តោះមកស្វែងយល់ពីជីវប្រវត្តិរបស់ប្រធានាធិបតីអាមេរិកទី៤៦ លោក Joe Biden

វ៉ាស៊ីនតោន ៖ នៅទីបំផុតលោក Joe Biden ត្រូវបានស្បថចូលកាន់តំណែងជាប្រធានាធិបតីទី៤៦ របស់សហរដ្ឋអាមេរិកផ្លូវការហើយ នៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២១នេះ បន្ទាប់ពីទទួលបានជោគជ័យលើការបោះឆ្នោតជាមួយលោក ដូណាល់ ត្រាំ។ តើលោក បៃដិន ប្រធានាធិបតីអាមេរិកទី៤៦ ជានរណា? ខាងក្រោមនេះគឺជាការរៀបរាប់ពីប្រវត្តិត្រួសៗរបស់លោក៖

* ប្រវត្តិរូប
លោក ចូ បៃដិន ឬមានឈ្មោះពេញថា Joseph Robinette Biden Jnr កើតនៅថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ១៩៤២។ លោកធំដឹងក្ដីក្នុងទីក្រុង Scranton រដ្ឋ Pennsylvania និងមានគ្រួសារជាអ្នកកាន់សាសនាគ្រឹស្ដនិកាយកាតូលិក។ ឪពុករបស់លោកគឺជាអ្នកលក់ឡានម្នាក់។ ប៉ុន្តែនៅពេល ទីក្រុង Scranton ត្រូវហែលឆ្លងពេលវេលាដ៏លំបាក មួយក្នុងទសវត្សរឆ្នាំ១៩៥០ គាត់បានបាត់ការងារ ហើយបានរើផ្ទះទៅរស់នៅក្នុងរដ្ឋក្បែរខាងគឺរដ្ឋ Delaware នៅពេលលោក បៃដិន មានអាយុ១០ឆ្នាំ។ លោក បៃដិន បានបញ្ចប់ការសិក្សានៅឯសាកលវិទ្យាល័យ University of Delaware និងសាកលវិទ្យាល័យច្បាប់ Syracuse University។
* គ្រួសារ
ក្នុងឆ្នាំ១៩៧២ លោក បៃដិន បានជួបភាពសោកសៅបំផុតក្នុងជីវិត គឺភរិយាដំបូងរបស់លោក ឈ្មោះ Nellia និងកូនស្រីអាយុមួយឆ្នាំម្នាក់ឈ្មោះ Naomi បានស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍ ខណៈពួកគេធ្វើដំណើរទៅកាន់ផ្សារទំនើបក្នុងពិធីបុណ្យណូអែល។ លោក បៃដិន បានក្លាយជាបុរសពោះម៉ាយ ដែលត្រូវចិញ្ចឹមកូនប្រុសពីរនាក់ ដែលរងរបួសក្នុងគ្រោះថ្នាក់ចរាចរណ៍នោះដែរ។
កូនប្រុសទាំង២របស់លោកបៃដិន បានជាសះស្បើយពីរបួស ហើយកូនប្រុសរបស់លោកម្នាក់ឈ្មោះ Beau បានដើរតាមរូបលោក ដោយប្រឡូកចូលឆាកនយោបាយ និងបានក្លាយជាអគ្គរដ្ឋអាជ្ញាម្នាក់នៃរដ្ឋ Delaware។ ក៏ប៉ុន្តែអ្នកនយោបាយប្រជាធិបតេយ្យដែលទើបតែរះថ្មីរូបនេះ បានស្លាប់ដោយសារជំងឺមហារីកខួរក្បាល នៅឆ្នាំ២០១៥ ក្នុងអាយុ៤៦ឆ្នាំ។
លោក បៃដិន បានជួបប្រពន្ធទី២របស់សព្វថៃ្ង គឺលោកស្រី Jill Jacobs ដែលជាគ្រូបង្រៀនម្នាក់ នៅឆ្នាំ១៩៧៥ ហើយអ្នកទាំង២បានរៀបការនៅពីរឆ្នាំបន្ទាប់។ លោកស្រី Jill កំពុងស្ថិតក្នុងនិតិវិធីលែងលះជាមួយប្ដីដំបូង នៅពេលលោកស្រី ស្គាល់លោក បៃដិន។ អ្នកទាំង២ បានរៀបការនឹងគ្នាក្នុងឆ្នាំ១៩៧៧ ហើយលោកស្រីបានក្លាយជា ម្ដាយរបស់ Hunter និង Beau។ លោក បៃដិន និងលោកស្រី Jill ក៏មានកូនស្រីម្នាក់ផងដែរឈ្មោះ Ashley កើតនៅឆ្នាំ១៩៨១។
