ផ្ទុះចង្កោមជំងឺកូវីដ១៩ក្នុងក្រុមហ៊ុន CP របស់ថៃ នៅប្រទេសចិន

ប្រទេសចិន បានរាយការណ៍ពីករណីផ្ទុះចង្កោមជំងឺកូវីដ១៩ ក្នុងចំណោមកម្មករនៅក្នុងរោងចក្រកែច្នៃសាច់មាន់ដែលគ្រប់គ្រងដោយក្រុមហ៊ុន Charoen Pokphand Group របស់ប្រទេសថៃ។

ការរកឃើញនេះ បានបង្កឲ្យមានការភ័យខ្លាចក្នុងចំណោមអ្នកប្រើប្រាស់ក្នុងស្រុកដែលរហូតមកដល់ពេលនេះ កំពុងមានការព្រួយបារម្ភជាចម្បងអំពីសុវត្ថិភាពនៃអាហារដែលនាំចូល។ករណីចំនួន១០ ត្រូវបានរកឃើញនៅក្នុងរោងចក្រមួយដែលសម្លាប់មាន់៥០លានក្បាលក្នុងមួយឆ្នាំនៅទីក្រុងភាគឦសាន Harbin។

ក្រុមមន្ត្រីបានប្រាប់សន្និសីទសារព័ត៌មានមួយថា កម្មករ២៨នាក់ផ្សេងទៀតនៅឯរោងចក្រនោះនិងសមាជិកគ្រួសារ៣នាក់ទៀត មិនបង្ហាញរោគសញ្ញាទេ។

ថ្វីបើប្រទេសចិនបានចង្អុលបង្ហាញម្តងហើយម្តងទៀតចំពោះការនាំចូលសាច់និងត្រីក្លាស្សេថាជាប្រភពនៃករណីឆ្លងមេរោគកូរ៉ូណាកាលពីឆ្នាំមុនក៏ដោយ ប៉ុន្តែចិនមិនបានរាយការណ៍ពីចង្កោមផ្ទុះសំខាន់ៗនៅក្នុងវិស័យកែច្នៃអាហាររបស់ខ្លួនទេ។

ចង្កោមផ្ទុះកូវីដនៅក្នុងរោងចក្រ CP ត្រូវបានគេរកឃើញអំឡុងការពិនិត្យជាប្រចាំលើប្រជាជននៅក្នុងតំបន់មួយ ដែលមានការកើនឡើងនៃករណីឆ្លងយ៉ាងច្រើនក្នុងរយៈពេលប៉ុន្មានសប្តាហ៍ថ្មីៗនេះ។

រោងចក្រមិនអាចទាក់ទងសុំការអត្ថាធិប្បាយជុំវិញការផ្ទុះឡើងនេះបានទេ។ ចំណែកឯមន្រ្តីនៅទីស្នាក់ការកណ្តាលក្រុមហ៊ុន CP ក្នុងទីក្រុងបាងកកក៏មិនបានធ្វើអត្ថាធិប្បាយភ្លាមៗដែរ។

ព័ត៌មានអំពីការផ្ទុះឡើងនេះកំពុងត្រូវបានគេជជែកវែកញែកពេញបណ្តាញសង្គម Weibo របស់ចិនដោយមានអ្នកប្រើប្រាស់មួយចំនួន ទទូចឲ្យអ្នកផ្សេងទៀតកុំបរិភោគផលិតផលរបស់ CP។

CP គឺជាក្រុមហ៊ុនសាច់មាន់កំពូលមួយហើយក៏ជា យីហោនៃស៊ុតនិងអាហារកែច្នៃដទៃទៀតផងដែរ។ វាជាវិនិយោគិនបរទេសដំបូងគេដែលបានចុះបញ្ជីនៅក្នុងប្រទេសចិន ហើយមានសកម្មភាពនៅគ្រប់ខេត្តទាំងអស់រាប់ចាប់ពីវិស័យកសិកម្មនិងអចលនទ្រព្យ៕

ប្រភព ព័ត៌មាន