សម្ពន្ធមិត្ត​អាមេរិក​សាទរ​លោក បៃ​ឌិន ហើយ​ប្ដេជ្ញាចិត្ត​ត្រៀម​ធ្វើការ​ជាមួយគ្នា

វ៉ាស៊ីនតោន ៖ នៅ​ថ្ងៃទី​២០ ខែមករា លោក​ចូ បៃ​ឌិន ក្លាយជា​ប្រធានាធិបតី​ទី​៤៦ ចំណែក​លោកស្រី កា​ម៉ា​ឡា ហារី​ស ក្លាយជា​អនុ​ប្រធានាធិបតី​ទី​៤៩​របស់​អាមេរិក​។ ភ្លាមៗ​ក្រោយ​ពិធី​ស្បថ​ចូលកាន់​តំណែង​បាន​បញ្ចប់ទៅ ថ្នាក់ដឹកនាំ​ពិភពលោក​ជាពិសេស​សម្ព័ន្ធមិត្ត​អឺរ៉ុប និង​អាស៊ី បានចេញ​សារ​សាទរ​ការឡើង​កាន់តំណែង​នេះ​។

ក្នុង​សុន្ទរកថា​នៅ​ចំពោះមុខ​សភា​សហភាព​អឺរ៉ុប នៅ​ថ្ងៃទី​២០ មករា លោកស្រី អឺ​ស៊ុ​ឡា វ៉ុ​ន ដឺ លៃ​អេ​ន ប្រធាន​គណៈកម្មការ​អឺរ៉ុប អះអាងថា ទន្ទឹងរង់ចាំ​ធ្វើការ​ជាមួយ​លោក​ប្រធានាធិបតី​អាមេរិក​។ លោកស្រី​ដឺ លៃ​អេ​ន និយាយថា ក្រោយពេល​ជាង​៤​ឆ្នាំ ទីបំផុត​សហភាព​អឺរ៉ុប​ក៏មាន​មិត្ត​ដែលជា​អ្នកគ្រប់គ្រង​សេត​វិមាន​។
​តា​យ​រយៈ​បណ្តាញ​សង្គម Twitter លោក​ប្រធានាធិបតី​បារាំង អេ​ម៉ា​នុយ​អែល ម៉ា​ក្រុង ជូនពរ​លោក​បៃ​ឌិន និង​លោកស្រី​ហារី​ស​ក្នុង​ថ្ងៃ​ស្បថ​កាន់តំណែង​ដ៏​សំខាន់​នេះ​។ ប្រមុខរដ្ឋ​បារាំង​អះអាងថា បារាំង និង​អាមេរិក នឹង​ខ្លាំងក្លា​ជាង​មុន​ក្នុងការ​ដោះស្រាយ​បញ្ហា​ប្រឈម កសាង​អនាគត​ដ៏​រឹងមាំ​មួយ និង​ការការពារ​ផែនដី​។ លោក ម៉ា​ក្រុង ក៏​ស្វាគមន៍​អាមេរិក​ចំពោះ​ការចូលរួម​ជាថ្មី ក្នុង​កិច្ចព្រមព្រៀង​អាកាសធាតុ​ក្រុងប៉ារីស​។​
​លោក Steffen Seiber អ្នកនាំពាក្យ​រដ្ឋាភិបាល​អាល្លឺម៉ង់​សរសេរ​លើ Twitter ថា លោកស្រី​អធិការបតី អែន​ជេ​ឡា មើ​គែល សូម​អបអរសាទរ​ការឡើង​កាន់តំណែង​របស់លោក បៃ​ឌិន និង​លោកស្រី ហារី​ស ដោយ​ចាត់ទុកជា​ប្រជាធិបតេយ្យ​អាមេរិក​ដ៏​ពិតប្រាកដ​។ លោកស្រី មើ​គែល ទន្ទឹង​ចាំ​បើក​ទំព័រ​ថ្មី​នៃ​កិច្ចសហប្រតិបត្តិការ និង​មិត្តភាព​រវាង​ប្រទេស​ទាំងពីរ​។​
​មិន​សុខ​អ្វី​ពី​សម​ភាគី​តំបន់​អឺរ៉ុប​ឯទៀត លោក បូរី​ស ច​ន​សុន នាយករដ្ឋមន្ត្រី​អង់គ្លេស​ចាត់ទុក​ការ​កាន់តំណែង​របស់លោក​ស្រី​ហារី​ស​ក្នុងនាម​អនុ​ប្រធានាធិបតី​ស្ត្រី​ដំបូងបង្អស់​ជា​រឿង​ប្រវត្តិសាស្ត្រ​។ លោក ច​ន​សុន មិន​ភ្លេច​លើកឡើង​ឡើយ​ពី​សារសំខាន់​នៃ​នាទី​របស់​អាមេរិក​ក្នុង​ដោះស្រាយ​បញ្ហា​អន្តរជាតិ​រាប់​ចាប់តាំងពី​បម្រែបម្រួល​អាកាសធាតុ រហូតដល់​ជំងឺឆ្លង​កូ​វីដ​-១៩ ។
