ក្រុមហ៊ុន Pfizer នឹងផ្គង់ផ្គង់វ៉ាក់សាំង ៤០លានដូសទៅឱ្យ COVAX ដោយមិនយកចំណេញ ដើម្បីជួយរដ្ឋក្រីក្រ

បរទេស ៖​ ក្រុមហ៊ុន Pfizer នៅថ្ងៃទី២២ ខែមករា បានប្រកាសថា ខ្លួន នឹងផ្គង់ផ្គង់វ៉ាក់សាំងកូវីដ-១៩ រហូតដល់ ៤០លានដូសទៅឱ្យកម្មវិធី COVAX ដែលសហដឹកនាំដោយអង្គការសុខភាពពិភពលោក (WHO) និងសម្ព័ន្ធវ៉ាក់សាំង (GAVI) ដោយមិនយកប្រាក់ចំណេញ។ គោលដៅរបស់ក្រុមហ៊ុន គឺជួយរដ្ឋក្រីក្រឱ្យទទួលបានវ៉ាក់សាំងក្នុងតម្លៃសមរម្យ។

បន្ទាប់ពីក្រុមហ៊ុនវ៉ាក់សាំងដូចជា ក្រុមហ៊ុន Pfizer, ក្រុមហ៊ុន AstraZeneca, ក្រុមហ៊ុន Moderna និងក្រុមហ៊ុនផ្សេងទៀត ប្រកាសពីប្រសិទ្ធភាពរបស់ខ្លួន នៅចុងឆ្នាំ២០២០ ប្រទេសអ្នកមានដូចជា អង់គ្លេស អាមេរិក កូរ៉េខាងត្បូង អឺរ៉ុប និងប្រទេសជាច្រើនទៀត បានចុះកិច្ចព្រមព្រៀងទិញវ៉ាក់សាំងជាមួយក្រុមហ៊ុនទាំងនោះ ជាច្រើនលានដូស។ ចំណែកប្រទេសកំពុងអភិវឌ្ឍវិញ ត្រូវរង់ចាំទិញវ៉ាក់សាំង ក្រោមកម្មវិធីCOVAX ឬជំនួយពីប្រទេសដទៃ។
ដើម្បីចូលរួមចំណែក ក្នុងការជួយប្រទេសក្រីក្រឱ្យមានលទ្ធភាពទទួលបានវ៉ាក់សាំងដូចប្រទេសអ្នកមាន ក្រុមហ៊ុន Pfizer បានសម្រេចផ្តល់វ៉ាក់សាំងរហូតដល់ ៤០លានដូសដល់កម្មវិធី COVAX ដែលជាកម្មវិធីមួយចែកចាយវ៉ាក់សាំងដោយស្មើភាពទៅកាន់ប្រទេសទាំងអស់ និងជួយក្រុមប្រទេសកំពុងអភិវឌ្ឍ។ ក្រុមហ៊ុននេះ នឹងលក់វ៉ាក់សាំងទាំង៤០លានដូសនេះដោយមិនចំណេញអ្វី តែមិនបញ្ជាក់ពីថ្លៃលក់ឡើយ។
«យើងនឹងផ្តល់វ៉ាក់សាំង ទៅ COVAX  សម្រាប់ប្រទេសក្រីក្រ ដោយមិនយកប្រាក់ចំណេញ»។ អគ្គនាយកក្រុមហ៊ុន Pfizer លោក Albert Bourla បានលើកឡើងបែបនេះក្នុងសេចក្ដីថ្លែងការណ៍ថ្ងៃទី២២ ខែមករា។
បើតាមលោកអគ្គនាយក ក្រុមហ៊ុន Pfizer មានមោទកភាពណាស់ ក្នុងការជួយប្រទេសក្រីក្រ និងប្រជាជននៅក្នុងប្រទេសទាំងនោះ ឱ្យទទួលបានវ៉ាក់សាំងប្រឆាំងកូវីដ-១៩។ ទន្ទឹមនេះ ក្រុមហ៊ុន Pfizer បានបន្តថា ប្រទេសកំពុងអភិវឌ្ឍ គួរតែអាចទទួលបានវ៉ាក់សាំង ដូចប្រទេសផ្សេងទៀតដែរ។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន AFP។
វ៉ាក់សាំងក្រុមហ៊ុន Pfizer ជាវ៉ាក់សាំងតែមួយគត់ត្រូវបានអង្គការសុខភាពពិភពលោក ទទួលស្គាល់ពីប្រសិទ្ធភាពតាមរយៈការអនុញ្ញាតឱ្យប្រើប្រាស់ជាបន្ទាន់។
ក្រៅពីក្រុមហ៊ុន Pfizer COVAX ក៏បានចុះកិច្ចព្រមព្រៀងទិញវ៉ាក់សាំងពីក្រុមហ៊ុនAstraZeneca ដែរ។ តាមការអះអាងរបស់ប្រធានប្រតិបត្តិសម្ព័ន្ធវ៉ាក់សាំង លោក Seth Berkley វ៉ាក់សាំងរបស់ក្រុមហ៊ុន AstraZeneca បានរៀបចំរួចរាល់ហើយក្នុងការដឹកជញ្ជូនទៅប្រទេសផ្សេងៗ ក្រោមកម្មវិធី COVAX ។ វ៉ាក់សាំង AstraZeneca កំពុងរង់ចាំការការទទួលស្គាល់ពីអង្គការ WHO ដែលអាចអនុម័តឱ្យប្រើប្រាស់ជាបន្ទាន់នៅពាក់កណ្តាលខែកុម្ភ។
សូមបញ្ជាក់ថា កម្មវិធី COVAX បានចុះកិច្ចព្រមព្រៀងទិញវ៉ាក់សាំងពីក្រុមហ៊ុនចំនួន៥ ដែលអាចផ្គត់ផ្គង់វ៉ាក់សាំងបានចំនួន២,៣ពាន់លានដូសនៅក្នុងឆ្នាំនេះ ទៅដល់ប្រទេសក្រីក្រចំនួន ៩២ប្រទេស៕
From: https://thmeythmey.com
By: Reatrey