សន្ធិសញ្ញា​ហាមឃាត់​អាវុធ​នុយក្លេអ៊ែរ TPNW របស់​អង្គការសហប្រជាជាតិ​ចូល​ជា​ធរមាន

បរទេស ៖ សន្ធិសញ្ញា​ហាមឃាត់​អាវុធ​នុយក្លេអ៊ែរ (TPNW) របស់​អង្គការសហប្រជាជាតិ​ចូល​ជា​ធរមាន នៅ​ថ្ងៃទី​២២ មករា ឆ្នាំ​២០២១​។ សន្ធិសញ្ញា​នេះ​ចូល​ជា​ធរមាន​រយៈពេល​៩០​ថ្ងៃ ក្រោយ​ប្រទេស​ចំនួន​៥០ ផ្តល់​សច្ចាប័ន​កាលពី​ឆ្នាំមុន​។ ប្រទេស​អំណាច​ទាំង​៥ មិនបាន​ចូល​ជា​សមាជិក​ឡើយ ខណៈ​ប្រទេស​ដែលមាន ឬ​សង្ស័យថា​មាន ក៏​អត់​ចូល​ដែរ​។​

គិត​ត្រឹម​ថ្ងៃ​ចូល​ជាធរ​មាននៅ​ថ្ងៃទី​២២ ខែមករា សន្ធិសញ្ញា TPNW មាន​រដ្ឋ​ហត្ថលេខី​ចំនួន​៨៦ និង​រដ្ឋ​ជា​សមាជិក​ចំនួន​៥១​។ យ៉ាងណាក្តី​ប្រទេស​ដែលមាន​អាវុធ​នុយក្លេអ៊ែរ​ពុំបាន​ចុះហត្ថលេខា​ឡើយ ចំណែក​ជប៉ុន​ដែលជា​ប្រទេស​តែមួយគត់​ដែល​រងគ្រោះ​ដោយ​អាវុធ​នេះ​ក៏​មិនទាន់​ចូលរួម​ដែរ​។​
អង្គ​មហាសន្និបាត UN បានអនុម័ត​សេចក្តីសម្រេច​ស្តីពី​ការបង្កើត​សន្ធិសញ្ញា​នេះ​នៅ​ខែកក្កដា ឆ្នាំ​២០១៧ ដោយមាន​សំឡេងគាំទ្រ​ពី​រដ្ឋ​ចំនួន​១២២​។ យុទ្ធនាការ​អន្តរជាតិ​ប្រឆាំង​អាវុធ​នុយក្លេអ៊ែរ​(ICAN) ដែល​ទទួលបាន​រង្វាន់​ណូបែល​សន្តិភាព​ឆ្នាំ​២០០៧ ជា​អ្នក​ផ្តួចផ្តើម​គំនិត​ក្នុង​ការកៀងគរ​បញ្ចុះបញ្ចូល​រដ្ឋ និង​ព្រាង​សន្ធិសញ្ញា​មួយ​នេះ​។​
«​សន្ធិសញ្ញា​នេះ ជា​ជំហាន​យ៉ាងសំខាន់​ក្នុង​ឈានទៅ​កាន់​ពិភពលោក​មួយ​ដែល​គ្មាន​អាវុធ​នុយក្លេអ៊ែរ និង​ការបង្ហាញ​នូវ​ការគាំទ្រ​យ៉ាងរឹងមាំ​ចំពោះ​ការរំសាយ​អាវុធ​ដោយ​ប្រើប្រាស់​យន្តការ​ពហុភាគី​និយម​»​។ នេះ​ជា​លើកឡើង​ក្នុង​សេចក្តីថ្លែងការណ៍​របស់​លោក អាន់​តូ​នី​ញ៉ូ ហ្គូ​តេ​រ៉េ​ស អគ្គលេខាធិការ​អង្គការសហប្រជាជាតិ​។​
​ប្រមុខ UN ស​សើរ​ពី​ការសម្រេចបាន​កិច្ចព្រមព្រៀង​ពហុភាគី​ក្នុងការ​រំសាយ​អាវុធ​នុយក្លេអ៊ែរ​ជា​លើកទីមួយ​ក្នុង​រយៈពេល​ជា​២០​ឆ្នាំ​មកនេះ​។ លោក​ក៏​អំពាវនាវ​ផងដែរ​ឱ្យ​រដ្ឋ​ទាំងអស់​ធ្វើការ​រួមគ្នា​ដើម្បី​សម្រេច​ឱ្យបាន​នូវ​មហិច្ឆតា​ក្នុងការ​ធ្វើឱ្យ​ប្រសើរឡើង​សន្តិសុខ និង​សុវត្ថិភាព​សមូហភាព​។​