* ទ្រព្យសម្បត្តិ
លោក បៃដិន ត្រូវបានគេស្គាល់ថាជាអ្នកមានជីវភាពមធ្យម ប៉ុន្តែតាមពិតបច្ចុប្បន្នលោកក៏ជាសេដ្ឋីម្នាក់ដែរ។ មួយរយៈពេលដែលលោកឈប់ធ្វើជាអនុប្រធានាធិបតី ប្រាក់ចំណូលរបស់លោកបានកើនឡើងជាលំដាប់ ហើយបើតាមឯកសារហិរញ្ញវត្ថុឆ្នាំ២០១៩ លោក បៃដិន និងលោកស្រី Jill Biden មានទ្រព្យច្រើនជាង១៥លានដុល្លារ។ ក្នុងឆ្នាំដដែលនេះ ទស្សនាវដ្ដី Forbes ក៏បានរាយការណ៍ដែរថាទ្រព្យរបស់លោក បៃដិន ក្នុងនោះរួមទាំងផ្ទះ២ខ្នងក្នុងរដ្ឋ Delaware មានតម្លៃប្រហែល៤លានដុល្លារ បូកបន្ថែមទាំងប្រាក់ វិនិយោគ៤លានដុល្លារ និងប្រាក់សាធនិវត្តច្រើនជាង១លានដុល្លារ។
* សុខភាព
បច្ចុប្បន្ន លោក ចូ បៃដិន មានអាយុ៧៨ឆ្នាំហើយ។ លោក បៃដិន បានក្លាយជាប្រធានាធិបតីមានវ័យចំណាស់ជាងគេបំផុត នៅក្នុងប្រវត្តិសាស្ត្រអាមេរិក។ បើតាមរបាយការណ៍វាយតម្លៃរបស់លោកវេជ្ជបណ្ឌិត Kevin O’Connor កាលពីចុងឆ្នាំ២០១៩ លោក បៃដិន ទោះបីជាមានអាយុ៧៨ឆ្នាំ តែលោកមានសុខភាពល្អអាចកាន់តំណែង និងបំពេញតួនាទីជាប្រធានាធិបតីបាន។ របាយការណ៍ដដែលក៏បានឱ្យដឹងដែរថា លោក បៃដិន មាន កម្ពស់១៨១សង់ទីម៉ែត្រ ទម្ងន់៨០គីឡូក្រាម និងមានសន្ទសន៍ម៉ាសរាងកាយ Body Mass Index (BMI) ២៤.៣៨។ លោក បៃដិន មានសម្ពាធឈាម ១២៨/៦៤ ហើយដូចលោក ត្រាំ ដែរ លោក បៃដិន មិនជក់បារី ឬផឹកស្រានោះទេ។
* នយោបាយ
លោក បៃដិន បានឈានជើងចូលឆាកនយោបាយ នៅអាយុត្រឹម២៩ឆ្នាំតែប៉ុណ្ណោះ ជាមួយការបង្កភាពភ្ញាក់ផ្អើលដោយជាប់ឆ្នោតជាសមាជិកព្រឹទ្ធសភានៃរដ្ឋ Delaware ក្នុងឆ្នាំ១៩៧២។ លោកគឺជាសមាជិកព្រឹទ្ធសភាក្មេងជាងគេបំផុតនៅសហរដ្ឋអាមេរិកនៅពេលនោះ។ លោកធ្វើជាសមាជិកព្រឹទ្ធសភាអស់រយៈពេលច្រើនជាង៣០ឆ្នាំ ហើយតមកទៀត លោកបានចំណាយពេល៨ឆ្នាំ ឬពីរអាណត្តិ ដោយកាន់តំណែងជាអនុប្រធានាធិបតី ក្រោមរដ្ឋបាលដឹកនាំដោយអតីតប្រធានាធិបតីអាមេរិក លោក បារ៉ាក់ អូបាម៉ា។
ផ្ទុយពីលោក ត្រាំ លោក បៃដិន ធ្លាប់បានប្រកាសថា លោកនឹងស្ដារមុខមាត់របស់សហរដ្ឋអាមេរិក ដោយឈរលើគុណតម្លៃប្រជាធិបតេយ្យ និងភាពជាអំណាចរបស់អាមេរិក នៅលើឆាកអន្តរជាតិ៕
From: FN
By: Reatrey