ពលករខ្មែរដែលលួចឆ្លងដែន ប្រាប់សមត្ថកិច្ចខេត្តចន្ទ័ បុរី ថាថៅកែថៃទាក់ទងឲ្យត្រឡប់មកធ្វើការ ដោយចំណាយលុយឲ្យមេខ្យល់ក្នុងម្នាក់៣៥០០បាត

ពលករខ្មែរដែលលួចចូលថៃ តាមព្រំដែនខេត្តចន្ទ័ បុរី ដែលមានថៅកែថៃទាក់ទងឲ្យត្រឡប់ទៅធ្វើការ ទាំងវិស័យសំណង់ និងរោងចក្រនៅខេត្តឈុន បុរី រ៉ះយ៉ង និងសមុទ្រ ប្រាកាន ចុងក្រោយ អង្គភាពទាហានឈុតខ្មៅទី២ ស្កាត់ចាប់បាន៣៣នាក់ ព្រមទាំងបណ្ដេញត្រឡប់ទៅប្រទេសវិញ។

កាលពីថ្ងៃទី២០ ខែមករា អង្គភាពទាហានប្រាណទី២ បានឃុំខ្លួនពលករខ្មែរចំនួន៣៣នាក់ ដែលលួចចូលប្រទេសដោយខុសច្បាប់ នៅបរិវេណចំការអំពៅ រវាងភូមិ សួន សាំ និងភូមិ សាប់ តារី ស្រុកសប ដាវ ស្រុក ខេត្តចន្ទ័ បុរី ។ដោយឡែកមេខ្យល់ជនជាតិខ្មែរ បានរត់ត្រឡប់ចូលទៅទឹកដីខ្មែរវិញ។ ជំហ៊ានដំបូងសមត្ថកិច្ច បានទាក់ទងទៅនគរបាលការពារព្រំដែន អោយតាមប្រម៉ាញ់ចាប់ខ្លួន រហូតអាចចាប់ខ្លួនមេខ្យល់បាន នៅខាងកម្ពុជា។ បន្ទាប់សួរនាំ បានឲ្យដឹងថា ពលករដែលត្រូវចាប់ឃុំខ្លួនទាំងអស់ ធ្វើដំណើរមកពីខេត្តមួយចំនួនរបស់កម្ពុជា ហើយមូលហេតុដែលលួចចូលមកថៃដោយខុសច្បាប់ ព្រោះបានទទួលការទាក់ទងពីថៅកែខាងថៃ អោយធ្វើដំណើរត្រឡប់មកធ្វើការ ដោយនឹងមានអ្នកនាំផ្លូវ ទាំងជនជាតិខ្មែរ និងជនជាតិថៃ ដើរឆ្លងអូរតាមច្រករបៀង។

នៅពេលដែលលួចចូលថៃបានហើយ ក៏នឹងមានរថយន្តមកទទួល និងដឹកទៅកន្លែងធ្វើការ ដែលភាគច្រើនជាតំបន់សាងសង់ និងតាមរោងចក្រ នៅខេត្តផ្សេងៗ ទាំងឈុន បុរី រ៉ះ យ៉ង និងសមុទ្រ ប្រាកាន។ល។ ដោយអ្នកទាំងអស់ត្រូវចំណាយលុយឲ្យមេខ្យល់ ក្នុងម្នាក់៣៥០០បាត និងចំណាយលុយនៅពេលទៅដល់ពាក់កណ្ដាលផ្លូវ។ ក្រោយពីសួរចម្លើយ សមត្ថកិច្ចនគបាលអន្តោប្រវេសន៍ខេត្តចន្ទ័ បុរី ប្រចាំច្រកបន្ធូរបន្ថយខាងពាណិជ្ជកម្មភូមិ សួន សាំ បានទាក់ទងទៅសមត្ថកិច្ចនគបាលអន្តោប្រវេសន៍កម្ពុជា ដើម្បីបណ្ដេញពលករដែលត្រូវចាប់ខ្លួន អោយត្រឡប់ទៅប្រទេសកម្ពុជាវិញ៕