លោក ​ត្រាំ​ ​ថ្លែង​សារ​ជា​លើក​ចុងក្រោយ​ ​មុន​ពេល​ចុះចេញ​ពី​តំណែង​ថា​ ​រដ្ឋបាល​របស់​លោក​បាន​កសាង​សេដ្ឋកិច្ច​ដ៏​អស្ចារ្យ​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ​ពិភពលោក

អាមេរិក​៖​ ​ប្រធានាធិបតី​អាមេរិក​ជិត​ផុត​អាណត្តិ​លោក​ ដូ​ណា​ល់ ​ត្រាំ​ ​បាន​ថ្លែងសុន្ទរកថា​លា​ជា​លើក​ចុងក្រោយ​ ​មុន​ពេល​ចុះចេញ​ពី​តំណែង​ ​នៅ​ថ្ងៃអង្គារ​នេះ​ ​ដោយ​បាន​ធ្វើការ​ជំរុញ​អោយ​មានការ​បួងសួង​ដល់​រដ្ឋបាល​ថ្មី​របស់​ប្រធានាធិបតី​ជាប់ឆ្នោត​អាមេរិក​លោក​ ចូ ​បៃ​ដិ​ន​ ​ប៉ុន្តែ​លោក​ ​ត្រាំ​ ​នៅតែ​មិនទាន់​ទទួលយក​ទាំងស្រុង​នោះ​ទេ​ ​នូវ​លទ្ធផល​នៃ​ការបោះឆ្នោត​កាលពី​ខែវិច្ឆិកា​ឆ្នាំមុន​ ​ដែល​លោក​បាន​ចាញ់​លោក​ ​បៃ​ដិ​ន​ ​។​

នៅ​ក្នុង​វីដេអូ​ថ្លែង​សារ​លា​ជា​លើក​ចុងក្រោយ​ខាងលើ​នេះ​ ​លោក​ ដូ​ណា​ល់ ​ត្រាំ​ ​បាន​និយាយ​ថា​ ​យើង​បាន​ធ្វើអ្វី​ដែល​យើង​ចូល​មក​ដើម្បី​ធ្វើ​ ​និង​អ្វីៗ​ជាច្រើន​ទៀត​… ​ខ្ញុំ​បាន​ចូលរួម​ក្នុង​សមរភូមិ​ដ៏​ស្វិតស្វាញ​ ​ដែល​ជា​ការ​ប្រយុទ្ធ​ដ៏​លំបាក​បំផុត​ ​ពីព្រោះ​នោះ​ជា​អ្វី​ដែល​អ្នក​បាន​ជ្រើសរើស​ខ្ញុំ​អោយ​ធ្វើ​ ​។​

លោក​ ដូ​ណា​ល់ ​ត្រាំ​ ​បាន​និយាយ​នៅ​ក្នុង​វីដេអូ​របស់​លោក​ទៀត​ថា​ ​អំពើ​ហិង្សា​នយោបាយ​ ​គឺជា​ការវាយប្រហារ​ទៅលើ​អ្វី​គ្រប់យ៉ាង​ដែល​យើង​ស្រឡាញ់​ក្នុងនាម​ជា​ជនជាតិ​អាមេរិក​… ​វា​មិន​អាច​អត់ឱន​បានទេ​ ​។​ ​ជុំវិញ​បញ្ហា​សេដ្ឋកិច្ច​វិញ​ ​លោក​ ​ត្រាំ​ ​បាន​និយាយ​ថា​ ​រដ្ឋបាល​របស់​លោក​បាន​កសាង​សេដ្ឋកិច្ច​ដ៏​អស្ចារ្យ​បំផុត​នៅ​ក្នុង​ប្រវត្តិសាស្ត្រ​ពិភពលោក​ ​៕