ខ្លាឃ្មុំឈ្មោលមួយក្បាលបានជាប់អន្ទាក់របស់ព្រានព្រៃនៅក្នុងដែនឧទ្យានជាតិជួរភ្នំក្រវាញ ត្រូវបានជួយសង្គ្រោះ

កាលពីម្សិលមិញនៅវេលាម៉ោង ៤ : ៣០នាទីរសៀលថ្ងៃទី ២២ ខែមករាឆ្នាំ ២០២១ មន្ត្រីឧទ្យានុរក្សនៃស្នាក់ការល្បាតឆាយអារ៉ែងរបស់យើងបានប្រទះឃើញខ្លាឃ្មុំឈ្មោលមួយក្បាលបានជាប់ អន្ទាក់របស់ព្រានព្រៃនៅក្នុងដែនឧទ្យានជាតិជួរភ្នំក្រវាញខាងត្បូង។ ក្រុមល្បាតបានទូរស័ព្ទមកកាន់ការិយាល័យនៃអង្គការសម្ព័ន្ធមិត្តសត្វព្រៃភ្លាមៗដើម្បីបញ្ជូនក្រុមជួយសង្គ្រោះសត្វព្រៃបន្ទាន់ (WRRT) ពីភ្នំពេញដើម្បីទៅជួយសង្គ្រោះសត្វខ្លាឃ្មុំ។ក្រុមជួយសង្គ្រោះដឹកនាំដោយប្រធានគម្រោងសង្គ្រោះ និងថែរក្សាសត្វព្រៃរបស់យើងគឺលោក Nick Marx បានចុះទៅកន្លែងនោះជាមួយលោក ចិន្តា ដែលជាពេទ្យសត្វ។ ពួកគាត់បានទៅដល់កន្លែងនោះនៅម៉ោងប្រហែល ៥ ព្រឹកមិញនេះរួមជាមួយមន្ត្រីឧទ្យានុរក្សពីស្នាក់ការល្បាតស្ទឹងព្រាត់។

សត្វខ្លាឃ្មុំនេះត្រូវបានក្រុមសង្គ្រោះបាញ់ថ្នាំសន្តំ ដោះចេញពីអន្ទាក់ និងព្យាបាលនៅនឹងកន្លែងហើយត្រូវបានដោះលែងទៅក្នុងព្រៃវិញដោយសាររបួសរបស់វាមិនមានភាពធ្ងន់ធ្ងរ។

សូមថ្លែងអំណរគុណដល់លោក Nick លោក ចិន្តា ក្រុមមន្ត្រីឧទ្យានុរក្សដែលបានខិតខំប្រឹងប្រែងយ៉ាងខ្លាំង និងក្រុមជួយសង្គ្រោះសត្វព្រៃបន្ទាន់ (WRRT)។

ប្រភព÷ អង្គការសម្ព័ន្ធមិត្តសត្វព្រៃ