ឥណ្ឌាបង្ហាញគម្រោងជំនួយនិងវិនិយោគជាច្រើននៅកម្ពុជា

ក្នុងឱកាសចូលជួបសម្តែងការគួរសមជាមួយ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា លោកជំទាវបណ្ឌិត ដេវីយ៉ានី ឧត្តាំ ខូប្រាហ្គាដ (H.E. Mrs. Devyani Uttam Khobragade) ឯកអគ្គរដ្ឋទូត ដែលទើបតែងតាំងថ្មី នៃសាធារណរដ្ឋឥណ្ឌា ប្រចំានៅព្រះរាជាណាចក្រកម្ពុជា បានជម្រាបសម្តេចពីគម្រោងជំនួយនិងការវិយោគជាច្រើន របស់ប្រទេសឥណ្ឌាមកកម្ពុជា។ ពិសេសលោកជំទាវ បានប្តេជ្ញាចិត្តនៅក្នុងការពង្រឹងពង្រីកចំណងមិត្តភាព កិច្ចសហប្រតិបត្តិការជាប្រពៃណី ដែលមានតំាងពីយូរលុងណាស់មកហើយ រវាងប្រទេសទំាងពីរឱ្យកាន់តែរឹងមាំថែមទៀតទំាងនៅស្ថាប័ននីតិប្បញ្ញត្តិ និងនីតិប្រតិបត្តិ។

នៅក្នុងជំនួបសវនាការ នាព្រឹកថ្ងៃទី២០ ខែមករា ឆ្នាំ២០២១នេះ លោកជំទាវបណ្ឌិត ដេវីយ៉ានី ឧត្តាំ ខូប្រាហ្គាដ បានលើកឡើងថា ឥណ្ឌាមានគម្រោងចូលរួមជួយជួសជុលអភិរក្សប្រាសាទព្រះវិហារ ដែលជាបេតិកភណ្ឌពិភពលោក ចូលរួមជំរុញលើកកម្ពស់ការប្រើប្រាស់ទឹកស្អាតនៅជនបទ និងជួយដល់វិស័យសុខាភិបាល ការប្រយុទ្ធប្រឆំាងជំងឺគ្រុនចាញ់ និងការកសាងសមត្ថភាពសមាជិកសមាជិកាសភានិងមន្រ្តីរាជការ ជាដើម។

ជាមួយគ្នានេះ លោកជំទាវបានប្តេជ្ញាថា នឹងខិតខំជំរុញដល់អ្នកវិនិយោគិនពីប្រទេសឥណ្ឌា មកបណ្ដាក់ទុននៅកម្ពុជា ក្នុងវិស័យសុខាភិបាល ជំរុញឱ្យមានជើងហោះហើរត្រង់រវាងប្រទេសទំាងពីរ។ លោកជំទាវឯកអគ្គរដ្ឋទូតបានជម្រាប សម្តេចដែរថា ឥណ្ឌានឹងលើកកម្ពស់ការទំនាក់ទំនងរវាងប្រជាជននិងប្រជាជន តាមបែបឌីជីថល នៅក្នុងនោះមាន ប្រជាជនកម្ពុជានិងប្រជាជនឥណ្ឌា ប្រជាជនឥណ្ឌានិងប្រជាជនក្នុងតំបន់អាស៊ាន ហើយឥណ្ឌានឹងកសាងផ្លូវគមនាគមន៍ដ៏ធំមកកាន់បណ្តាប្រទេសសមាជិកអាស៊ានផងដែរ។

លោកជំទាវឯកអគ្គរដ្ឋទូត បានជម្រាប សម្តេចប្រធានរដ្ឋសភា ដែលថា ចំពោះសំណើរបស់ សម្តេចនាយករដ្ឋមន្រ្តី ដែលបានស្នើដល់ប្រទេសឥណ្ឌាជួយផ្តល់ជំនួយមនុស្សធម៌វ៉ាក់សំាងការពារកូវីដ១៩ ដល់ប្រទេសកម្ពុជានោះ លោកជំទាវនឹងរាយការណ៍ជូនថ្នាក់ដឹកនាំឥណ្ឌាបានជ្រាបនិងសម្រេចនៅក្នុងកិច្ចការនេះ។

