អាជីវករម្នាក់នៅផ្សារហ៊ុយឡេង ត្រូវជន​មិន​ស្គាល់​មុខ​២​នាក់​ បន្លំ​ធ្វើ​ជា​ទិញ​ឥ​វ៉ា​ន់​ រួចលួចយកកាបូបលុយ និងគ្រឿងអល័ង្ការ

​បន្ទាយមានជ័យ÷ មាន​ជន​មិន​ស្គាល​មុខ​ចំនួន​០២​នាក់​ ជា​ស្ត្រី​ បាន​ធ្វើ​សកម្មភាព​លួច​យក​កាបូប​លុយ​ និង​គ្រឿង​អ​ល័​ង្កា​រ​ ពី​អាជីវករ​លក់ដូរ​ឥ​វ៉ា​ន់​ចាប់ហួយ​ នៅ​ផ្សារ​ហ៊ុយ​ឡេ​ង​ ដែល​មាន​ទីតាំង​ភូមិ​ស្រះ​ឈូក​ខាងលិច​ ឃុំ​ស្រះ​ជីក​ ស្រុក​ភ្នំស្រុក​ ខេត្តបន្ទាយមានជ័យ​។​ ហេតុការណ៍​បង្ក​ឲ្យ​ភ្ញាក់ផ្អើល​នេះ​ បាន​កើត​ ឡើង​នៅ​វេលា​ម៉ោង​១១​ព្រឹក​ ថ្ងៃ​ទី​២២​ ខែមករា​ ឆ្នាំ​២០២១​ ។​

​លោក​វរសេនីយ៍ត្រី​ ប៉ិក​ គឹ​ម​ហ៊ា​ក់​ អធិការរង​ ទទួល​ការងារ​ព្រហ្មទណ្ឌ​ នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​ភ្នំស្រុក​ បាន​ឲ្យ​ដឹង​ថា​ នៅ​វេលា​ម៉ោង​៥​ល្ងាច​ថ្ងៃ​ទី​២២​ ខែមករា​ ឆ្នាំ​២០២១​ មានឈ្មោះ​ ឈឿ​ង​ ប៊ុ​ន​ឆុំ​ ភេទ​ប្រុស​ អាយុ​ ២៦​ឆ្នាំ​ នៅ​ភូមិ​កណ្តាល​ខាងកើត​ ឃុំ​ស្រះ​ជីក​ ស្រុក​ភ្នំស្រុក​ បាន​បតឹង​ថា​ នៅ​វេលា​ម៉ោង​៨​ព្រឹក​ ថ្ងៃ​ទី​២២​ ខែមករា​ ឆ្នាំ​២០២១​ មាន​ជន​មិន​ស្គាល់​មុខ​ បាន​ធ្វើ​សកម្មភាព​បន្លំ​ទិញ​បន្លែ​ លួច​យក​កាបូប​លុយ​ម្តាយ​របស់​ខ្លួន​ឈ្មោះ​ កាន់​ យឺ​ង​ អាយុ​៦០​ឆ្នាំ​ នៅ​ភូមិ​កណ្ដាល​ខាងកើត​ ឃុំ​ស្រះ​ជីក​ស្រុក​ភ្នំស្រុក​ ខេត្ត បន្ទាយមានជ័យ​ ជា​អាជីវករ​លក់​បន្លែ​និង​គ្រឿងទេស​ នៅ​ផ្សារ​ហ៊ុយ​ឡេ​ង​ ស្រុក​ភ្នំស្រុក​ ។​

​លោក​អធិការរង​បាន​បន្ត​ថា​ ក្រោយ​ពី​ទទួល​បាន​បណ្តឹង​ លោក​បាន​ដឹកនាំ​កម្លាំង​នគរបាល​ជំនាញ​ ព្រហ្មទណ្ឌ​នៃ​អធិការដ្ឋាន​នគរ បាល​ស្រុក​ ចុះ​ទៅ​ពិនិត្យ​នៅ​កន្លែង​កើតហេតុ​និង​បាន​ឆែក​កា​ម៉ា​រ៉ា​សុវត្ថិភាព​ បានឃើញ​មុខសញ្ញា​ធ្វើ​សកម្មភាព​លួច​យក​កាបូប​ប្រាក់​ប្រាកដ​មែន​ តែ​មើល​មុខសញ្ញា​មិន​ស្គាល់​ទេ​ និយាយ​សំលេង​ មិនមែន​ជា​អ្នក​ភ្នំស្រុក​ទេ​ គឺ​មុខសញ្ញា​ក្រៅ​ស្រុក​។​

