សម្តេចតេជោ ហ៊ុន សែន៖ កម្ពុជាត្រូវប្រឹងប្រែងជំរុញសេដ្ឋកិច្ចជាតិឡើងវិញ និងគោលនយោបាយឧបត្ថម្ភនានានៅតែបន្ត (Video inside)

ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា នៅថ្ងៃទី២២ ខែមករា ឆ្នាំ២០២១នេះ បានណែនាំឲ្យប្រឹងប្រែងជំរុញសេដ្ឋកិច្ចជាតិឡើងវិញ ហើយការឧបត្ថម្ភដល់ជនក្រីក្រប្រមាណ៣លាននាក់ និងគោលនយោបាយឧបត្ថម្ភនានា ក៏នៅតែបន្តផងដែរ។

ការណែនាំយ៉ាងដូច្នេះ ធ្វើឡើងក្នុងឱកាសដែលសម្ដេចតេជោ ហ៊ុន សែន អញ្ជើញសម្ពោធសមិទ្ធផលថ្មី របស់ក្រសួងសាធារណការ និងដឹកជញ្ជូន រួមមាន៖ អគារទីស្តីការថ្មី និងវិទ្យាស្ថាន «តេជោសែន សាធារណការ និងដឹកជញ្ជូន» នាព្រឹកថ្ងៃទី២២ ខែមករា ឆ្នាំ២០២១នេះ។
សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់យ៉ាងដូច្នេះថា «ឥលូវនេះ គេព្យាករថា កម្ពុជា នឹងមានកំណើនជិត៤ភាគរយ […] ត្រូវជំរុញកំណើនសេដ្ឋកិច្ចឡើងវិញ ជាមួយនឹងការខិតខំទាំងអស់, បន្ដជួយប្រជាពលរដ្ឋជិត៣លាននាក់, កម្មករបាត់បង់ការងារក៏ត្រូវជួយ, គោលនយោបាយជំនួយសង្គមទាំងឡាយ នៅបន្ដធម្មតា»
សម្ដេចតេជោ ហ៊ុន សែន ក៏បានឲ្យដឹងផងដែរថា សេដ្ឋកិច្ចកម្ពុជា ក្នុងឆ្នាំ២០២០ បើទោះបីជាអវិជ្ជមានយ៉ាងណាក្ដី ក៏ប៉ុន្ដែវាមិនអាក្រក់ហួសហេតុពេកនោះដែរ ព្រោះថា កម្ពុជាធ្លាប់រងផលប៉ះពាល់បែបនេះ រួចមកហើយ កាលពីឆ្នាំ២០០៨ និងក្រោយឆ្នាំ២០០៨។ សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា «សេដ្ឋកិច្ចឆ្នាំ២០២០ បើទោះបីជាអវិជ្ជមាន ក៏ប៉ុន្ដែវាមិនអាក្រក់ហួសហេតុពេកទេ។ យើងធ្លាប់រងផលអាក្រក់នេះ កាលពីវិបត្ដិសេដ្ឋកិច្ច ហិរញ្ញវត្ថុសកល ឆ្នាំ២០០៨ និងក្រោយ២០០៨»។
បន្ថែមពីនោះទៀត សម្ដេចតេជោ ហ៊ុន សែន បានរម្លឹកអំពីស្ថានភាពសេដ្ឋកិច្ចកម្ពុជា ដោយក្នុងឆ្នាំ២០០៥ មាន១៣,៣ភាគរយ, ឆ្នាំ២០០៦ មាន១២ភាគរយ, ឆ្នាំ២០០៧ មានជាង១១ភាគរយ ប៉ុន្ដែដល់វិបត្ដិសេដ្ឋកិច្ចចាប់ផ្ដើម ក្នុងឆ្នាំ២០០៨ ធ្លាក់មកនៅត្រឹម៦,៨ភាគរយ។
សម្ដេចតេជោ ហ៊ុន សែន បានបន្ដទៀតថា ខណៈចូលដល់ក្នុងឆ្នាំ២០០៩ សេដ្ឋកិច្ចរបស់កម្ពុជា បានធ្លាក់ចុះរហូតដល់០,៥ភាគរយ។ បន្ទាប់មក ក្នុងឆ្នាំ២០១០ បានងើបមកជាង៦ភាគរយ និងចាប់ពីឆ្នាំ២០១១ ដល់ឆ្នាំ២០១៩ មានជាង៧ភាគរយ។ សម្ដេចតេជោបានគូសបញ្ជាក់ថា ការជំរុញធ្វើឲ្យសេដ្ឋកិច្ចងើបឡើងវិញ គឺស្របជាមួយនឹងការទប់ស្កាត់ កុំឲ្យមានការរីករាលដាលជាថ្មីម្ដងទៀត នូវជំងឺកូវីដ-១៩ កើតឡើងនៅក្នុងសហគមន៍។
សម្ដេចតេជោ ហ៊ុន សែន ក៏បានបញ្ជាក់ផងដែរថា ក្នុងដំណាក់កាលកូវីដ-១៩ កម្ពុជា មិនអាចវិល ទៅរកអតីតកាលនោះទេ ហើយប្រសិន ជាវិលរកអតីតកាលនោះ ក៏មិនដឹងថា ពេលណាដែរ ដូច្នេះគន្លងសុវត្ថិភាព នៅតែជាការចាំបាច់។
ជាមួយគ្នានេះ នាយករដ្ឋមន្រ្តីកម្ពុជា បានបន្តអំពាវនាវឲ្យរួមគ្នាការពារ និងប្រយុទ្ធជាមួយជំងឺកូវីដ១៩ ដោយអនុវត្តន៍តាមគោលការណ៍ «៣កុំ» និង «៣ការពារ» ដោយត្រូវពាក់ម៉ាស លាងដៃឲ្យស្អាត និងរក្សាគន្លាត ឲ្យបានយ៉ាងតិចមួយម៉ែត្រកន្លះ និងកុំទៅកន្លែង ដែលមានមនុស្សកុះករ និងកន្លែងបិទជិត។សូមជម្រាបថា ធនាគារពិភពលោក (World Bank) បានព្យាករថា សេដ្ឋកិច្ចរបស់កម្ពុជា នឹងងើបឡើងវិញ ហើយលូតលាស់ ប្រហែលជិត៤ភាគរយ ក្នុងឆ្នាំ២០២១ បន្ទាប់ពីរងប៉ះពាល់ពីជំងឺកូវីដ-១៩៕

From: FN
By: Reatrety