ម៉ាក់ៗពេលមានអាអូនក្នុងពោះ ហើយចង់ញ៉ាំទុរេន ត្រូវដឹងរឿងទាំងនេះ!

ចែករំលែកចំណេះដឹងសុខភាពប្រចាំថ្ងៃ ៖ ខែ​សម្បូរ​ទុរេន​​ឃើញ​តែ​គេ​លក់ និង​បង្ហោះ​ទុរេន​ព្រោង​ព្រាត​ពេញ​បណ្តាញ​សង្គម ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​ស្រ្តី​ពពោះ​ទប់​អារម្មណ៍​មិន​បាន​ឡើយ។ តើ​ការ​ញ៉ាំ​ទុរេន​ពេល​មាន​ផ្ទៃពោះ​មាន​ចោទ​ជា​បញ្ហា​អត់? ហេតុ​អី?
ចំពោះ​បញ្ហា​នេះ លោក​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត ប្រធាន​ផ្នែក​សម្ភព និង​រោគ​ស្ត្រី នៃ​មន្ទីរពេទ្យ​មិត្តភាព​កម្ពុជា-ចិន សែនសុខ បាន​ឲ្យ​​ដឹង​ថា ស្ត្រី​មាន​ផ្ទៃ​ពោះ​អាច​ញ៉ាំ​ទុរេន​បាន ឬ​មិន​បាន អាស្រ័យ​ទៅ​លើ​ស្ថានភាព​សុខភាព​របស់​ស្ត្រី​មាន​ផ្ទៃពោះ​ផ្ទាល់។
លោក​វេជ្ជបណ្ឌិត​ថា ស្ត្រី​មាន​ផ្ទៃពោះ​ដែល​មិន​មាន​បញ្ហា​សុខភាព​ទេ​នោះ អាច​ញ៉ាំ​ទុរេន​បាន ថែម​ទាំង​មាន​ប្រយោជន៍​ទៀត ដោយហេតុ​ថា ទុរេន​​មាន​កម្រិត​កាឡូរី ជាតិ​រ៉ែ និង​វីតាមីន​ខ្ពស់ មាន​សាច់​ទន់ ​ងាយ​រំលាយ ហើយ​ពោរពេញ​ដោយ​ជាតិ​ស្ករ​ធម្មជាតិ ដែល​ផ្ដល់​ឲ្យ​ម៉ាក់ៗ​កំពុង​ពពោះ មាន​​ថាមពល​បន្ថែម និង​ជួយ​ឲ្យ​មាន​កម្លាំង។
តែ​ទោះ​យ៉ាងណា ការ​ញ៉ាំ​ច្រើនជ្រុល​ពេក តាម​ចំណង់​នៃ​ការ​ឃ្លាន​របស់​ស្ត្រី​មាន​ផ្ទៃពោះ មិន​ល្អ​នោះ​ទេ ពិសេស​នៅ​អំឡុង​ត្រីមាសទី៣ ដែល​ជា​ពេល​ស្ត្រី​ពពោះងាយ​នឹង​ឡើង​គីឡូ​លឿន​បំផុត។ លោក​វេជ្ជបណ្ឌិត​ថា ទុរេន​មាន​រសជាតិ​ផ្អែម​ខ្លាំង អាច​ធ្វើ​ឲ្យ​ស្ត្រី​ពពោះ​ឡើង​កម្តៅ​ក្នុង​ខ្លួន ឬ​ធ្វើ​ឲ្យ​ធាត់​កាត់​តែ​ខ្លាំងលោក​វេជ្ជបណ្ឌិត​បាន​បន្ត​ថា ទុរេន​មាន​ជាតិ​ស្ករ និង​កាបូអីដ្រាត​ខ្ពស់ ដោយ​ទុរេន​ទំហំ​ល្មម​ត្រឹម​២​គ្រាប់ មាន​កម្រិត​កាឡូរី រហូត​ដល់ ៦០ ​កាឡូរី បែប​នេះ​ស្ត្រី​ដែល​មាន​បញ្ហា​សុខភាព​មួយ​ចំនួន​ខាងក្រោម​នេះ លោក​វេជ្ជបណ្ឌិត​ណែនាំ​ឲ្យ​ចៀស​វាង​ការ​ញ៉ាំ​ទុរេន។
– ស្រ្តី​មាន​ផ្ទៃ​ពោះ​​លើស​ទម្ងន់
– ស្រ្តី​មាន​ជំងឺ​ទឹក​នោម​ផ្អែម​ពេល​មាន​ផ្ទៃពោះ
– ស្រ្តី​មាន​ផ្ទៃពោះ​​មាន​ប្រវត្តិ​គ្រួសារ​មាន​ជំងឺ​ទឹកនោម​ផ្អែម។
ដោយ​ឡែក​លោក​វេជ្ជបណ្ឌិត ហ៊ាង រតនា ឯកទេស​ជំងឺ​ទូទៅ បាន​ប្រាប់​ឲ្យ​ដឹង​ថា បន្ទាប់​ពី​ញ៉ាំ​ទុរេន​ហើយ​ភ្លាម យើង​មិន​គួរ​ញ៉ាំ​អាហារ​មាន​ជាតិ​ហ្គាស និង​អាហារ​មាន​ជាតិ​ផ្អែម​តាម​ក្រោយ​នោះ​ទេ ព្រោះ​អាច​បណ្តាល​ឲ្យ​ឈឺ​ពោះ ឆ្អល់ពោះ ហើមពោះ រាក ក្អួត លើស​ជាតិ​ស្ករ៕
From: https://hellokrupet.com
By: Reatrey