កម្លាំងសមត្ថកិច្ចខេត្តតាកែវ បង្រ្កាបករណីលួចរថយន្ត ឃាត់ខ្លួនជនសង្ស័យម្នាក់

តាកែវ៖ នៅវេលាម៉ោង ២០ និង ៣០នាទី ថ្ងៃទី២១ ខែមករា ឆ្នាំ២០២១ កម្លាំងមន្ទីរស្រាវជ្រាវ និងបង្រ្កាបបទល្មើសកងរាជអាវុធហត្ថខេត្តតាកែវ សហការជាមួយកម្លាំង កងរាជអាវុធហត្ថស្រុកសំរោង ខេត្តតាកែវ ដឹកនាំដោយលោក វរសេនីយ៍ឯក ង៉ែត ចាន់ធី មេបញ្ជាការរង និងដោយមានការសម្របសម្រួលនីតិវិធីពីព្រះរាជអាជ្ញាអមសាលាដំបូង ខេត្តតាកែវ កម្លាំងបានចុះបង្រ្កាបករណីអំពើរលួចរថយន្ត នៅចំណុចផ្លូវជាតិលេខ ២ ចន្លោះគីឡូម៉ែត្រលេខ ៦៨-៦៩ ស្ថិតក្នុងភូមិរូង ឃុំលំចង់ ស្រុកសំរោង ខេត្តតាកែវ ដោយបានឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ យ៉ា សម្បត្តិ (ហៅសំបូរ) ភេទប្រុស អាយុ៣១ឆ្នាំ មុខរបរជាងធ្វើពិដានរស់នៅ ភូមិចុងព្រែក សង្កាត់ព្រែកឯង ខណ្ទច្បារអំពៅ រាជធានីភ្នំពេញ។

វត្តុតាងចាប់យកមានរថយន្ត០១គ្រឿងម៉ាក TOYOT HILUX សេរី២០២០ ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2BB.7471 របស់ជនរងគ្រោះឈ្មោះ យឹម សុវណ្ណាន ភេទប្រុស អាយុ ២៥ឆ្នាំ ជានិស្សិតរស់នៅភូមិចុងព្រែក សង្កាត់ព្រែកឯង ខណ្ទច្បារអំពៅ រាជធានីភ្នំពេញ ដែលបានបាត់កាលពីថ្ងៃទី២១ ខែមករា ឆ្នាំ២០២១ នៅចំណុចភូមិចុងព្រែក សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

បច្ចុប្បន្នមន្ត្រីជំនាញបានកសាងសំណុំរឿង បញ្ជូនជនសង្ស័យទៅអយ្យការ អមសាលាដំបូងខេត្តតាកែវ ចំណែករថយន្តខាងលើព្រះរាជអាជ្ញាបានបង្គាប់មកការិយាល័យជំនាញ ប្រគល់ឲ្យជនរងគ្រោះវិញ៕