ស្ថានីយប្រេងឥន្ធន ០៦ទីតាំង ស្ថិតក្នុងខេត្តកណ្តាល ត្រូវបានមន្រ្តីសាខា ក.ប.ប. ខេត្តក រកឃើញមានភាពមិនប្រក្រតី

(ខេត្តកណ្តាល)៖ នៅថ្ងៃពុធ ៧កើត ខែមាឃ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២០ ខែមករា ឆ្នាំ២០២១ មន្រ្តីសាខា ក.ប.ប. ខេត្តកណ្តាល ដោយមានការសហការពី មន្ត្រីមន្ទីរពាណិជ្ជកម្មខេត្ត បាននាំយករថយន្តពិសោធន៍ចល័ត ផ្នែកប្រេងឥន្ធនៈ ចុះត្រួតពិនិត្យបណ្តាស្ថានីយ/ដេប៉ូចែកចាយប្រេងឥន្ធនៈចំនួន ០៦ ទីតាំង នៅក្នុងខេត្តកណ្តាល។ ក្នុងការត្រួតពិនិត្យនេះ មន្ត្រីជំនាញបានធ្វើការវិភាគលើកម្រិតសន្ទស្សន៍អុកតានរបស់ប្រេងសាំង, សេតានរបស់ប្រេងម៉ាស៊ូត និងត្រួតពិនិត្យលើរង្វាស់រង្វាល់របស់បណ្តាស្ថានីយ/ដេប៉ូចែកចាយ ទាំង ០៦ ផងដែរ។

លទ្ធផលនៃការត្រួតពិនិត្យ មន្រ្តីជំនាញបានរកឃើញស្ថានីយ/ដេប៉ូចែកចាយប្រេងឥន្ធនៈ៖

-ស្ថានីយ/ដេប៉ូ ចំនួន ០៤ ទីតាំង មិនមានអនុលោមភាពទាំងផ្នែកគុណភាព និងបរិមាណ។

-ស្ថានីយ/ដេប៉ូ ចំនួន ០១ ទីតាំង មិនមានអនុលោមភាពផ្នែកបរិមាណ។

-ស្ថានីយ/ដេប៉ូ ចំនួន ០១ ទីតាំង មិនមានអនុលោមភាពទាំងផ្នែកគុណភាព។

ដោយសារនេះជាការរកឃើញលើកទី ១ មន្រ្តីជំនាញបានឱ្យម្ចាស់ស្ថានីយ/ដេប៉ូខាងលើ ធ្វើកិច្ចសន្យាកែតម្រូវភាពមិនអនុលោមខាងលើ ។ បើមន្រ្តីសាខា ក.ប.ប. ខេត្តកណ្តាល រកឃើញកំហុសលើកទី ២ មន្រ្តីជំនាញ នឹងកសាងសំណុំរឿងបញ្ជូនទៅតុលាការ៕