្រ​គួរ​ឲ្យ​អាណិត​មួយ ដែល​មានកូន​៣​នាក់​ក្រិន ហើយ​ពិការ​ដៃ​ជើង​ខ្វិនខ្វង់ ខ្នង​គម ត្រូវ​ឪពុក​រត់​ចោល​ទៀត​ទុក​ឲ្យ​ស្ត្រី​ជា​ម្តាយ​រ៉ាប់រង​ចិញ្ចឹម​កូន​ម្នាក់ឯង ។
ហើយ​គ្រោះ​អកុសល​កាលពី​៨​ខែ​មុន ស្ត្រី​ជា​ម្ដាយ​បាន​ដួល​បាក់ដៃ​ម្ខាង​ទៀត ធ្វើ​ឲ្យ​ជីវិត​ដែល​គ្មាន​វាសនា​នោះ​បាន​ជួប​ការ​លំបាក​ខ្វះ​ស្បៀងអាហារ​ចិញ្ចឹម​កូន​ៗ​យ៉ាង​ក្រៀមក្រំ​បំផុត​។ ចំណែក​កូន​ៗ​ទាំង​បី​នាក់​ក៏​ចង់​បន្ត​ការ​សិក្សា​រក​ចំណេះ​ដឹងផង​ដែរ ទោះបី​ត្រូវ​តស៊ូ​កិល​ទៅ​េ​រៀន​ក្ដី ដើម្បី​យកចំណេះ​ប្រកប​មុខរបរ​ចិញ្ចឹមជីវិត​អនាគត ។
រសៀល​ថ្ងៃ​ទី​១៨ មក​រា ២០២១ នៅ​ចំពោះ​មុខ​កាមេរ៉ា​កោះសន្តិភាព ក្មេង​ពិការ​ទាំង​បី​នាក់​បងប្អូន បាន​អំពាវនាវ​សុំ​ក្តី​មេត្តា​ពី​លោក​ឧកញ៉ា លោក​ជំទាវ បងប្អូន​សប្បុរសជន មេត្តា​អាណិត​ជួយ​ផ្តល់​ជា​គ្រឿង​ឧបភោគ បរិភោគ និង​ប្រាក់​កាស​ផង​តាម​សទ្ធា ដើម្បី​ពួក​គេ​អាច​បន្ត​ការ​សិក្សា រក​ចំណេះវិជ្ជា ដើម្បី​ប្រកប​មុខរបរ​ចិញ្ចឹមជីវិត​ទៅ​មុខ​ទៀត ។
តាម​ស្ត្រី​ជា​ម្តាយ​ឈ្មោះ ប្រាក់ ម​ន្ថា អាយុ​៥១​ឆ្នាំ ជា​ស្ត្រី​មេម៉ាយ រស់នៅ​ភូមិ​កណ្តាល ឃុំ​ខ្សែ​ត្រ ស្រុក​កំពង់​រោទ៍ ខេត្តស្វាយរៀង បាន​ប្រាប់​ឲ្យ​ដឹង​ថា គាត់​មាន​ប្តី​ឈ្មោះ អ៊ុំ តេ​ង អាយុ​៤៦​ឆ្នាំ មានកូន​៣​នាក់​ជា​ចំណងដៃ ក៏​ប៉ុន្តែ​កូន​ទាំង​បី​នាក់​អភ័ព្វ​ពេក​ណាស់ កើតមក​ក្រិន ពិការ គម ដៃជើង​ខ្វិន​ក្ងិងក្ងង់​ដូច​គ្នា គួរ​ឲ្យ​អាណិត​ខ្លាំង​ណាស់ ។កូន​ទី​១-​ឈ្មោះ តក់ ធា​រ៉ា ភេទ​ស្រី អាយុ​២៤​ឆ្នាំ គឺ​ពេល​កើតមក​មាន​សុខភាព​ធម្មតា លុះ​អាយុ​៤​ឆ្នាំ​ស្រាប់តែ​មាន​អ​កា​រៈ​ទន់ ហើយ​បាន​ដួល​បាក់ដៃ​បាក់ជើង​ជា​ច្រើន​កំណាត់ ។ គាត់​ថា រូប​គាត់​បាន​យក​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​ខេត្ត