រថយន្តធុនធ្ងន់មួយគ្រឿងប្រលះម៉ូតូ បណ្តាលឲ្យស្រ្តីម្នាក់ស្លាប់

ខេត្តកណ្ដាល÷ ករណីគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោករវាងរថយន្តនឹងម៉ូតូបណ្តាលអោយស្លាប់០១នាក់។ ខូចខាតរថយន្ត ០១គ្រឿង និងម៉ូតូ០១គ្រឿង។ កើតហេតុនៅថ្ងៃអាទិត្យ ១១កើត ខែមាឃ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹង ថ្ងៃទី២៤ ខែមករា ឆ្នាំ២០២១ វេលាម៉ោង ៩និង០៨នាទីព្រឹក នៅលើផ្លូវជាតិលេខ៦ ចន្លោះគីឡូម៉ែតលេខ ២៩-៣០ ត្រង់ផ្លូវឆ្លងកាត់ ស្ថិតនៅភូមិព្រែកយាយហ៊ិនទី២ ឃុំឫស្សីជ្រោយ ស្រុកមុខកំពូលខេត្ត កណ្ដាល។

សភាពនៃរឿងហេតុ÷ នៅថ្ងៃកើតហេតុខាងលើ មានរថយន្តមួយគ្រឿងម៉ាកហ៊ីយិនដាយ ពណ៌ស ពាក់ផ្លាកលេខភ្នំពេញ 3B-8359 បើកបរដោយឈ្មោះ ផេង ផា ភេទប្រុសអាយុ២៥ ឆ្នាំមានទីលំនៅភូមិដុល ឃុំសន្លុង ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល។ ធ្វើដំណើរពីត្បូងទៅជើង លុះមកដល់ចំណុចកើតហេតុ បានគេចពីរថយន្តធន់ធំមួយគ្រឿង មិនស្គាល់ម៉ាក ដែលកំពុងបត់ឆ្វេង ហើយក៏បានមកប៉ះរថយន្តហីយិនដាយខាងលើបន្តិច រួចក៏ជ្រុលមកបុកម៉ូតូមួយគ្រឿងម៉ាកនិច(Nex) ពណ៌ស ពាក់ផ្លាកលេខភ្នំពេញ1CG-5983 បើកបរដោយឈ្មោះ លន់ សុវ៉ាទី ភេទស្រី អាយុ៣៦ឆ្នាំ មានីលំនៅភូមិឫស្សីជ្រោយ ឃុំឫស្សីជ្រោយ ស្រុកមុខកំពូល ខេត្តកណ្ដាល ធ្វើដំណើរពីត្បូង ទៅជើង (ពីឫស្សីជ្រោយទៅកំពង់ចាម ស្របទិសគ្នា) បណ្ដាលអោយស្លាប់អ្នកបើកបរម៉ូតូឈ្មោះ លន់ សុវ៉ាទី នៅនឹងកន្លែងកើតហេតុ។

ក្រោយពីទទួលបានពត៌មានកំលាំងប៉ុស្តិ៍នគរបាលរដ្ឋបាលឫស្សីជ្រោយ និងកំលាំងជំនាញបានចុះទៅដល់កន្លែងកើតហេតុ ហើយបានពិនិត្យកន្លែងកើតហេតុ និងវាស់វែង រួចបានយករថយន្តនិងម៉ូតូ មករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកមុខកំពូល។

ចំពោះសពជំនាញបានធ្វើកំណត់ហេតុប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី។ ចំណែកអ្នកបើកបររថយន្តឈ្មោះ ផេង ផា បានឃាត់ខ្លួននៅអធិការដ្ឋាននគរបាលស្រុកមុខកំពូល។

សេចក្តីសន្និដ្ឋាន ដោយអ្នកបើកបររថយន្ត ហ៊ីយិនដាយពាក់ផ្លាកលេខភ្នំពេញ 3B-8359 បើកបរលឿនខ្វះការប្រុងប្រយ័ត្ន ៕