​សន្ធិសញ្ញា TPNW ចងភ្ជាប់​កាតព្វកិច្ច​ដល់​ប្រទេស​ផ្តល់​សច្ចាប័ន មិនឱ្យ​អភិវឌ្ឍ តេស្ត ផលិត កាន់កាប់ ឬ​ស្តុក​ទុក​អាវុធ​នុយក្លេអ៊ែរ ឬ​គ្រឿងផ្ទុះ​នុយក្លេអ៊ែរ ទោះជា​ស្ថិតក្នុង​កាលៈទេសៈ​ណាក៏ដោយ​។ បន្ថែម​ពីនេះ សន្ធិសញ្ញា​នេះ ក៏​ហាម​ការ​ផ្ទ​រ ប្រើ ឬ​គំរាម​ប្រើ​អាវុធ​នុយក្លេអ៊ែរ​ផងដែរ​។​
​មិន​ខុស​អ្វី​ពី​អគ្គលេខាធិការ​អង្គការសហប្រជាជាតិ សម្តេច​សង្ឃ​ប៉ាប​ហ្វ្រ​ង់​ស៊ី​ស​ប្រមុខ​គ្រិស្តសាសនា​កាតូលិក ជំរុញ​ឱ្យ​រដ្ឋ និង​ប្រជាជន​រួមគ្នា​ក្នុងការ​បង្កើត​លក្ខខណ្ឌ​ចាំបាច់​មួយ​សម្រាប់​ពិភពលោក​ដោយ​គ្មាន​អាវុធ​នុយក្លេអ៊ែរ ក៏ដូចជា​រួមចំណែក​ក្នុង​ការកសាង​សន្តិភាព និង​កិច្ចសហប្រតិបត្តិការ​ព​ហុ​ភាគី​ដែល​មនុស្សជាតិ​ត្រូវការ​ជា​ចំ​បាច់​។ បន្ថែម​ពីនេះ លោក Peter Maurer ប្រធាន​គណៈកម្មាធិការ​អន្តរជាតិ​នៃ​អង្គការ​កាកបាទក្រហម (ICRC) ចាត់ទុក​ការចូល​ជាធរ​មាននៃ​សន្ធិសញ្ញា​នេះ​ជា​ជ័យជម្នះ​សម្រាប់​មនុស្សជាតិ​។ នេះ​បើតាម​ទីភ្នាក់ងារ​ព័ត៌មាន AFP ។​
​យ៉ាងណាក្តី​ចាប់​តាំងតែ​ពី​សន្ធិសញ្ញា​នេះ​កំពុងស្ថិត​ក្នុងដំណាក់កាល​ច​ចារ​ម្ល៉េះ អាមេរិក និង​រុស្ស៊ី​ដែលមាន​អាវុធ​នុយក្លេអ៊ែរ​ចំនួន​៩០​ភាគរយ​នៃ​ចំនួន​អាវុធ​ទាំងអស់​ពហិការ​មិន​ចូលរួម​។ ចំណែក​ចិន បារាំង អង់គ្លេស ឥណ្ឌា ប៉ា​គី​ស្ថាន អ៊ីស្រាអែល និង​កូរ៉េខាងជើង​ក៏មាន​ជំហរ​មិន​ខុសគ្នា​ប៉ុន្មាន​ដែរ​។​
​ប្រទេស​មាន​អាវុធ​នុយក្លេអ៊ែរ​ទាំងនេះ អះអាងថា​ខ្លួន​មិន​ចូលរួម​សន្ធិសញ្ញា​ហាមឃាត់​អាវុធ​នុយក្លេអ៊ែរ​TPNW ដោយសារតែ​ខ្លួន​ជា​រដ្ឋ​សមាជិក​នៃ​សន្ធិសញ្ញា​ហាមឃាត់​ការ​សាយភាយ​អាវុធ​នុយក្លេអ៊ែរ​(NPT) ស្រេច​ហើយ​។ សន្ធិសញ្ញា NPT ហាមឃាត់​ការផ្ទេរ​អាវុធ​នុយក្លេអ៊ែ​រ ក៏​ដូច​បច្ចេកវិទ្យា​ក្នុង​ការផលិត​អាវុធ​ទៅ​រដ្ឋ​ដែល​មិនទាន់មាន តែ​ពុំ​ហាមឃាត់​ការប្រើប្រាស់ ឬ​ការ​គំរាម​ប្រើប្រាស់​អាវុធ​នេះ​ដូច TPNW ឡើយ​។​
​ជប៉ុន​ដែលជា​ប្រទេស​តែមួយគត់​ដែល​ធ្លាប់​រងគ្រោះ​ដោយ​ការប្រើ​អាវុធ​នុយក្លេអ៊ែរ នៅ​ចុង​សង្គ្រាមលោកលើកទីពីរ បដិសេធ​មិន​ចុះហត្ថលេខា​លើ​សន្ធិសញ្ញា​ហាមឃាត់​អាវុធ​នុយក្លេអ៊ែរ​(TPNW) ដោយ​ពុំ​ជឿថា​នឹងមាន​ប្រសិទ្ធភាព ស្របពេល​គ្មាន​វត្តមាន​របស់​ប្រទេស​មាន​អាវុធ​នុយក្លេអ៊ែរ​៕
From: https://thmeythmey.com
By: Reatrey