ហេដ្ឋារចនាសម្ព័ន្ធ និងផ្លូវថ្មីចំនួន២ខ្សែទៀតកំពុងត្រូវបានសិក្សា និងត្រៀមសាងសង់នៅក្នុងតំបន់រមណីយដ្ឋានអង្គរ

ខេត្តសៀមរាប ៖ គម្រោងសាងសង់ហេដ្ឋារចនាសម្ព័ន្ធរួមជាមួយនឹងផ្លូវថ្មីមួយចំនួនទៀតនៅក្នុតំបន់រមណីយដ្ឋានអង្គរ ខេត្តសៀមរាប កំពុងត្រូវបានសិក្សាលម្អិតពីស្ថានភាពនៃទីតាំង រួមជាមួយដំណោះស្រាយនានាដើម្បីអភិរក្ស និងឈានទៅរកកិច្ចអភិវឌ្ឍន៍បន្ថែមនៅក្នុងតំបន់សម្រាប់បង្កើនសោភ័ណភាព និងជាភាពទាក់ទាញទេសចរបន្ថែមទៀត។

លោកហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរាបានប្រាប់ឱ្យដឹងនៅព្រឹកថ្ងៃទី២០ ខែមករា ឆ្នាំ២០២១ថា ពេលនេះមន្ត្រីជំនាញបានចុះទៅត្រួតពិនិត្យទីតាំងមួយចំនួននៅក្នុងតំបន់រមណីយដ្ឋានអង្គរ ដើម្បីផ្តល់យោបល់បច្ចេកទេស និងដំណោះស្រាយនានាសម្រាប់កិច្ចការអភិរក្ស និងអភិវឌ្ឍន៍បន្ថែមនូវហេដ្ឋារចនាសម្ព័ន្ធ រួមជាមួយផ្លូវថ្នល់មួយចំនួនទៀត ដើម្បីធ្វើយ៉ាងណាអាចបង្កើនសោភ័ណភាព សណ្តាប់ធ្នាប់កាន់តែល្អប្រសើរ។

លោកបញ្ជាក់ថា មន្ត្រីជំនាញបានចុះពិនិត្យទីតាំងខាងកើតខ្លោងទ្វារជ័យ ដើម្បីរកទីតាំងសាងសង់ទីចំណតថ្មី ចៀសវាងកុំឱ្យរថយន្តដឹកភ្ញៀវទេសចរ ចតនៅមុខប្រាសាទចៅសាយទេវតា និងខាងកើតខ្លោងទ្វារជ័យ។ ក្នុងនោះក៏បានពិភាក្សាលើការបង្កើតផ្លូវថ្មី ដើម្បីឱ្យភ្ញៀវទេសចរអាចដើរកម្សាន្តមកកាន់រហាត់ទឹកនៅក្នុងសួនបណ្តុះកូនឈើ ស្ពានថ្មប្រាសាទតាកែវ ប្រាសាទចៅសាយទេវតា និងប្រាសាទធម្មនន្ទ បានងាយស្រួល។ បន្ថែមពីនេះក៏ពិនិត្យមើលពីលទ្ធភាពបង្កើតផ្លូវដើរ ឬផ្លូវកង់ចេញពីខ្លោងទ្វារជ័យទៅខ្លោងទ្វារខ្មោច និងទីតាំងចំណតនៅក្នុងក្រុងអង្គរធំ ដើម្បីពង្រីកហេដ្ឋារចនាសម្ព័ន្ធចំណតរថយន្តសម្រាប់បម្រើឱ្យវិស័យទេសចរណ៍ផងដែរ។ ដោយឡែក នៅជ្រុងខាងត្បូងឆៀងខាងលិចប្រាសាទបាយ័ន្ត ត្រូវរៀបចំប្រព័ន្ធរំដោះទឹកចេញ ដើម្បីសោភ័ណភាព និងបញ្ចៀសផលប៉ះពាល់ផ្សេងៗដល់ប្រាសាទ។

សម្រាប់គម្រោងសាងសង់ផ្លូវថ្មីសម្រាប់ថ្មើរជើង និងជិះកង់ នៅមិនទាន់បានលម្អិតពីទំហំ ប្រវែង និងខ្ទង់ចំណាយ រួមជាមួយនឹងរយៈពេលសាងសង់នៅឡើយ ដោយសារការសិក្សានៅមិនទាន់បានបញ្ចប់នៅឡើយ ប៉ុន្តែអាចនឹងបង្ហាញទិន្នន័យបឋមនៅក្នុងពេលឆាប់ៗខាងមុខនេះ៕
From: https://www.propertyarea.asia
By: Reatrey