វិបត្តិៈ មានការថយចុះប្រមាណ៧៩ភាគរយ អាកាសយានដ្ឋានទាំង៣របស់កម្ពុជាមានអ្នកដំណើរ២.១លាននាក់

ភ្នំពេញ ៖ ពេញមួយឆ្នាំ២០២០កន្លងទៅនេះ អាកាសយានដ្ឋានអន្តរជាតិចំនួន៣របស់ប្រទេសកម្ពុជា បានទទួលអ្នកដំណើរចំនួន២.១៣លាននាក់ នៅក្នុងកម្មវិធីអាកាសចរណ៍ ដែលស្ថិតនៅក្នុងដំណាក់កាល នៃការរាលដាលជំងឺកូវីដ-១៩ ថយចុះប្រមាណ៧៩ភាគរយ ខណៈដែលការដឹកទំនិញមានចំនួនជិត៥ម៉ឺនតោន ធ្លាក់ចុះ៣១ភាគរយ។

តាមរយៈរបាយការណ៍រដ្ឋលេខាធិការដ្ឋាន នៃអាកាសចរណ៍ស៊ីវិល the State Secretariat of Civil Aviation (SSCA) បានបង្ហាញនៅថ្ងៃទី១៩ ខែមករា ឆ្នាំ២០២១នេះថា តួលេខនៃចំនួនអ្នកដំណើរសម្រាប់ អាកាសយានដ្ឋានអន្តរជាតិទាំង៣ របស់កម្ពុជាមានការធ្លាក់ចុះគួរឱ្យកត់សម្គាល់ គឺអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ទទួលបានអ្នកដំណើរតាមផ្លូវអាកាស បានចំនួន១,៣០លាននាក់ ធ្លាក់ចុះ៧៦ភាគរយបើធៀបនឹងចំនួនភ្ញៀវទេសចរមកដល់៥.៤៩លាននាក់នៅឆ្នាំ២០១៩។

អាកាសយានដ្ឋានអន្តរជាតិសៀមរាប បានដឹកអ្នកដំណើរចំនួន៦១៨,៦៦៣នាក់ធ្លាក់ចុះ៨៣ភាគរយ បើប្រៀបធៀបនឹងចំនួនភ្ញៀវចុះចតចំនួន៣.៥៧លាននាក់ ក្នុងឆ្នាំ២០១៩។ ខណៈអាកាសយានដ្ឋានអន្តរជាតិ ក្រុងព្រះសីហនុបានស្វាគមន៍អ្នកដំណើរត្រឹមចំនួន២១៤, ៩៦៩ នាក់ ធ្លាក់ចុះ៨៦ភាគរយ ធៀបនឹងឆ្នាំ២០១៩។

ដោយឡែកសម្រាប់ការដឹកទំនិញ តាមរយៈជើងហោះហើរនៅអាកាសយានដ្ឋានទាំង៣មានចំនួន៤៩,៩៨៣តោន ធ្លាក់ចុះប្រមាណ៣១ភាគយរយ ដោយសកម្មភាពនៃចរាចរណ៍ទំនិញភាគច្រើន ធ្វើឡើងនៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ៕
From: https://www.propertyarea.asia
By: Reatrey