លោក ឌូ​ទើ​តេ ថា ប្រជាជន​ហ្វីលីពីន​អាច​ប្រើ​វ៉ាក់សាំង Pfizer បាន តែ​ឆ្លៀត​សរសើរ Sinovac របស់​ចិន

ហ្វីលីពីន ៖ ប្រធានាធិបតី​ហ្វីលីពីន លោក រ៉ូ​ឌ្រី​ហ្គោ ឌូ​ទើ​តេ នៅ​ថ្ងៃ​ច័ន្ទ​ទី​១៨ មករា បាន​និយាយថា លោក នឹងមិន​បញ្ឈប់​ពលរ​ដ្ឋ​ហ្វីលីពីន​ពី​ការចាក់​វ៉ាក់សាំង​កូ​វីដ​-១៩ ដែល​ត្រូវបាន​បង្កើត​ដោយ​ក្រុមហ៊ុន Pfizer និង​ក្រុមហ៊ុន​អាល្លឺម៉ង់ BioNTech នោះទេ បើទោះជា​មាន​អ្នកស្លាប់​នៅ​ន័​រវេ​ស​ក្រោយ​ចាក់​វ៉ាក់សាំង​នេះ​ក្ដី​។ ខណៈ​អនុញ្ញាតឱ្យ​ប្រជាជន​ជ្រើសរើស​វ៉ាក់សាំង លោក ឌូ​ទើ​តេ ក៏​ឆ្លៀត​សរសើរ​វ៉ាក់សាំង​របស់​ក្រុមហ៊ុន​ចិន Sinovac ។

«​សឹងតែ​គ្រប់​ប្រទេស​ដែល​នាំគ្នា​ទិញ​វ៉ាក់សាំង Pfizer ។ ហើយ​សម្រាប់​ខ្ញុំ ខ្ញុំ​គិតថា​វា​ជា​ការល្អ​ដែរ តែ​ប្រសិនបើ​អ្នក​ចង់​មាន​បទពិសោធ​ដូច​នៅ​ន័​រវេ​ស បន្តធ្វើ​ចុះ​។ មិនមាន​នរណាម​កប​ញ្ឈ​ប់​អ្នក​បានទេ​» ។  នេះ​ជាការ​លើកឡើង​របស់​ប្រធានាធិបតី​ហ្វីលីពីន រ៉ូ​ឌ្រី​ហ្គោ ឌូ​ទើ​តេ ក្នុង​សុន្ទរកថា​តាម​ទូរទស្សន៍​នៅ​យប់​ថ្ងៃទី​១៨ ខែមករា​។
​បទពិសោធ​ដូច​ន័​រវេ​ស​ដែល​លោក ឌូ​ទើ​តេ លើកឡើង​នេះ ទំនងជា​ករណី​ស្លាប់​របស់​មនុស្ស​ជាង​២០​នាក់ ដែល​ភាគច្រើន​អ្នកមាន​អាយុ​ច្រើន​ក្រោយ​ទទួល​ការចាក់​វ៉ាក់សាំង​របស់​ក្រុមហ៊ុន Pfizer រួចមក​។ ប៉ុន្តែ​ន័​រវេ​ស ប្រកាស​មិន​ផ្លាស់ប្ដូរ​ជំហរ​របស់ខ្លួន​ក្នុងការ​ប្រើប្រាស់​វ៉ាក់សាំង​របស់​ក្រុមហ៊ុន​អាមេរិក​សហការ​ជាមួយ​ក្រុមហ៊ុន​អាល្លឺម៉ង់ BioNTech ឡើយ​។
​ក្នុង​សុន្ទរកថា​ដដែល ប្រធានាធិបតី​ហ្វីលីពីន ក៏​ឆ្លៀត​ការពារ​ការសម្រេចចិត្ត​របស់​រដ្ឋាភិបាល​លោក​ដែល​សម្រេចចិត្ត​ទិញ​វ៉ាក់សាំង​ជាច្រើន​រាប់ទាំង​វ៉ាក់សាំង​ក្រុមហ៊ុន​ចិន Sinovac ផងដែរ​។ ហ្វីលីពីន គ្រោង​ចាប់ផ្ដើម​កម្មវិធី​វ៉ាក់សាំង​របស់ខ្លួន​នៅ​ខែក្រោយ ដោយមាន​ប្រជាជន​គោលដៅ​ប្រមាណ​៧០​លាន​នាក់​សម្រាប់​ឆ្នាំនេះ​។
​ខណៈ​វ៉ាក់សាំង​របស់ Sinovac មាន​ប្រសិទ្ធភាព​ទាប​ធៀប​នឹង​វ៉ាក់សាំង Pfizer លោក ឌូ​ទើ​តេ អះអាងថា វ៉ាក់សាំង​ក្រុមហ៊ុន ត្រូវបាន​ប្រើ​នៅ​ឥណ្ឌូណេស៊ី តួ​ក​គី អេ​មី​រ៉ា​ត​អារ៉ាប់​រួម និង​ប្រេ​ស៊ី​ល​ជាដើម ហើយក៏​គ្មាន​សេចក្ដីរាយការណ៍​ករណី​ស្លាប់​ដែរ​។
​ក្រៅពី​វ៉ាក់សាំង​ទាំងពីរ ហ្វីលីពីន​ក៏បាន​ធ្វើ​កិច្ចព្រមព្រៀង​ផ្គត់ផ្គង់​វ៉ាក់សាំង​ជាមួយ​ក្រុមហ៊ុន Novavax, Moderna, AstraZeneca, Johnson & Johnson, និង​វិទ្យាស្ថាន Gamaleya នៅ​រុស្ស៊ី​ផងដែរ​។  ការផ្តល់​វ៉ាក់សាំង​នៅ​ហ្វីលីពីន គឺ​មិន​តម្រូវ​ឲ្យ​បង់ប្រាក់​ទេ​៕
From: https://thmeythmey.com
By: Reatrey