អ៊ីតាលីប្រកាសបិទការប្រើប្រាស់កម្មវិធី TikTok ជាបណ្ដោះអាសន្នសម្រាប់អ្នកប្រើប្រាស់មួយចំនួន

អាជ្ញាធរប្រទេសអ៊ីតាលីបានប្រកាសបិទមិនឱ្យអ្នកប្រើប្រាស់ប្រើកម្មវិធី TikTok ប្រសិនបើពុំមានការបញ្ជាក់ច្បាស់លាស់អំពីអាយុរបស់ពួកគេរហូតដល់ ថ្ងៃទី១៥ ខែកុម្ភៈ នៅពេលដែលអាជ្ញាធរកំពុងតែធ្វើការស្រាវជ្រាវទាក់ទងទៅនឹងករណីក្មេងស្រីអាយុ១០ឆ្នាំម្នាក់ ត្រូវបានស្លាប់បន្ទាប់ពីកុមារីនេះបានចូលរួមនៅក្នុងកម្មវិធី “blackout challenge” តាមរយៈប្រព័ន្ធទំនាក់ទំនងសង្គម TikTok។

Blackout challenge គឺជាល្បែងលេងសើចក្នុងចំណោមក្មេងៗវ័យជំទង់ ដោយរាំងខ្ទប់ខ្យល់អុកស៊ីសែនកុំឱ្យចូលទៅដល់ខួរក្បាលរបស់ពួកគេ ប៉ុន្តែក្រុមវេជ្ជបណ្ឌិតតែងតែបានធ្វើការអប់រំនិងការព្រមានពីភាពគ្រោះថ្នាក់នៃល្បែងនេះ។

គួរបញ្ជាក់ផងដែរថាកាលពីខែធ្នូឆ្នាំកន្លងទៅ អាជ្ញាធរអ៊ីតាលីបានប្ដឹងក្រុមហ៊ុន TikTok ដោយចោទប្រកាន់ថាក្រុមហ៊ុនពុំមានការយកចិត្តទុកដាក់ក្នុងការ ការពារសុវត្ថិភាពរបស់កុមារ មិនត្រឹមតែប៉ុណ្ណោះរដ្ឋាភិបាលក៏បានរិះគន់ ដែលក្រុមហ៊ុនអនុញ្ញាតឱ្យក្មេងតូចៗអាចចុះឈ្មោះប្រើកម្មវិធីរបស់ពួកគេបានទៀតផង។

ដោយឃើញពីភាពគ្រោះថ្នាក់ក្នុងការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យានេះហើយ ដែលនាយកដ្ឋានតែងតែស្នើសុំឱ្យអាណាព្យាបាលត្រូវស្វែងយល់និងតាមដាន ការប្រើប្រាស់ប្រព័ន្ធបណ្ដាញទំនាក់ទំនងសង្គមរបស់កូនចៅពួកគេ ហើយលោកអ្នកគួរតែមានការប្រុងប្រយ័ត្ននៅពេលដែលឃើញ ពួកគេមានការផ្លាស់ប្ដូរអាកប្បកិរិយាខ្លាំងនោះ៕

ប្រភព ព័ត៌មាន