ក្រោយមក​បានជា ស្រាប់តែ​ឆ្អឹង​ដៃជើង​ទៅ​ជា​កោង​ក្ងិងក្ងង់​២-៣​កំណាត់ ក្រិន​គម​ខ្នង លែង​លូត​កម្ពស់​តែ​ម្តង ។ លុះដល់​អាយុ​១៧​ឆ្នាំ បាន​សុំ​គាត់​ជា​ម្តាយ​ទៅ​រៀន ដោយ​ម្ដាយ​ដាក់​លើ​រទេះរុញ រៀន​បាន​ដល់​ថ្នាក់​ទី​៥​ក៏​ឈប់ ដោយសារ​ជីវភាព​គ្រួសារ ។
កូន​ទី​២-​ឈ្មោះ តក់ ធា​រី ភេទ​ស្រី អាយុ​២០​ឆ្នាំ កើតមក​សុខភាព​ធម្មតា ។ លុះ​បាន​អាយុ​៦​ខែ​ស្រាប់តែ​មាន​ជំងឺ​ឈឺ​ច្រើន ។ បាន​អាយុ​២​ឆ្នាំ​ទើបតែ​ចេះ​ដើរ​តេះតះ ក្រោយមក​ក៏​ដួល​បាក់ជើង​កោង​ដៃ​ក្រ​ងេ​ង​ក្រង​ង់​ពីរ​បី​កំណាត់​តែ​ម្តង ហើយ​ក្រិន​លែង​ធំ ។ លុះ​អាយុ​១៥​ឆ្នាំ​បាន​ទៅ​រៀន មក​ដល់​ឆ្នាំ​២០២០​បាន​ថ្នាក់​ទី​៦ ដោយ​បានការ​ឧបត្ថម្ភ​ពី​អង្គការ LAVALA នៅ​ជិត​ក្រុង​តា​ខ្មៅ​ខេត្តកណ្តាល យក​ទៅ​ឲ្យ​រៀន​បន្ត​នៅ​ក្រុង​តា​ខ្មៅ ។កូន​ទី​៣-​ឈ្មោះ តក់ រាត្រី ភេទ​ប្រុស អាយុ​១២​ឆ្នាំ កើតមក​មាន​សុខភាព​ល្អ​ធម្មតា​។ លុះ​បាន​អាយុ​២​ខែ​ចាប់ផ្តើម​ទន់​រហូត​ដល់​អាយុ​២​ឆ្នាំ ស្រាប់តែ​ក្រិន ហើយ​ឆ្អឹង​ដុះ​មក​ទាញ​កោង​ដៃ កោង​ជើង​ខ្វិនខ្វង់​ខ្នង​គម​តែ​ម្តង ។ បច្ចុប្បន្ន​អាយុ​១២​ឆ្នាំ​មិន​ទាន់​បាន​ចូល​សា​លារៀន​ទេ ។
ស្ត្រី​ជា​ម្តាយ​បន្ត​ថា ប្តី​របស់​គាត់​នៅ​ពេល​កូន​ទី​បី​ចាប់ផ្តើម​មាន​ជំងឺ​ទន់​ៗ​ដូច​បងស្រី​ៗ ស្រាប់តែ​រត់​ចោល​គាត់​និង​កូន​ៗ ទៅ​តាម​ស្រី​ផ្សេង​បាត់ ទុក​ឲ្យ​គាត់​ចិញ្ចឹម​កូន​ម្នាក់ឯង​យ៉ាង​លំបាក​វេទនា ព្រោះតែ​កូន​ៗ​ពិការ មិនមែន​ជា​កូន​ធម្មតា​នោះ​ទេ គាត់​តស៊ូ​ចិញ្ចឹម​ពួក​គេ​រហូត ។