​កាណាដា ដែលមាន​ភូមិ​ផង​របង​ជាង​មួយ​អាមេរិក ក៏​មិន​ភ្លេច​សាទរ​លោក បៃ​ឌិន ដែរ​។ លោកនាយក​រដ្ឋមន្ត្រី ចា​ស្ទី​ន ទ្រូ​ដូ សាទរ​ការ​កាន់តំណែង​របស់លោក បៃ​ឌិន ហើយ​និយាយថា កាណាដា​នឹង​បន្ត​ភាពជា​ដៃគូ​ជាមួយ​អាមេរិក ដោយ​រួមគ្នា​ដោះស្រាយ​បញ្ហា​ប្រឈម​។ ក្នុង​សេចក្តីថ្លែងការណ៍​របស់​លោក​ទ្រូ​ដូ លោក​បញ្ជាក់ថា កាណាដា​នឹងធ្វើ​ការ​ជាមួយ​រដ្ឋបាល និង​សភា​អាមេរិក​ដើម្បី​ឲ្យ​ប្រទេស​ទាំងពីរ​មាន​សុវត្ថិភាព វិបុលភាព និង​រឹងមាំ​ជាង​មុន​។​
​កូរ៉េខាងត្បូង ដែលជា​សម្ព័ន្ធមិត្ត​អាមេរិក​នៅ​អាស៊ី ក៏​សាទរ​រដ្ឋបាល​ថ្មី​របស់លោក បៃ​ឌិន ដែរ​។ លោក មូ​ន ចេ​អ៊ី​ន ប្រធានាធិបតី​កូរ៉េខាងត្បូង អះអាងថា អាមេរិក​ដែលមាន​លោក បៃ​ឌិន ជា​ប្រធានាធិបតី នឹង​ត្រឡប់មកវិញ​ជាមួយ​ប្រជាធិបតេយ្យ​កាន់តែ​រឹងមាំ​ឡើង​។ លោក​បញ្ជាក់​ពី​ការបន្ត​កិច្ចសហប្រតិបត្តិការ​ជាមួយ​អាមេរិក​ក្នុងការ​ដោះស្រាយ​បញ្ហា​សាកល​ដូចជា​សុខភាព​សាធារណៈ សន្តិសុខ និង​បម្រែបម្រួល​អាកាសធាតុ​។
​ក្នុង​សារ​អបអរ នាយករដ្ឋមន្ត្រី​ជប៉ុន លោក ស៊ូ​ហ្កា យូ​ស៊ី​ហ៊ី​ដេ អះអាងថា ប្រទេស​ទាំងពីរ​ជា​សម្ព័ន្ធមិត្ត​នៅ​ជាមួយគ្នា​ដោយ​ចំណង និង​គុណ​តម្លៃ​ជា​សាកល​។ នាយករដ្ឋមន្ត្រី​ជប៉ុន ក៏​មិន​ភ្លេច​ឡើយ​ពី​ការធ្វើការ​រួមគ្នា​ជាមួយ​អាមេរិក ក្នុង​ការពង្រឹង​សម្ព័ន្ធភាព និង​សម្រេច​ឲ្យ​បាន​គោលនយោបាយ​ឥណ្ឌូ​ប៉ាស៊ីហ្វិក​សេរី និង​បើកចំហ​។​
​ចំណែក​នាយករដ្ឋមន្ត្រី​ឥណ្ឌា ន​រិ​ន្ទ្រា ម៉ូ​ឌី អះអាងថា​ឥណ្ឌា និង​ធ្វើការ​ជាមួយ​រដ្ឋបាល​របស់លោក បៃ​ឌិន ដើម្បីឱ្យ​ទំនាក់ទំនង​របស់​ប្រទេស​ទាំងពីរ​មាន​ភាពរស់រវើក​ជាង​មុន​។ លោក​អះអាងថា ភាពជា​ដៃគូ រវាង​ប្រទេស​ទាំងពីរ​នឹង​នាំ​ផលប្រយោជន៍​មកកាន់​ផែនដី​។​
​នាយករដ្ឋមន្ត្រី​សិង្ហ​បុរី លី សៀន​ឡុង សង្ឃឹមថា​អាមេរិក​ក្រោម​រដ្ឋបាល​របស់លោក​ត្រាំ និង​ចូលរួម​កាន់តែ​ច្រើនជាង​មុន​ក្នុង​តំបន់​អាស៊ីអាគ្នេយ៍​។ ក្នុង​សេចក្តីថ្លែងការណ៍​របស់​ខ្លួន លោក លី លើកឡើងថា សិង្ហ​បុរី​នឹង​ធ្វើការ​ជាមួយ​អាមេរិក​ដើម្បី​ពង្រឹង​ការចូលរួម​របស់​អាមេរិក​នៅ​អាស៊ី ក៏ដូចជា​ក្នុង​សមាគម​ប្រជាជាតិ​អាស៊ីអាគ្នេយ៍​៕
From: https://thmeythmey.com
By: Reatrey