សម្តេចតេជោប្រកាសថាវ៉ាក់សាំងស៊ីណូហ្វាម នឹងមកដល់កម្ពុជានៅខែកុម្ភៈនេះ សម្តេច នឹងមកទទួលវ៉ាក់សាំងនេះ នៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ 

សម្តេចតេជោក៏បានប្រកាសថា សម្តេចនឹងចាក់វ៉ាក់សាំងនេះមុនគេ នៅមន្ទីរពេទ្យកាល់ម៉ែត បន្ទាប់មកសម្តេចនឹងធ្វើសន្និសិទសារព័ត៌មានតែម្តង ។

នៅថ្ងៃនេះដែរសម្តេចតេជោបានបញ្ជាអោយរដ្ឋមន្ត្រីក្រសួងសុខាភិបាលធ្វើជំរឿនរកពលរដ្ឋណាខ្លះ ដែលចូលរួមចាក់វ៉ាក់សាំង និងអ្នកដែលមិនចូលរួមចាក់វ៉ាក់សាំង ។

សម្តេចបន្តថា បើពលរដ្ឋយើងចាក់វ៉ាក់សាំងបានច្រើន យើងក៏នឹងបានទទួលលំហូរអ្នកចូលក្នុងប្រទេសយើងបានច្រើនដែរ ការចូលរួមចាក់វ៉ាក់សាំងពីប្រជាពលរដ្ឋបានច្រើន ក៏ជាការទាក់ទាញអ្នកវិនិយោគ ព្រោះគេគិតថាកម្ពុជាជាកន្លែងមានសុវត្ថភាព ប៉ុន្តែប្រសិនបើមានពលរដ្ឋយើងច្រើនមិនចាក់វ៉ាក់សាំងទេនោះ គេមើលឃើញថាប្រទេសយើងមានហានិភ័យ គេនឹងមិនមកទេ ។

សម្តេចក៏បានបញ្ជាក់ថា នៅមុនថ្ងៃចូលឆ្នាំខ្មែរ កម្ពុជានឹងចាក់វ៉ាក់សាំងដល់ប្រជាពលរដ្ឋអោយបាន៥០ម៉ឺននាក់ ។

សូមជម្រាប់ថា កូវ៉ាក់ នឹងផ្តល់វ៉ាក់សាំងដល់កម្ពុជាជាង៣លានដូស ចំណែកភាគីចិននឹងផ្តល់វ៉ាក់សាំង sinopham &Sinovac អោយកម្ពុជា ១លានដូស សម្រាប់ប្រើប្រាស់លើមនុស្ស៥០ម៉ឺននាក់ ហើយកម្ពុជាក៏បានបញ្ជាទិញវ៉ាក់សាំង១លានដូសរួចហើយដែរ ។

ប្រសាសន៍ខាងលើសម្តេចអគ្គមហាសេនាបតីតេជោ ធ្វើឡើងគ្រាដែលសម្តេចអញ្ជើញសម្ពោធសមិទ្ធផលថ្មីរបស់ ក្រសួងសាធារណការ និងដឹកជញ្ជូន រួមមានអគារទីស្តីការថ្មី និងវិទ្យាស្ថាន «តេជោសែន សាធារណការ និងដឹកជញ្ជូន» ព្រឹកថ្ងៃសុក្រ ថ្ងៃទី២២ ខែមករា ឆ្នាំ២០២១ ៕