​មានដឹងអត់ថា ការផឹក​ស្រាបៀ​រ​ច្រើនជ្រុល​ ក្រៅពីដុះក្បាលពោះនៅមានបញ្ហាផ្សេងទៀត

​ចែករំលែកចំណេះដឹងសុខភាពប្រចាំថ្ងៃ ៖ នៅ​ពេល​បច្ចុប្បន្ន​នេះ​ ស្រា​បៀរ​បាន​ក្លាយ​ជា​ជម្រើស​ដ៏​ពេញ​និយម​បំផុត​​​​នៅ​ក្នុង​ចំណោម​គ្រឿង​ស្រវឹង​ទាំង​អស់​។​ ​គ្នា​យើង​ភាគ​ច្រើន​ចូលចិត្ត​ផឹក​ស្រាបៀរ​​​ ​ក្រោយ​ពេល​សម្រាក​ពី​ការងារ​​​ដ៏​ហត់​នឿយ​ពេញ​មួយ​ថ្ងៃ​ ក៏​ដូចជា​ដើម្បី​បំបាត់​ស្រ្តេស​ជាដើម​។ ដោយ​សារ​តែ​ស្រា​បៀរ​មាន​ជាតិ​អាកុល​ត្រឹមតែ​៥​ ទៅ​១២វា​ត្រូវ​បាន​ចាត់​ទុកថា​​ពុំ​សូវ​មាន​គ្រោះថ្នាក់​ឡើយ​ បើ​ប្រៀប​ធៀប​ទៅ​នឹង​គ្រឿង​ស្រវឹង​ដទៃ​ទៀត​។​

ជាមួយ​គ្នា​នេះ​ដែរ​ យោង​តាម​ការ​សិក្សា​មួយ​ចំនួន​បាន​បង្ហាញ​ថា​ ស្រា​បៀរ​​អាច​ជួយ​​​ឲ្យ​យើង​មាន​អាយុ​វែង​ កាត់បន្ថយ​​ការ​ឈឺចាប់​ និង​ហានិភ័យ​នៃ​ជំងឺ​បេះដូង​ថែម​ទៀត​ផង​។​ ប៉ុន្តែ​ ប្រសិនបើ​យើង​​ផឹក​ស្រា​បៀរ​ក្នុង​បរិមាណ​ច្រើន​ជ្រុល​ ​និង​ជា​ទៀងទាត់​ទៀត​នោះ​ ​វា​​អាច​​បណ្ដាល​ឲ្យ​កើត​មាន​បញ្ហា​សុខភាព​ជាច្រើន​​ទៅ​វិញ​។

. ​ដុះ​ក្បាល​ពោះ

​​​​​​​ថ្វី​ត្បិត​តែ​ស្រា​បៀរ​មាន​ជាតិ​អាល់កុល​ទាប​ ប៉ុន្តែ​វា​មាន​កាឡូរី​ខ្ពស់​ ហើយ​កាឡូរី​​ទាំង​នេះ​ គឺ​មាន​ភាព​ខុសគ្នា​ពី​កាឡូរី​ដែល​មាន​នៅ​ក្នុង​អាហារ​។​ ​ជាក់​ស្ដែង​ កាឡូរី​ប្រភេទ​នេះ​ នៅ​នឹង​ថ្កល់​​ត្រង់​ផ្នែក​កណ្ដាល​នៃ​រាងកាយ​ ដែល​ធ្វើ​ឲ្យ​យើង​ដុះ​ក្បាល​ពោះ​។​ យើង​ប្រហែល​​ជា​បាន​ដឹង​ហើយ​ថា​ ​ការ​ប្រមូលផ្ដុំ​ជាតិ​ខ្លាញ់​នៅ​បរិវេណ​ពោះ​ គឺ​មាន​គ្រោះថ្នាក់​ខ្លាំង​ណាស់​ ហើយ​វា​ក៏​ពិបាក​ក្នុង​ការ​សម្រក​ផង​ដែរ​។​

បញ្ហា​​បេះដូង

​​​​​​តាម​ការ​សិក្សា​មួយ​ចំនួន​បាន​បញ្ជាក់​ថា​ ការ​ផឹក​ស្រា​បៀរ​​ គឺ​មាន​អត្ថប្រយោជន៍​​យ៉ាង​ច្រើន​ដល់​សុខភាព​បេះដូង​ ប៉ុន្តែ​ប្រសិន​បើ​យើង​ផឹក​ស្រា​បៀរ​ច្រើន​ហួស​ប្រមាណ​ វា​អាច​បំផ្លាញ​សាច់​ដុំ​បេះដូង​ បង្កើន​ហានិភ័យ​នៃ​ជំងឺ​សរសៃ​ឈាម​ខួរ​ក្បាល​ សម្ពាធ​​ឈាម​​ខ្ពស់​ ជំងឺ​ទឹក​នោម​ផ្អែម​ប្រភេទ​២ ​និង​បញ្ហា​​កន្ត្រាក់​ថត​បេះដូង​លើ​ញាប់​ ថែម​ទៀត​ផង​​​។​ ​យ៉ាង​ណា​មិញ​ ហានិភ័យ​នឹង​​កាន់​តែ​ខ្ពស់​ទ្វេដង​ ចំពោះ​អ្នក​ចូលចិត្ត​ផឹក​ច្រើន​ជ្រុល​ជា​រៀង​រាល់​សប្ដាហ៍ បើ​ប្រៀបធៀប​ទៅ​នឹង​អ្នក​ផឹក​ជា​ទៀងទាត់​ប្រចាំ​ថ្ងៃ​ ដែល​កត្តា​នេះ​កើត​ឡើង​ដោយសារ​តែ​ការ​ប្រែប្រួល​សម្ពាធ​ឈាម​​ភ្លាម​ៗ​។

