កម្ពុជាស្នើអាស៊ានបង្កើនមូលនិធិជំនួយដល់វិស័យឯកជនដើម្បីពង្រឹងអាជីវកម្មក្នុងពេលជួបវិបត្

ភ្នំពេញ ៖ រាជរដ្ឋាភិបាលកម្ពុជាតាមរយៈក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិបានលើកសំណើទៅកាន់មន្ត្រីការបរទេសអាស៊ានគួរបង្កើនមូលនិធិបរិច្ចាគជាមួយវិស័យឯកជនបន្ថែមទៀតដើម្បីអាចពង្រឹងជីវកម្ម និងស្ដារឡើងវិញនូវផែនការសមាហរណកម្មអាស៊ានឆ្នាំ២០២១-២០២៥។

ឧបនាយករដ្ឋមន្ត្រី លោកប្រាក់ សុខុន ប្រមុខការទូតកម្ពុជានៅក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាននៅថ្ងៃទី២១ ខែមករា ឆ្នាំ២០២១ថា ក្នុងការឆ្លើយតបទៅនឹងបញ្ហារាតត្បាតជាសកលដោយជំងឺកូវីដ–១៩ អាស៊ានគួរបង្កើនមូលនិធិបរិច្ចាគជាមួយវិស័យឯកជន ដើម្បីជំរុញ និងស្តារឡើងវិញនូវផែនការសមាហរណកម្មអាស៊ានឆ្នាំ២០២១–២០២៥។
លោកបានសង្កត់ធ្ងន់ថា ដើម្បីឆ្លើយតបនឹងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ អាស៊ានគួរតែបង្កើនចំនួនទឹកប្រាក់មូលនិធិអាស៊ានក្នុងការឆ្លើយតបទៅនឹងជំងឺកូវីដ១៩ តាមរយៈការធ្វើទំនាក់ទំនងជាមួយវិស័យឯកជន ដើម្បីចូលរួមការបរិច្ចាគ។
ក្នុងកិច្ចប្រជុំចង្អៀត ក៏បានពិភាក្សាអំពីការពន្លឿនការធ្វើសមាហរណកម្មអាស៊ាន តាមរយៈការអនុវត្តផែនការការងារនៃគំនិតផ្ដួចផ្ដើមសម្រាប់សមាហរណកម្មអាស៊ានលើកទី៤ (២០២១–២០២៥) ការអនុវត្តនូវផែនការមេស្តីពីការតភ្ជាប់អាស៊ាន ឆ្នាំ២០២៥ ឲ្យបានពេញលេញ និងគាំទ្រការស្ដារឡើងវិញក្នុងតំបន់ក្រោយពីជំងឺរាតត្បាតសកល។
កិច្ចប្រជុំនោះ រដ្ឋមន្ត្រីការបរទេសអាស៊ាន បានគាំទ្រមូលបទរបស់ប្រទេសប្រ៊ុយណេ ដែលបានលើកឡើងថា «យើងយកចិត្តទុកដាក់, យើងត្រៀមលក្ខណៈ, យើងរីកចំរើន» និងចំណុចអាទិភាពគន្លឹះទាំងបី ដែលផ្តោតជាសំខាន់ទៅលើ ការកសាងសហគមន៍មួយប្រកបដោយភាពសុខដុមរមនា ការត្រៀមលក្ខណៈនិងសម្របខ្លួនសម្រាប់ពេលអនាគត ដើម្បីធានាសុខុមាលភាពប្រជាជនអាស៊ាន និងអនាគតដែលប្រកបដោយសន្តិភាព ចីរភាព និងវិបុលភាព ក៏ដូចជាជំរុញការស្តារឡើងវិញរបស់អាស៊ានពីជំងឺរាតត្បាតសកលកូវីដ–១៩។
ចំពោះការឆ្លើយតបជាលក្ខណៈតំបន់ទៅនឹងជំងឺរាតត្បាតសកលកូវីដ–១៩ កិច្ចប្រជុំបានបង្ហាញការប្តេជ្ញាចិត្តដើម្បីអនុវត្តក្របខណ្ឌស្តារឡើងវិញគ្រប់ជ្រុងជ្រោយរបស់អាស៊ានឱ្យបានឆាប់រហ័ស ប្រើប្រាស់មូលនិធិសម្រាប់ការឆ្លើយតបទៅនឹងជំងឺកូវីដ–១៩ របស់អាស៊ាន និងធ្វើការងារឆ្ពោះទៅរកការបង្កើតក្របខណ្ឌក្នុងការរៀបចំច្រកធ្វើដំណើរក្នុងអាស៊ាន៕
From: https://www.propertyarea.asia
By: Reatrey