អ្វីទៅជារាជគ្រូជោគជ័យក្លែងក្លាយបោកប្រាស់ Fake Guru?

Fake Guru÷ ជាក្រុមមនុស្សដែលធ្វើទីផ្សារបោកប្រាស់តាមបរព័ន្ធOnline សន្យាផ្លាស់ប្តូរជីវិតអ្នក សន្យាផ្តល់សេរីភាពផ្នែកហិរញ្ញវត្ថុ សន្យាថាអ្នកអាចបោះបង់ការងារដ៏គួរអោយធុញទ្រាន់ប្រចាំថ្ងៃ ដោយអ្នកត្រូវចំណាយលុយយ៉ាងច្រើនលើសលុប ទិញវីដេអូ ចូលរួមសិក្ខាសាលារឺវគ្គសិក្សារបស់ពួកគេ វគ្គដើរលើភ្លើង អំបែងកែវ ស្រែកអាឡេអាឡូខ្លាំងៗ អាជីពរបស់ពួកគេបង្រៀនដើម្បីរកលុយ លក់ផលិតផលតាមរយះបណ្តាញពីរ៉ាមីដ(Pyramid Ponzi Scheme)។

អ្នកអាចសំគាល់ក្រុមមនុស្ស Fake Guru តាមរយៈ៖

តាំងខ្លួនថាជាមនុស្សជោគជ័យ ជាមហាសេដ្ឋី ជាអ្នកជោគជ័យក្នុងអាជីវកម្ម អួតពីរបៀបនិងវិធីសាស្រ្តដឹកនាំនិងគ្រប់គ្រងមនុស្សទាំងខ្លួនឯងមិនដែលមានបទពិសោធន៍រឺឆ្លងកាត់ការគ្រប់គ្រងមនុស្សជាក្រុមមធ្យម ក្រុមធំ តាមរយៈអួតពីឡានទំនើប ផ្ទះធំស្កឹមស្កៃ ដែលជាក់ស្តែងគ្រាន់ជាផ្ទះជួលគេ លុយខ្ចីគេរឺរកបានលុយពីអ្នកទាំងអស់គ្នាដែលចូលរួមកម្មវិធីរឺប្រើផលិតផលដែលគ្មានគុណភាព គ្មានប្រភពច្បាស់លាស់ គ្មានបទដ្ឋានទទួលស្គាល់និងពិនិត្យដោយក្រសួងសុខាភិបាលនិងក្រសួងពាក់ព័ន្ធ ឡេលាយខ្លួនឯងដាក់សំបកកញ្ចប់ថារបស់ប្រេន។ល។

មេរៀនរឺវគ្គសិក្សាជោគជ័យដែលពួកគេលក់ភាគច្រើនសុទ្ធតែជាអ្វីដែលអ្នកអាចរកបានដោយមិនអស់លុយពី Youtube, Google រឺអាចចូលរួមស្តាប់វាគ្មិនផ្សេងដែលមានជំនាញជាក់លាក់ចែករំលែកដោយឥតគិតថ្លៃរឺគិតតិចតួចសម្រាប់ទ្រទ្រង់ស្ថាប័នរឺសង្គម។

រូបភាពផ្សព្វផ្សាយរបស់ពួកគេតែងដាក់សម្ពាធធ្វើអោយប៉ះពាល់ដល់ការសម្រេចចិត្តរបស់អ្នកដូចជា ព្យាយាមពន្យល់ពីច្បាប់ស្រូបទាញស្លៀកសំលៀកបំពាក់លិចលើខើចក្រោម លក្ខណ:ចិត្តសាស្ត្រដូចជា “ស្រ្តីត្រូវពឹងខ្លួនឯងកុំចាំតែប្តីអោយលុយចាយ” “ចាត់ទុកការងារផ្ទះនិងការមើលថែររក្សាកូនដូចជាឥតមានតម្លៃ” “តែងខ្លួនឆើតឆាយ” “ចំនួនសំបុត្រមានកំណត់ បើអ្នកយឺតនឹងបាត់ឪកាស” “តម្លៃចូលរួមនឹងឡើងថ្លៃ ប្រសិនហួសពីថ្ងៃនេះតទៅ លក់លាងឃ្លាំង ហៅមិត្តភ័ក្រអោយចូលរួមបានការបញ្ចុះតម្លៃរឺបានកំរ៉ៃជើងសារ។ល។”

Fake Guru ពូកែរសម្តែងណាស់ តែងចាប់ផ្តើមនិយាយពីប្រវត្តិខ្លួនពីមុនថាកំសត់ ក្រីក្រ លំបាក តោកយ៉ាក ប៉ុន្តែឥឡូវជោគជ័យហើយ បើចង់ជោគជ័យដែរគួរធ្វើតាមពួកគេ ត្រឹមត្រូវណាស់! ពួកគេជោគជ័យប្រសិនបើអ្នកអនុញ្ញាតអោយពួកគេបោកបាន ត្រូវចាំថាអ្នក មិត្តភ័ក្តនិងបងប្អូនជាប្រភពចំនូលរបស់គេ។

សរុបមកវិញ Fake Guru នឹងធ្វើអោយអ្នកខាតបង់ពេលវេលា ខាតបង់លុយកាក់ បបួលបងប្អូនមិត្តភ័ក្រ សាច់ញាតិអោយចូលរួមជាពិសេសជាងនេះទៅទៀតគឺបាត់បង់ជំនឿចិត្តលើខ្លួនឯង ជាក់ស្តែងអ្នករងគ្រោះតែងស្ងាត់ស្ងៀម មិនធ្វើការតបតដោយសារពួកគាត់ខ្មាស់អៀនហើយអាចឈានដល់មានជម្ងឺផ្លូវចិត្ត បើស្ត្រីខូចសម្រស់ដោយសារប្រើផលិតផលក្លែងក្លាយរឺអាចឈានដល់រោគស្បែកបើធ្ងន់ធ្ងជាងនេះអាចកើតជម្ងឺមហារីក៕

ប្រភព