នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បញ្ជាក់ករណីសារក្នុងបណ្ដាញទំនាក់ទំនងសង្គម WhatsApp

នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យាបានសង្កេតឃើញមានការចែកចាយបន្ត តាមរយៈរូបភាពឬសារក្នុងបណ្ដាញទំនាក់ទំនងសង្គមមួយចំនួនទាក់ទងនឹងកម្មវិធីមេរោគដែលកំពុងតែចែកចាយតាមរយៈកម្មវិធី WhatsApp។

បើតាមរូបភាពដែលនាយកដ្ឋានបានទទួល អះអាងថាមានការចែកចាយវីដេអូដែលមានមេរោគ ដែលមានឈ្មោះ “Dance of the Pope” និងកម្មវិធី WhatsApp Gold ក្លែងក្លាយ ហើយពួកគេថែមទាំងអះអាងថា ព័ត៌មានទាំងនេះមានប្រភពមកពីវិទ្យុ BBC។

តាមការស្រាវជ្រាវរបស់នាយកដ្ឋាន ការផ្សព្វផ្សាយព័ត៌មាននេះគឺជាការផ្សព្វផ្សាយក្លែងក្លាយ ដែលតែងតែកើតឡើងជារៀងរាល់ឆ្នាំ ហើយវិទ្យុ BBC របស់ចក្រភពអង់គ្លេសក៏ពុំបានធ្វើការផ្សព្វផ្សាយព័ត៌មាននេះទេ។ នាយកដ្ឋានសូមឱ្យបងប្អូនអ្នកប្រើប្រាស់ចៀសវាងការចុច like ឬ share ព័ត៌មានក្លែងក្លាយទាំងនេះព្រោះវាគ្រាន់តែនាំឱ្យខាតបង់ពេលវេលាសម្រាប់អ្នកប្រើប្រាស់ទូទៅ។ ម្យ៉ាងវិញទៀតការចុច like ឬ share មិនត្រឹមតែជួយផ្សព្វផ្សាយព័ត៌មានមិនពិតនោះទេ ហើយថែមទាំង បង្ហាញថាយើង គាំទ្រការផ្សព្វផ្សាយព័ត៌មានមិនពិតទាំងនោះផងដែរ៕

ប្រភព ព័ត៌មាន ÷នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា