សម្ដេចក្រឡាហោម ណែនាំដល់អភិបាលរាជធានី-ខេត្ត ត្រូវពិនិត្យស្មៀនឃុំ-សង្កាត់ ជាបន្ទាន់ចំពោះអាកប្បកិរិយាបំពេញភារកិច្ចបម្រើប្រជាពលរដ្ឋ

ភ្នំពេញ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានណែនាំដល់អភិបាល នៃគណៈអភិបាលរាជធានី-ខេត្ត ទាំងអស់ ត្រូវចុះពិនិត្យជាបន្ទាន់ចំពោះស្មៀនឃុំ-សង្កាត់ ព្រោះមានប្រជាពលរដ្ឋបានរាយការណ៍តាមគេហទំព័រហ្វេសប៊ុកផេកផ្លូវការរបស់សម្ដេច ថាមានស្មៀនឃុំ-សង្កាត់ មួយចំនួនមានឫកពាមិនសមរម្យ ខណៈពេលដែលប្រជាពលរដ្ឋមកទទួលយកសេវាសាធារណៈនៅក្នុងមូលដ្ឋានរបស់ពួកគាត់។

ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោកប្រចាំឆ្នាំ២០២០ និងលើកទិសដៅការងារ ឆ្នាំ២០២១ នារសៀលថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២១ នៅទីស្តីការក្រសួងមហាផ្ទៃ សម្ដេចក្រឡាហោម ស ខេង បានឲ្យដឹងថា នាពេលកន្លងមកមានប្រជាពលរដ្ឋមួយចំនួនទៅសាលាឃុំ-សង្កាត់ ឲ្យដោះស្រាយបញ្ហាអ្វីមួយ ប៉ុន្ដែមានស្មៀនឃុំ-សង្កាត់ មួយចំនួន មានអាកប្បកិរិយាមិនល្អចំពោះប្រជាពលរដ្ឋ៕