អជ្ញាធរក្រុងតាខ្មៅមានវិធានការតឹងរុឹងចំពោះដេប៉ូខ្សាច់

ខេត្តកណ្តាល៖ ដេប៉ូខ្សាច់ទាំង ១៨ ក្នុងភូមិសាស្ត្រក្រុងតាខ្មៅ ខេត្តកណ្ដាល ត្រូវបាន លោក នូ សុវណ្ណារ៉ា អភិបាលក្រុងតាខ្មៅ ហៅមកណែនាំចំពោះការដឹកជញ្ជូន ដីខ្សាច់ មិនត្រឹមត្រូវតាមលក្ខណៈបច្ចេកទេស និងការដឹកជញ្ជូនលើសទម្ងន់កំណត់ នៅព្រឹកថ្ងៃទី២១ ខែមករា ឆ្នាំ២០២១ ។

លោក អភិបាលក្រុងតាខ្មៅបានឱ្យដឹងថា មានរថយន្តដឹកដីខ្សាច់ជាច្រើនគ្រឿង បានដឹកខ្សាច់ពេញៗរថយន្ត ដោយមានរថយន្តខ្លះមិនបានយកកៅស៊ូតង់គ្របឲ្យបានត្រឹមត្រូវ និងដាក់ខ្សាច់ហៀរ និងបានជ្រុះរប៉ាត់រប៉ាយលើផ្លូវតែម្តង ដែលបង្កឱ្យមានដីខ្សាច់ហុយទ្រលោមមកតាមដងផ្លូវ ហើយប្រជាពលរដ្ឋដែលរងការប៉ះពាល់ក៏បានសំណូមពរដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់មេត្តាមានវិធានការណែនាំដល់ម្ចាស់ដេប៉ូខ្សាច់មួយនេះផង ។ ប្រជាពលរដ្ឋមានការខឹងទៅនិងដេប៉ូខ្សាច់ ហើយពេលខ្លះថ្ងៃក្ដៅដីហុយទ្រលោម ពិបាកដកដង្ហើមខ្លាំងណាស់ និងថ្លង់សំឡេងគ្រឿងចក្រទាំងយប់ទាំងថ្ងៃផងដែរ ។

លោកបន្តថាកន្លងមកក៏មានគ្រោះថ្នាក់ចរាចរណ៏ដែលបណ្ដាលមកពីខ្សាច់ហៀរ និងបានជ្រុះរប៉ាត់រប៉ាយលើផ្លូវ លោកអភិបាលក្រុងបានធ្វើការណែនាំដល់អាជីករ ទាំងអស់អោយធ្វើការសម្អាតរថយន្ត ដឹកខ្សាច់ មុននិងដឹកចេញពីដេប៉ូរៀងៗខ្លួនហើយលោកក៏បានចាត់វិធានការខ្លះចំពោះរថយន្តដឹកខ្សាច់ណាដែលមិនត្រឹមត្រូវតាមលក្ខណៈបច្ចេកទេស មិនបានយកកៅស៊ូតង់គ្របឲ្យបានត្រឹមត្រូវ និងដាក់ខ្សាច់ហៀរ និងស្រក់ទឹកមកលើផ្លូវ ការដឹកជញ្ជូនលើសទម្ងន់កំណត់ ក្នុងភូមិសាស្ត្រក្រុងតាខ្មៅ ខេត្តកណ្ដាល លោកនឹងធ្វើការឃាត់រថយន្តទុក និងផាកពិន័យក្នុងមួយរថយន្ត ៣០០.០០០៛ ផងដែរ។

លោក នូ សុវណ្ណារ៉ា អភិបាលក្រុងតាខ្មៅ ក៏បានធ្វើការស្នើដល់ម្ចាស់ដេប៉ូទាំង១៨ ក្នុងភូមិសាស្ត្រក្រុងតាខ្មៅ ដើម្បីចូលជាថវិការខ្លះសម្រាប់ទិញរថយន្តបាញ់ទឹកលាងផ្លូវ សម្រាប់ប្រជាពលរដ្ឋទាំងអស់ក្នុងក្រុងតាខ្មៅបានធ្វើដំណើរប្រកបដោយសុវត្តិភាពនិងផាសុខភាព៕