សម្តេចតេជោ ប្រកាសថា៖ ការពង្រីកស្ថាប័នរដ្ឋ នៅបឹងតាមោក មិនប៉ះពាល់នឹង ការស្តុកទឹកទេ

(ភ្នំពេញ)៖ សម្តេចតេជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រកាសថា ការចាក់ដីលុបបឹងតាមោក ដើម្បីធ្វើក្រសួងស្ថាប័នរដ្ឋ គឺមានអគ្គបញ្ជាការដ្ឋានកងទ័ព រួមទាំង​ការសាងសង់​មន្ទីរពេទ្យ​ ២កន្លែង នៅបឹងតាមោក ឬបឹងកប់ស្រូវ គឺ​មិនប៉ះពាល់​ដល់ការស្តុកទឺកនោះទេ​។​

សម្តេចតេជោ ហ៊ុន សែន បានប្រកាសទៀតថា ៖សម្តេចនឹងចេញអនុក្រឹត្យកែប្រែ​ទំហំផ្ទៃបឹងតាមោក​ឡើងវិញ ព្រោះការចេញអនុក្រឹត្យលើកមុន​ខុស​ពីស្ថានភាព​ជាក់ស្តែង​របស់បឹងលិចទឹក​ នៅខាងជើង​រាជធានីភ្នំពេញ​មួយនេះ​។

ជាមួយគ្នានេះ សម្តេច​តេជោ ក៏បានប្រកាសថា សម្តេច​មិនយល់ស្រប​នឹងការលុបបឹង ឬប្រឡាយ ដែលបិទមុខទឹក​នោះទេ​។ ប៉ុន្តែ​សម្តេចតេជោ គាំទ្រ​នូវ​ការលុបបឹងប្រឡាយ សម្រាប់ការអភិវឌ្ឍន៍ ព្រោះការលុបបឹង​ប្រឡាយនេះ មិនមែន​ទើបតែធ្វើឡើង ក្នុងសម័យ​សម្តេច ដឹកនាំប្រទេសនោះទេ​។ ការលុបបឹងប្រឡាយ ដើម្បីតែអភិវឌ្ឍន៍ពង្រីកទីក្រុងភ្នំពេញប៉ុណ្ណោះ​។

សម្តេចតេជោ ហ៊ុន សែន បានប្រកាសដូច្នេះ ក្នុងពេលសម្តេច អញ្ជើញសម្ពោធអគារទីស្តីការថ្មីក្រសួងសាធារណការ និងដឹកជញ្ជូន រួមទាំងសម្ពោធវិទ្យាស្ថាន តេជោសែន សាធារណការ និងដឹកជញ្ជូន ​នាព្រឹកថ្ងៃសុក្រ ទី២២ ខែមករា ឆ្នាំ២០២១នេះ៕