ពិតជាមិនគួរឲ្យជឿ! ពីក្មេងស្រីស្មូតតាមវត្ត ឥឡូវក្លាយជាដៃគូជាមួយកំពូលតារាចម្រៀង ព្រាប សុវត្ថិ! (មានវីដេអូ)

ភ្នំពេញ ៖ បន្ទាប់ពីបានវិវត្តខ្លួនមកជាតារាចម្រៀងអាជីពពេញលេញ ក្រោយបានចុះកុងត្រាជាមួយផលិតកម្ម Galaxy Navatra ជីវិតរបស់តារាចម្រៀងស្រីវ័យក្មេងកញ្ញា តន់ ច័ន្ទសីម៉ា បានផ្លាស់ប្ដូរ ១៨០ដឺក្រេយ៉ាងលឿនបំផុត ដោយនៅអតីតកាលនាងគឺជាសិស្សជ័យលាភីស្មូតកំណាព្យលេខ១ ប្រចាំនៅខេត្តតាកែវ ហើយក្មេងស្រីម្នាក់នេះ ក៏មិនធ្លាប់គិតឡើយថា អាចក្លាយខ្លួនជាតារាចម្រៀងល្បី ហើយអាចច្រៀងជាមួយកំពូលតារាចម្រៀង ព្រាប សុវត្ថិ ដូចសព្វថ្ងៃនេះដែរ។

  កញ្ញា តន់ ច័ន្ទសីម៉ា និងលោក ព្រាប សុវត្ថិ 

កញ្ញា តន់ ច័ន្ទសីម៉ា គឺជាក្មេងដែលមាននិស្ស័យខាងសិល្បៈតាំងពីកំណើត ហើយនាងមានកំណើតមកពីខេត្តតាកែវ ដែលមានឪពុកជាមន្ត្រីរាជការ និងម្ដាយជាស្ត្រីមេផ្ទះ។ នាងជាកូនទី៣ ក្នុងចំណោម ៤ នាក់ សុទ្ធតែស្រី។ សីម៉ា មាននិស្ស័យលើសិល្បៈតន្ត្រីតាំងពីតូចៗមក ពោលគឺតាំងពីនាងទើបមានអាយុ ៥ ឆ្នាំម្ល៉េះ។ នាងថា៖«ខ្ញុំចេះច្រៀងតាំងពីអាយុ ៥ ឆ្នាំម្ល៉េះបង និយាយទៅស្រឡាញ់ខ្លាំងហ្មងអារឿងច្រៀងរាំអីហ្នឹង!»។ សម្តីរបស់កញ្ញា តន់ ច័ន្ទសីម៉ាកាលនៅសិក្សានៅឯស្រុកកំណើតនាងធ្លាប់ជាសិស្សជ័យលាភីស្មូតកំណាព្យលេខ១ ប្រចាំខេត្តតាកែវ។ ដោយសារនិស្ស័យសិល្បៈដុះដាលក្នុងចិត្តតាំងពីនាយបែបនេះផ្សំនឹងការសិក្សាបញ្ចប់ថ្នាក់ទី១២ ផង សីម៉ា ក៏បានសម្រេចចិត្តចាកចោលភូមិស្រុកឡើងមកបន្តការសិក្សានៅភ្នំពេញនាដើមឆ្នាំ២០១៧ ដោយក្នុងពេលនោះដែរនាងទើបមានត្រឹមតែអាយុ១៧ ឆ្នាំប៉ុណ្ណោះ។

តារាចម្រៀងតូចច្រឡឹងរូបនេះក៏បានប្រាប់ទៀតថា នៅលើដីក្រុងគឺមានតែនាងម្នាក់ឯង គ្មានក្រុមគ្រួសារ សាច់ញាតិអ្វីដែលអាចពឹងពាក់បានឡើយ។ ដូច្នេះហើយរឿងដែលត្រូវធ្វើ គឺត្រូវខំរស់ដោយខ្លួនឯង ព្រោះស្ថានភាពគ្រួសាររបស់នាងក៏មិនជាធូរធារដែរ។ ស្ថានភាពនេះ សីម៉ា ប្រាប់ថា សំអាងលើទេពកោសល្យសិល្បៈចម្រៀងរបស់នាង នាងក៏ចេញរកការងារធ្វើ ហើយចាត់ជាភ័ព្វល្អនៅខ្ទង់ពាក់កណ្ដាលឆ្នាំ២០១៧ នាងត្រូវបានថៅកែហាងមួយព្រមទទួលយកនាងធ្វើជាតារាចម្រៀងក្នុងហាងរបស់ខ្លួន ហើយពេលនោះជីវិតតស៊ូជាអ្នករៀនផង ធ្វើការផង ក៏បានចាប់ផ្ដើម។ ចូលច្រៀងក្នុងហាងខាងលើនោះ សីម៉ា ត្រូវបានថៅកែផ្ដល់ប្រាក់ខែ ៤៥០ដុល្លារ ក្នុង១ខែ។ ចំនួននេះនាងលើកឡើងថា សមល្មមនឹងអាចឲ្យនាងរស់បានណាស់ទៅហើយ ហើយរឹតតែសប្បាយចិត្តទៅទៀត ព្រោះនាងមិនដែលសង្ឃឹមថា សមត្ថភាពច្រៀងរបស់នាង ដែលធ្វើទៅតាមនិស្ស័យសោះ អាចឲ្យនាងរកចំណូលបានគួរសមសម្រាប់ផ្គត់ផ្គង់ខ្លួនឯង និងផ្គត់ផ្គង់ការសិក្សាថែមទៀត។ ក្រោយពីច្រៀងនៅក្នុងងហាងបានមួយរយៈធំនាងក៏បានឈប់វិញ ហើយក៏បានដាក់ពាក្យប្រឡងក្នុងកម្មវិធីប្រឡងចម្រៀងលំដាប់ពិភពលោករៀបចំដោយទូរទស្សន៍មួយក្នុងស្រុកនៅឆ្នាំ២០១៨។

