ព្រឹទ្ធសភា​អាមេរិក ចាប់ផ្តើម​សួរដេញដោល​បេក្ខភាព​សមាជិក​គណៈរដ្ឋមន្ត្រី​លោក បៃ​ឌិន

សហរដ្ឋអាមេរិច ៖ ព្រឹទ្ធសភា​អាមេរិក ចាប់ផ្តើម​នីតិវិធី​សួរនាំ​បេក្ខជន​សមាជិក​គណៈរដ្ឋមន្ត្រី​ដែល​ស្នើឡើង​ដោយ​លោក​បៃ​ឌិន​។ នៅ​ថ្ងៃទី​១៩ ខែមករា គណៈកម្មការ​ចំនួន​៥​ផ្សេងៗ​គ្នា​របស់​ព្រឹទ្ធសភា ចាប់ផ្តើម​សួរនាំ​បេក្ខភាព​រដ្ឋមន្ត្រី​ការពារជាតិ សន្តិសុខ​មាតុភូមិ រតនាគារជាតិ ការបរទេស និង​បេក្ខភាព​នាយក​ភ្នាក់ងារ​ចារកិច្ច​អាមេរិក​។​

ព្រឹទ្ធសភា​អាមេរិក ចាប់ផ្តើម​សួរដេញដោល​បេក្ខភាព​សមាជិក​គណៈរដ្ឋមន្ត្រី​របស់លោក ចូ បៃ​ឌិន ចំនួន​៥​នាក់​ព្រមៗ​គ្នា​នៅ​ថ្ងៃទី​១៩ ខែមករា​។ លោក Lloyd Autsin ជា​បេក្ខភាព​សម្រាប់​តំណែង​រដ្ឋមន្ត្រី​ការពារជាតិ​អាមេរិក ចូល​បំភ្លឺ​ចំពោះមុខ​គណៈកម្មការ​ការពា​រ​ជាតិ​។  ផែនការ​ក្នុងការ​រក្សា​ចំនួន​កងទ័ព​អាមេរិក​នៅ​អា​ហ្វ​ហ្កា​នី​ស្ថាន និង​ជំហរ​ទាក់ទង​ការ​គំរាម​ពី​សំណាក់​ចិន រុស្ស៊ី និង​អ៊ីរ៉ង់ ជា​អ្វីដែល​លោក​ត្រូវ​បំភ្លឺ​។ នេះ​បើ​យោងតាម​សារព័ត៌មាន​អាមេរិក​NPR​។​
​បើសិន​បានទទួល​សេចក្តីទុកចិត្ត​ពី​ព្រឹទ្ធសភា លោក Austin នឹង​ក្លាយជា​ប្រមុខ​មន្ទី​បញ្ច​កោណ​ដើមកំណើត​អាហ្វ្រិក​ដំបូងបង្អស់​។ យ៉ាងណាក្តី លោក​Austin ត្រូវ​ទទួល​ការអនុញ្ញាត​ពី​សភា​ទាំងពីរ​ថ្នាក់​ដើម្បី​កាន់តំណែង​នេះ ព្រោះ​លោក​ពុំទាន់​ចូលនិវត្តន៍​បាន​៧​ឆ្នាំ​នៅឡើយ​ទេ​។​
​ចំណែក​លោក Alejandro Mayorkas ដែលជា​បេក្ខភាព​រដ្ឋមន្ត្រី​សន្តិសុខ​មាតុភូមិ​អាមេរិក ក៏​ចូល​បំភ្លឺ​ចំពោះមុខ​គណៈកម្មការ​កិច្ចការ​រដ្ឋាភិបាល​។ លោក Mayorkas សន្យា​នឹងមិន​ឲ្យ​ហេតុការណ៍​កុបកម្ម​អុកឡុក​វិមាន​សភា​អាមេរិក កើតឡើង​នាពេល​អនាគត​ឡើយ​។ លោក​ក៏ត្រូវ​សមាជិក​ព្រឹទ្ធសភា​សួរនាំ​ជុំវិញ​បញ្ហា​អន្តោប្រវេសន៍ សំណង់​ជ​ញ្ចាំ​ង​តាម​ព្រំដែន និង​សន្តិសុខ​អ៊ីនធឺណិត​។ លោក​សង្កត់ធ្ងន់ថា ករ​សាងសង់​ជញ្ជាំង​ពុំមាន​ប្រសិទ្ធភាព​ក្នុងការ​គ្រប់គ្រង​ជនអន្តោប្រវេសន៍​ខុសច្បាប់​ឡើយ​។​
​លោក Anthony Blinken អតីត​អនុរដ្ឋមន្ត្រី​ការបរទេស ក្នុង​រដ្ឋបាល​របស់លោក បា​រ៉ា​ក់ អូ​ប៉ា​ម៉ា ចូល​ឆ្លើយ​នៅឯ​សមាជិក​គណៈកម្មការ​កិច្ចការបរទេស​។ លោក អះអាងថា អាមេរិក​ត្រូវតែ​ពិចារណា​ជាបន្ទាន់​ពី​គោលនយោបាយ​របស់ខ្លួន​ទៅកាន់​កូរ៉េខាងជើង​។ លោកស្រី Janet Yellen ដែល​លោក បៃ​ឌិន ជ្រើសតាំង​សម្រាប់​តំណែង​ជា​រដ្ឋមន្ត្រី​រតនាគារជាតិ​ក៏បាន​ចូល​បំភ្លឺ​នៅ​គណៈកម្មការ​ហិរញ្ញវត្ថុ​ព្រឹទ្ធសភា​ដែរ​។ លោកស្រី Yellen ទទូច​ឲ្យ​សភា​ទាំងពីរ​ថ្នាក់​បញ្ចេញ​សកម្មភាព​ឲ្យ​បាន​ច្រើន​ដើម្បី​ទប់​ទៅនឹង​ផលប៉ះពាល់​ដោយសារ​ជំងឺ​កូ​វីដ​-១៩​។​
​ដោយឡែក លោកស្រី Avril Haines ក៏ត្រូវ​ឡើង​ការពារ​បេក្ខភាព​របស់លោក​ស្រី​សម្រាប់​តំណែង​នាយក​ទីភ្នាក់ងារ​ចារកិច្ច​ជាតិ​។ បើ​ទទួលបាន​សេចក្តីទុកចិត្ត​ពី​ព្រឹទ្ធសភា លោកស្រី Haines នឹង​ក្លាយជា​ប្រមុខ​ទីភ្នាក់ងារ​ចារកិច្ច​ស្ត្រី​ដំបូងបង្អស់​។​
​សូមបញ្ជាក់ថា ព្រឹទ្ធសភា​អាមេរិក មាន​សិទ្ធិ​ក្នុងការ​សួរដេញដោល​បេក្ខភាព​រដ្ឋមន្ត្រី និង​សមាជិក​គណៈរដ្ឋមន្ត្រី​ដែល​ស្នើរ​ឡើង​ដោយ​ប្រធានាធិបតី មុននឹង​បោះឆ្នោត​ផ្តល់​សេចក្តីទុកចិត្ត​។ ការសួរដេញដោល​បេក្ខជន​ត្រូវធ្វើឡើង​ដោយ​គណៈកម្មការ​ជំនាញ​ព្រឹទ្ធសភា ដោយមាន​ការបោះឆ្នោត​យ​ល់​ព្រម​ក្នុង​គណៈកម្មការ​សិន មុននឹង​បញ្ជូន​ឈ្មោះ​បេក្ខជន​ទៅ​បោះឆ្នោត​ដោយ​សមាជិក​ព្រឹទ្ធសភា​ទាំងមូល​៕
From: https://thmeythmey.com
By: Reatrey