អ្នកនយោបាយ​ប្រឆាំង​ថៃ លោក Thanathorn Juangroongruangkit ថា រដ្ឋាភិបាល ប្រា​យុទ្ធ យក​បណ្តឹង​ប្រមាថ​ស្ដេច ដើម្បី​បំបិទ​សំឡេង​ខ្លួន

ថៃ ៖ អ្នកនយោបាយ​ប្រឆាំង​ថៃ លោក Thanathorn Juangroongruangkit នៅ​ថ្ងៃទី​២១ មករា បាន​ការពារ​ពាក្យរិះគន់​ខ្លួន​លើ​កម្មវិធី​វ៉ាក់សាំង​រដ្ឋាភិបាល​ថៃ​។ ពាក្យរិះគន់ ក៏​នាំ​ដល់​ការប្ដឹង​ប្រឆាំង​រូបលោក​ពីបទ​ប្រមាថ​មហាក្សត្រ​។ លោក Thanathorn អះអាងថា រដ្ឋាភិបាល​ថៃ​យក​បណ្ដឹង​នេះ​ដើម្បី​បំបិទ​សំឡេង​របស់លោក​។

ក្រសួង​សេដ្ឋកិច្ច និង​សង្គម​ឌីជីថល​ថៃ នៅ​ថ្ងៃទី​២០ មករា បាន​ប្តឹង​លោក Thanathorn Juangroongruangkit ទៅ​តុលាការ​ពីបទ​ប្រមាថ​ព្រះមហាក្សត្រ​។ ការប្តឹង​អ្នកនយោបាយ​ប្រឆាំង​ដែល​ត្រូវ​តុលាការ​ធម្មនុញ្ញ​ហាម​មិន​ឲ្យ​ធ្វើ​នយោបាយ​១០​ឆ្នាំ ធ្វើឡើង​បន្ទាប់ពី​នាយករដ្ឋមន្ត្រី​ថៃ លោក​ប្រា​យុទ្ធ ចន្ទ​អូ​ចា នៅ​ថ្ងៃទី​១៩ មករា អះអាងថា​លោក​នឹង​ចាត់វិធានការ​លើ​បុគ្គល​ទាំងឡាយណា​ដែល​ចែកចាយ​ព័ត៌មាន​មិន​ពិត​ពី​គម្រោង​វ៉ាក់សាំង​របស់​រដ្ឋាភិបាល​។​
រដ្ឋ​ភិ​បាល​ថៃ បាន​បញ្ជា​ទិញ​វ៉ាក់សាំង​របស់​ក្រុមហ៊ុន AstraZeneca ចំនួន​៦១​លាន​ដូ​ស ក្នុង​ឆ្នាំ​២០២០​។ វ៉ាក់សាំង​នេះ នឹងត្រូវ​ផលិត​នៅ​ប្រទេស​ថៃ​ដោយ​ក្រុមហ៊ុន​ឱសថ Siam Bioscience ក្រោយ​សម្រេចបាន​កិច្ចព្រមព្រៀង​ជាមួយ​ក្រុមហ៊ុន AstraZeneca ។ ក្រុមហ៊ុន Siam Bioscience គ្រប់គ្រង​ដោយ​ការិយាល័យ​ទ្រព្យសម្បត្តិ​មហាក្សត្រ​។
​ការចុះ​កិច្ចព្រមព្រៀង​នេះហើយ​ជាដើម​ចម​នៃ​ការរិះគន់​របស់លោក Thanathorn ។ លោក​និយាយថា កិច្ចព្រមព្រៀង​នេះ​ខ្វះ​តម្លាភាព ព្រោះ​ក្រុមហ៊ុន Siam Bioscience មានប្រៀប​ជាង​ក្រុមហ៊ុន​ដទៃ​។ លោក​បន្ថែមថា រដ្ឋាភិបាល​ថៃ ពឹងផ្អែក​មួយ​ភាគ​ធំ​លើ​វ៉ាក់សាំង​AstraZeneca ជាជាង​រក​ប្រភព​វ៉ាក់សាំង​ផ្សេងទៀត​ដែលជា​ហេតុ​នាំ​ឲ្យ​ថៃ​មាន​ភាពយឺតយ៉ាវ​ក្នុង​ការចាក់​វ៉ាក់សាំង ដោយ​ត្រូវ​រង់ចាំ​ដែល​ខែមិថុនា ខណៈ​ប្រទេស​មួយចំនួន​បានចាប់ផ្តើម​ចាក់​វ៉ាក់សាំង​ហើយ​។​
​ក្នុង​សន្និសីទ​សារព័ត៌​មាននៅ​ថ្ងៃទី​២១ ខែមករា លោក Thanathorn លើកឡើង​ទៀតថា ការចរចា​ក្នុងការ​ជ្រើសរើស​ក្រុមហ៊ុន​ផលិត​វ៉ាក់សាំង AstraZeneca ពុំបាន​ឆ្លងកាត់​បាន​ឆ្លងកាត់​ដំណាក់កាល​ជ្រើសរើស ឬ​ប្រៀបធៀប​សមត្ថភាព​ជាមួយ​ក្រុមហ៊ុន​ឱសថ​ក្នុងស្រុក​ឯទៀត​ឡើយ​។ លោក​ក៏​លើក​ជា​សំណួរ​ថា ហេតុអ្វី​បានជា​ក្រុមហ៊ុន Siam Bioscience ជា​ក្រុមហ៊ុន​តែមួយគត់​ដែល​ទទួលបាន​បាន​សិទ្ធិ​ក្នុង​ការផលិត​វ៉ាក់សាំង​។
​បន្ថែម​ពីនេះ អ្នកនយោបាយ​ប្រឆាំង និង​ជា​មេដឹកនាំ​ចលនា​វឌ្ឍនភាព​ថៃ និយាយថា​មកដល់ពេលនេះ​រដ្ឋាភិបាល​ជោគជ័យ​ក្នុងការ​ទទួលបាន​វ៉ាក់សាំង​ចំនួន​២៦​លាន​ដូ​ស​តែប៉ុណ្ណោះ គួបផ្សំ​២​លាន​ដូ​ស​ទៀត​ពី​ក្រុមហ៊ុន​ចិន Sinovac ។ អ្នកនយោបាយ​រូបនេះ​ចោទថា រដ្ឋាភិបាល​លោក ប្រា​យុទ្ធ យក​មាត្រា​១១២ ដែល​ចែង​ពី​ការការពារ​មហាក្សត្រ​ដើម្បី​បំបិទ​សំឡេង​របស់លោក​។
​លោក​Thanathorn ត្រូវបាន​តុលាការ​ធម្មនុញ្ញ​ថៃ​ហាម​មិន​ឲ្យ​ធ្វើ​នយោបាយ​រយៈពេល​១០​ឆ្នាំ ហើយ​បក្ស​របស់លោក​ត្រូវបាន​រំលាយ​ដោយសារ​ទទួល​កម្ចី​មិន​ស្របច្បាប់​។ បក្ស​របស់លោក​ទទួល​បាន​សំឡេង​ច្រើន​គួរសម ជាពិសេស​ក្នុងចំណោម​យុវជន​ថៃ ក្នុងការ​បោះឆ្នោត​សាកល​ឆ្នាំ​២០១៩៕
From: https://thmeythmey.com
By: Reatrey