បញ្ហា​តម្រង​នោម

​​​ការ​ផឹក​ស្រា​ពីរ​កែវ​សម្រាប់​បុរស​ និង​មួយ​កែវ​សម្រាប់​នារី​ ត្រូវ​បាន​ចាត់​ទុក​ថា​​​នៅ​ក្នុង​កម្រិត​មួយ​សម​ល្មម​ ហើយ​ប្រសិនបើ​យើង​ផឹក​លើស​នេះ​ វា​អាច​បង្ក​ជា​គ្រោះថ្នាក់​យ៉ាង​ធ្ងន់ធ្ងរ​ចំពោះ​សុខភាព​​​របស់​យើង​ទៅ​វិញ​។​ ​ការ​ផឹក​ស្រា​បៀរ​ដែល​មាន​ជាតិ​អាល់កុល​ខ្ពស់​ អាច​ធ្វើ​ឲ្យ​យើង​ប្រឈម​នឹង​បញ្ហា​សម្ពាធ​ឈាម​ខ្ពស់​ និង​ជំងឺ​តម្រង​នោម​​ផ្សេង​ៗ​ ដូចជា​ក្រួស​ក្នុង​តម្រង​នោម​ ឬ​ខ្សោយ​តម្រង​នោម​ជាដើម​។

កង្វះ​​វីតាមីន

ប្រសិនបើ​យើង​ចូលចិត្ត​ផឹក​ស្រា​បៀរ​ជា​ប្រចាំ​នោះ​ រាងកាយ​របស់​យើង​នឹង​ត្រូវការ​វីតាមីន​ ក៏​ដូចជា​​សារធាតុ​រ៉ែ​មួយ​ចំនួន​កាន់​តែ​ច្រើន​ឡើង​​។​ ប៉ុន្តែ​ នៅ​ក្នុង​ករណី​ដែល​យើង​មិន​អាច​បំពេញ​តម្រូវការ​នៃ​រាងកាយ​បាន​ទេ​នោះ​ បញ្ហា​សុខភាព​ជា​ច្រើន​នឹង​កើត​ឡើង។​ ​ដើម្បី​ធ្វើ​មេតាប៉ូលីស​ជាតិ​អាល់កុល​​ទាំង​នោះ​ រាងកាយ​ត្រូវការ​​​សារជាតិ​បំប៉ន​បន្ថែម​ ដូចជា​វីតាមីន​B។​ ជា​លទ្ធផល​​នៃ​​ស្រូប​យក​សារជាតិ​បំប៉ន​ដើម្បី​បំពេញ​តម្រូវការ​លើស​កម្រិត​ រាងកាយ​របស់​យើង​នឹង​​ខ្វះ​វីតាមីន ហើយ​ថែម​ទាំង​ប៉ះពាល់​ដល់​មុខងារ​​ផ្នែក​ខាង​ក្នុង​របស់​យើង​ថែម​ទៀត​ផង​។

ប៉ះពាល់​ដល់​ការ​គេង

​​​​​​​យោង​តាម​ការ​សិក្សា​មួយ​ចំនួន​បាន​បង្ហាញ​ថា​ ការ​ផឹក​ស្រា​បៀរ​ពិត​ជា​អាច​ធ្វើ​ឲ្យ​យើង​ឆាប់​គេង​លក់​ពិត​មែន​ ប៉ុន្តែ​វា​មិន​មាន​រយៈពេល​យូរ​ឡើយ​។​ ចលនា​ភ្នែក​ញាប់ពេល​ដែល​យើង​គេង​ ដែល​ជា​ដំណាក់កាល​នៃ​ការ​គេង​លក់​ស្កប់ស្កល់​ កើត​ឡើង​រយៈពេល​ប្រហែល​៩០​នាទី​ បន្ទាប់​ពី​យើង​គេង​លក់ ដែល​កត្តា​នេះ​ នឹង​ធ្វើ​ឲ្យ​យើង​ងងុយ​គេង​នៅ​ពេល​ថ្ងៃ​ ខ្វះ​ការ​ផ្ដោត​អារម្មណ៍ និង​អស់​កម្លាំង​ជាដើម​៕
From: https://hellokrupet.com
By: Reatrey