ស្ត្រី​ជា​ម្ដាយ​និយាយ​ថា ទោះបី​កូន​ធ្លាក់​ក្នុង​ស្ថានភាព​បែប​ណា​ក្ដី ក៏​មិន​អាច​បោះបង់​បាន​នោះ​ដែរ គាត់​ក៏​ចាប់ផ្តើម​ប្រក​មុខរបរ​បិទ​ស្រា និង​ចិញ្ចឹម​ជ្រូក ហើយ​លក់ដូរ​បន្តិច​ប​ន្ទួ​ច ក៏​ប៉ុន្តែ​មិនសូវ​មាន​ម៉ូយ​ទិញ​ទេ ដោយ​ផ្ទះ​របស់​គាត់​នៅ​ឆ្ងាយ​ពី​គេ គ្មាន​ផ្ទះ​អ្នកស្រុក​ច្រើន​នៅ​ក្បែរ​ឡើយ ។ក្រោយមក​ត្រូវ​បាន​អង្គការ​ជន​ពិការ​បាន​ផ្តល់​ប្រាក់​ចំនួន​២០០​ដុល្លារ តាម​រយៈ​លោក​ស្រី សំ សម្បត្តិ ប្រធាន​សមាគម​ជន​ពិការ​ស្រុក​កំពង់​រោ​ទ៌ ដើម្បី​ធ្វើ​ដើមទុន​ទិញ​អីវ៉ាន់​ចាប់ហួយ​លក់​ផ្គត់ផ្គង់​ជីវភាព ។ ហើយ​នៅ​ថ្ងៃ​ទី​១៥ ខែតុលា ឆ្នាំ​២០២០ កន្លង​មក គាត់​បាន​ដើរ​ដួល​ក៏​បាក់ដៃ​ខាងស្តាំ​មិន​អាច​ធ្វើ​អ្វី​កើត​ឡើយ ។ ស្ត្រី​ជា​ម្ដាយ​បាន​អំពាវនាវ​សូម​ឲ្យ​សប្បុរសជន​មេត្តា​ជួយ​ឧបត្ថម្ភ​ជា​ស្បៀងអាហារ អង្ករ ដើម្បី​ចិញ្ចឹម​កូន​ៗ​ផង ព្រោះតែ​ពេល​ខ្លះ​ស្ទើរតែ​ដាច់​បាយ​ហើយ ។
ស្ត្រី​ដដែល​និយាយ​ថា នៅ​សម័យ​មាន​វិបត្តិ​កូ​វី​ដ​-១៩​នេះ រាជរដ្ឋាភិបាល​បាន​ផ្តល់​ប្រាក់​ឧបត្ថម្ភ​បាន​៥​ខែ​មក​ហើយ ក្នុង​១​ខែ​ទទួល​បាន​១៩២.​០០០​រៀល និង​មានការ​ជួយ​ឧប​ត្ថម្ភ​ពី​កាកបាទក្រហមកម្ពុជា និង​អង្គការ​មនុស្សធម៌​ខ្លះ​ៗ​ដែរ ប៉ុន្តែ​គ្រាន់តែ​ជួយ​សម្រាល​ដល់​ជីវភាព​មួយ​គ្រា​ៗ​ប៉ុណ្ណោះ ។គាត់​ថា បច្ចុប្បន្ន​នេះ​កំពុង​ជួប​ការ​លំបាក​ក្នុង​ជីវភាព ហើយ​កូន​ៗ​ចង់ទៅ​រៀន តែ​រូប​គាត់​គ្មាន​លទ្ធភាព​ឲ្យ​កូន​អាយុ​១២​ឆ្នាំទៅ​រៀន និង​កូន​ធំ​ទៅ​រៀន​បន្ត​ទេ ព្រោះ​សាលា​នៅ​ឆ្ងាយ​គ្មាន​អ្នក​ណា​ជួយ​រុញ​រទេះ​គាត់​ឲ្យ​ទៅ​រៀន​ទេ ម្យា​៉​ង​ជីវភាព​ក្រីក្រ​ទៀត​សោត ពិតជា​ឧបសគ្គ​ធ្ងន់ធ្ងរ​ណាស់​ក្នុង​ការ​តស៊ូ​រស់ និង​តស៊ូ​រៀន ។
តើ​ជីវិត​ដែល​គ្មាន​ភ័ព្វវាសនា​នេះ ទៅ​អនាគត​នឹង​វិវត្តន៍​ទៅ​ជា​បែប​ណា​នោះ​ឡើយ ។ សូម​បួងសួង​ឱ្យ​គ្រួសារ​ដ៏​អភ័ព្វ​នេះ បាន​ជួប​តែ​សប្បុរសជន​ជួយ​យកអាសារ​កុំបី​អាក់ខាន​ឡើយ ៕

From: https://kohsantepheapdaily.com.kh
By: Reatrey