  កញ្ញា តន់ ច័ន្ទសីម៉ា

ចុងក្រោយបំផុតនាងក៏ត្រូវបានផលិតកម្ម Galaxy ហៅចូលធ្វើជាតារាចម្រៀងកុងត្រាកាលពីដើមឆ្នាំ២០១៩។ នៅក្នុងផលិតកម្មនេះ តារាចម្រៀងវ័យ ២២ ឆ្នាំ មានបទជាច្រើនបានចេញជាបន្តបន្ទាប់នៅលើទីផ្សារ ហើយសុទ្ធសឹងជាបទពេញនិយមដូចជា៖ បទ «មិនស្មោះស្រឡាញ់រកងាប់អី» «យល់ច្រឡំគេស្រឡាញ់យើង» «គេនោះជាស្រីកាប់ដាវ» «ដណ្ដឹងអូនទៅ» «ចង់សុំ Wifi» និងបទ «ឡានស៊ីរ៉ែន» ជាដើម។ និយាយពី views បទចម្រៀងរបស់ តន់ ចន្ទសីម៉ា វិញ វាពិតជាមិនគួរឲ្យជឿ ដែលតារាចម្រៀងស្រីវ័យក្មេងរូបនេះ ប្រើពេលមិនដល់មួយឆ្នាំវ៉ាដាច់គេទាំងអស់ ដោយមានចំនួនអ្នកចូលទស្សនាសរុប រហូតដល់ទៅ500M ។ នេះបើតាមការបង្ហាញឲ្យដឹងពីផលិតកម្ម Galaxy Navatra។ ផ្អែកតាមរបាយការណ៍នេះ អាចនិយាយបានថា កញ្ញា តន់ ចន្ទសីម៉ា គឺជាកំពូលតារាចម្រៀងវ័យក្មេងម្នាក់ ដែលមានអ្នកទស្សនាច្រើនជាងគេនៅកម្ពុជា នៅក្នុងឆ្នាំ២០២០ កន្លងទៅនេះ។

  កញ្ញា តន់ ច័ន្ទសីម៉ា

ហើយនៅថ្ងៃនេះផលិតកម្ម Galaxy Navatra ក៏បានឲ្យនាងច្រៀងចាប់ដៃគូជាមួយនឹងកំពូលតារាចម្រៀងលោក ព្រាប សុវត្ថិ។ ការចាប់ដៃគូគ្នានេះមិនមែនជារឿងចៃដន្យនោះឡើយ ទាំងនេះដោយសារតែសមត្ថភាពរបស់នាងជាហេតុផលនាំឲ្យនាងអាចមានឱកាសច្រៀងជាដៃគូលោក ព្រាប សុវត្ថិ បង្កើតអាល់ប៊ុមថ្មី។ អាល់ប៊ុមដំបូងរបស់អ្នក ទាំងពីរមានចំណងជើងថា «កាត់ឆុង» ទើបនឹងចេញនៅព្រឹកនេះតែម្ដង។

ឈុតខ្លះៗនៅក្នុងបទ «កាត់ឆុង»
ឈុតខ្លះៗនៅក្នុងបទ «កាត់ឆុង»
ឈុតខ្លះៗនៅក្នុងបទ «កាត់ឆុង»
ឈុតខ្លះៗនៅក្នុងបទ «កាត់ឆុង»
ឈុតខ្លះៗនៅក្នុងបទ «កាត់ឆុង»
ឈុតខ្លះៗនៅក្នុងបទ «កាត់ឆុង»

តោះ! ចង់ដឹងថាបទ «កាត់ឆុង» មានអត្ថន័យ និងទឹកដមយ៉ាងណា មកទស្សនា និងស្ដាប់បទចម្រៀងនេះទាំងអស់គ្នាដូចខាងក្រោម៖


From: https://www.khmerload.com/
By: Reatrey