​លោក​អធិការរង​ វរសេនីយ៍ត្រី​ប៉ិក​ គឹ​ម​ហ៊ា​ក​ បាន​ឲ្យ​ដឹង​ថា​ទៀត​ថា​ ករណី​ចោរលួច​កាបូប​លុយ​នេះ​ ប្រហែលជា​ម៉ោង​ព្រឹក​ថ្ងៃ​ទី​២២​ ម្ចាស់​កាបូប​មិនដឹង​ទេ​ លុះដល់​ម៉ោង​១១​ព្រឹក​ទើប​ម្ចាស់​ដឹង​ថា​បាត់​កាបូប​លុយ​ ខណៈ​ពេល​ម្ចាស់​រក​កាបូប​លុយ​ទៅ​ទិញ​អីវ៉ាន់​ នៅ​ផ្សារ​ក្រុង​សិរី​សោ​ភ័​ណ្ឌ​ ទើប​ដឹង​ថា​បាត់​កាបូប​ប្រាក់​។​ក្នុង​កាបូប​នោះ​មាន​៖១-​ប្រាក់​រៀល​ចំនួន​៣.៦០០.០០០​រៀល​(​បី​លាន​ប្រាំមួយ​សែន​រៀល​គត់​)​ ,២-​ប្រាក់​បាត​ចំនួន​៣៨.០០០​បាត​(​បី​ម៉ឺន​ប្រាំបី​ពាន់​បាត​),​ ៣-​ប្រាក់​ដុល្លារ​ចំនួន​១០០$(​មួយ​រយ​ដុល្លារ​)​ ,៤-​កាត​គ្រី​ម៉ូតូ​ចំនួន​២​សន្លឹក​,​ ៥-​កាត​គ្រី​ឡាន​ចំនួន​១​សន្លឹក​,​ ៦-​អត្តសញ្ញាណប័ណ​សញ្ជាតិ​ខ្មែរ​ចំនួន​២​សន្លឹក​ ,៧-​លិខិតឆ្លងដែន​ចំនួន​១​ក្បាល​,​ ៨-​ខ្សែ​រករ​ផ្លា​ក​ទី​ន​ចំនួន​១​ខ្សែ​ទំងន់​០៥​ជី​,​ ៩-​ខ្សែរ​ដៃ​មាស​ចំនួន​០១​ខ្សែ​ ទម្ងន់​០៥​ជី​ ។​ បើ​ពិនិត្យ​តាម​កា​ម៉ា​រ៉ា​សុវត្ថិភាព​ ឃើញ​មាន​ស្ត្រី​ចំនួន​០២​នាក់​ អាយុ​ប្រហែល​៤០​ឆ្នាំ​ ម្នាក់​ពាក់អាវ​ព​ណ៍​ស​ ខោ​ពណ៌​កាហ្វេ​ ពាក់មួក​ស្លាប​ពណ៌​ប្រផេះ​ ម្នាក់​ទៀត​ពាក់អាវ​ខាងក្រៅ​ព​ណ៍​ខ្មៅ​(Adidas)​ ពាក់មួក​ស្លាប​ពណ៌​កាហ្វេ​ បាន​មក​ធ្វើ​សកម្មភាព​ទិញ​បន្លែ​ ដូច​ជា​ណាំ​ង៉ូ​វ​ ត្រកួន​ ត្រសក់​ និង​មើម​ខ្ទឹមសរ​ ក្នុង​ពេល​នោះ​ម្ចាស់​កាបូប​មិន​បាន​ចាប់អារម្មណ៍​ព្រោះ​រវល់​លក់ដូរ​ ធ្វើ​ឲ្យ​ជនសង្ស័យ​ក៏​ឆ្លៀតឱកាស​ ធ្វើ​សកម្មភាព​ចូល​ទៅ​ក្នុង​តូប​លួច​យក​កាបូប​ដាក់​លុយ​ដែល​ទុក​ក្នុង​ធុង​ក្បែរ​កន្លែង​គាត់​អង្គុយ​លក់​យក​ទៅ​បាត់​គេចខ្លួន​ដោយ​សុវត្ថិភាព​ ។​

ករណី​នេះ​កម្លាំង​នគរបាល​ជំនាញ​ កំពុងធ្វើការ​ស្រាវជ្រាវ​រកមុខ​សញ្ញា​ដើម្បី​ចាប់​យក​មក​ផ្តន្ទាទោស​តាម​ច្បាប់​ ៕