នារីវ័យក្មេងម្នាក់ ត្រូវសមត្ថកិច្ចឃាត់ខ្លួន ពាក់ព័ន្ធករណីលួចម៉ូតូ

ស្រុកព្រៃកប្បាស៖ ដោយអនុវត្តន៍តាមបទបញ្ជាយ៉ាងម៉ឹងម៉ាត់និងការណែនាំដ៏ខ្ពង់ខ្ពស់ពីសំណាក់ លោកឧត្តមសេនីយ៍ទោ សុខ សំណាង ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ នៅថ្ងៃព្រហស្បត្តិ៍ ៨ កើត ខែមាឃ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី ២១ ខែមករា ឆ្នាំ២០២១ វេលាម៉ោង៩និង៥នាទី មានករណីលួចម៉ូតូបានកើតឡើង នៅចំណុចផ្លូវខ្នងព្រែកកាវ៉ាក់ ស្ថិតក្នុងភូមិព្រៃល្វាកើត ឃុំព្រៃល្វា ស្រុកព្រៃកប្បាស ខេត្តតាកែវ បង្កដោយជនសង្ស័យចំនួនពីរនាក់ ក្រោយពីទទួលបានព័ត៌មានពីប្រជាពលរដ្ឋថាមានចោរលួចម៉ូតូនៅត្រង់ចំណុចខាងលើភ្លាម លោកវរសេនីយ៍ឯក ឡេង ប៊ុនឡុង អធិការ នៃអធិការដ្ឋាននគរបាលស្រុកព្រៃកប្បាស បានដឹកនាំបញ្ជាកម្លាំងជំនាញអធិការដ្ឋាន និងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលព្រៃល្វា ចុះឃាត់ខ្លួនបានជនសង្ស័យបាន០១នាក់ ឈ្មោះ ពៅ ស្រីម៉ៅ ភេទស្រី អាយុ២២ឆ្នាំ មុខរបរមិនពិតប្រាកដ ស្រុកកំណើតភូមិប្រហាល ឃុំតាឡូ ស្រុកបាកាន ខេត្តពោធិ៍សាត់ បច្ចុប្បន្នស្នាក់នៅផ្ទះជួលភូមិមានជ័យ ឃុំក្រាំងលាវ ស្រុកបាទី ខេត្តតាកែវ(ឃាត់ខ្លួន) និងម្នាក់ទៀតឈ្មោះ ធី ហៅឆាលី ភេទប្រុស អាយុ៣៧ឆ្នាំ មានទីលំនៅស្រុកស្អាង ខេត្តកណ្តាល(គេចខ្លួន) ជនសង្ស៍យទាំងពីរនាក់បានជិះម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីមសេ១២៥ ពណ៍ខ្មៅ ស៊េរីឆ្នាំ២០០៧ គ្មានផ្លាកលេខ ទៅធ្វើសកម្មភាពលួចម៉ូតូមួយគ្រឿងទៀតម៉ាកហុងដាវ៉េវ ពណ៍ខ្មៅ ស៊េរីឆ្នាំ២០១៩ ពាក់ផ្លាកលេខតាកែវ 1T-4909 របស់ជនរងគ្រោះឈ្មោះ ម៉ុម អ៊ួង ភេទប្រុស អាយុ៥០ឆ្នាំ រស់នៅភូមិសេដ្ឋី ឃុំបានកាម ស្រុកព្រៃកប្បាស ខេត្តតាកែវ។

ចំណែកម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីមសេ១២៥ ពណ៍ខ្មៅ ស៊េរីឆ្នាំ២០០៧ដែលជនសង្ស័យទាំងពីរជិះធ្វើសកម្មភាពនោះ គឺជាម៉ូតូដែលពាក់ព័ន្ធនឹងអំពើលួចកាលពីថ្ងៃទី១៩ ខែមករា ឆ្នាំ២០២១ វេលាម៉ោង៤.៣០នាទី របស់ជនរងគ្រោះឈ្មោះ មាស សុធា ភេទប្រុស អាយុ៣៣ឆ្នាំ រស់នៅភូមិសម្តេចពាន់ ឃុំក្តាញ់ ស្រុកព្រៃកប្បាស ខេត្តតាកែវ។ បច្ចុប្បន្នជនសង្ស័យនិងវត្ថុតាងម៉ូតូមួយគ្រឿង​ ត្រូវបានសមត្ថកិច្ចនាំមកអធិការដ្ឋានដើម្បីកសាងសំណុំរឿងតាមនីតិវិធី៕