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានគំាទ្របេសកកម្មការទូតថ្មីរបស់ លោកជំទាវ នៅកម្ពុជា។ សម្តេចបានលើកឡើងថា បេសកកម្មនេះ ពិតជាមានសារៈសំខាន់ខ្លាំងណាស់ ក្នុងការបន្តរួមចំណែកលើកកម្ពស់ទំនាក់ទំនង ចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេសយើងទំាងពីរ ដែលមានស្រាប់ ឱ្យកាន់តែល្អប្រសើរថែមមួយកម្រិតថែមទៀត។

កម្ពុជា-ឥណ្ឌា មានទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការលើវិស័យការទូតនេះជាមួយគ្នាជាយូរយារណាស់មកហើយ ទាំងផ្នែកសិល្បៈ វប្បធម៌ និងជំនឿសាសនា។ សម្តេចប្រធានរដ្ឋសភា បានមានប្រសាសន៍ថា ឥណ្ឌាជាប្រទេសមួយ ក្នុងចំណោមប្រទេសមិនច្រើនទេ ដែលបានគំាទ្រដល់រដ្ឋាភិបាលកម្ពុជា នៅក្រោយថ្ងៃរំដោះ៧មករា ឆ្នាំ១៩៧៩ ខណៈប្រទេសជាច្រើន ពិសេសប្រទេសលោកខាងលិច បានហ៊ុមព័ទ្ធសេដ្ឋកិច្ចកម្ពុជា។

សម្តេចបានលើកឡើងថា រដ្ឋសភាកម្ពុជា មានការពេញចិត្ត ដោយសង្កេតឃើញពីវឌ្ឍនភាព នៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគី រវាងប្រទេសយើងទំាងពីរ កម្ពុជា-ឥណ្ឌា មានការរីកចម្រើនឥតឈប់ឈរ ទំាងវិស័យ នយោបាយ ការទូត សេដ្ឋកិច្ច ពាណិជ្ជកម្ម សង្គមកិច្ច វប្បធម៌ អប់រំ សុខាភិបាល និងការអភិវឌ្ឍធនធានមនុស្ស ។

ក្នុងនាមរដ្ឋសភាកម្ពុជា សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានថ្លែងអំណរគុណដល់ប្រទេសឥណ្ឌា ដែលរយៈពេលកន្លងមកនេះ បានជួយបណ្តុះបណ្តាលធនធានមនុស្សរយៈពេលខ្លី និងវែង ដល់និស្សិត និងមន្រ្តីកម្ពុជា ជាងមួយពាន់នាក់ និងសូមស្នើឥណ្ឌាបន្តជួយបណ្តុះបណ្តាលជំនាញផ្សេងៗបន្ថែមទៀត។ សម្តេចប្រធានរដ្ឋសភាបានគូសបញ្ជាក់ថា រដ្ឋសភាកម្ពុជាសូមអបអរសាទរ រដ្ឋាភិបាលប្រទេសទាំងពីរដែលបានចុះកិច្ចព្រមព្រៀង និងអនុស្សរណៈ ជាមួយគ្នា ក្នុងកិច្ចសហប្រតិបត្តិការលើវិស័យអាទិភាពជាច្រើន និងបានត្រៀមចុះហត្ថលេខាលើឯកសារសំខាន់ៗជាច្រើនទៀត ។

លោកជំទាវ ដេវីយ៉ានី ឧត្តាំ ខូប្រាហ្គាដ បានស្នើសុំសម្តេចបន្តពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការរវាងសភាប្រទេសទំាងពីរឱ្យកាន់តែរឹងមាំថែមទៀត និងបានគោរពអញ្ជើញសម្តេចដឹកនាំគណៈប្រតិភូរដ្ឋសភាកម្ពុជា ទៅបំពេញទស្សនកិច្ចនៅប្រទេសឥណ្ឌាក្រោយពេលជំងឺកូវីដ១៩ ធូរស្រាល។

សម្តេចប្រធាន បានទទួលយកសំណើនេះ និងបានគូសបញ្ជាក់ថា រដ្ឋសភាកម្ពុជា បានធ្វើកិច្ចសហប្រតិបត្តិការជាច្រើនជាមួយរដ្ឋសភាឥណ្ឌា នៅក្នុងក្របខណ្ឌក្រុមមិត្តភាពសភាទាំងពីរ តាមរយៈការផ្លាស់ប្តូរទស្សនកិច្ច ការគាំទ្រគ្នាទៅវិញទៅមក នៅលើវេទិកាអន្តរសភានានា នៅក្នុងតំបន់និងសកលលោក មានជាអាទិ៍ អន្តរសភាអាស៊ាន និងសហភាពអន្តរសភា(IPU) ជាដើម៕

ប្រភព: រដ្ឋសភា