អាជ្ញាប័ណ្ណស្របច្បាប់ដែលអាចអោយក្រុមហ៊ុនរុករករ៉ែមាសចំនួន៤០ ក្រុមហ៊ុននៅក្នុងព្រះរាជាណាចក្រកម្ពុជានាពេលបច្ចុប្បន្ន!

ភ្នំពេញ ៖ មន្ត្រីជាន់ខ្ពស់ក្រសួងរ៉ែ និងថាមពល បានបញ្ជាក់ថា បច្ចុប្បន្ននេះនៅប្រទេសកម្ពុជាមានក្រុមហ៊ុនដែលមានអាជ្ញាប័ណ្ណចំនួន៤០ កំពុងតែធ្វើអាជីវកម្មរុករករ៉ែមាសដោយស្របច្បាប់ ដែលចេញដោយក្រសួងរ៉ែ និងថាមពល ក្នុងនោះរួមមានក្រុមហ៊ុនខ្មែរ ចិន អូស្ដ្រាលី កាណាដាជាដើម។
ក្រុមហ៊ុនវិនិយោគលើការរុករករ៉ែមាស ដែលទទួលបានសិទ្ធិពីរាជរដ្ឋាភិបាលកម្ពុជា បានបញ្ជាក់ថា ខ្លួននឹងចាប់ផ្តើមដំណើរការ ផលិតកម្មរ៉ែមាស ជាលើកដំបូងនៅឆ្នាំ២០២១នេះ ដែលអាចទទួលបានក្នុងបរិមាណ១០ម៉ឺនអោនក្នុង១ឆ្នាំ (ប្រហែល៣តោន)។
លោក យស មុនីរ៉ាត់ អគ្គនាយកនៃអគ្គនាយកដ្ឋានរ៉ែ នៃក្រសួងរ៉ែ និងថាមពលបានប្រសាសន៍នៅថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២១នេះថា នៅក្នុងចំណោមក្រុមហ៊ុនស្របច្បាប់ទាំង៤០ បច្ចុប្បន្នមានក្រុមហ៊ុន Renaissance Minerals (Cambodia) Ltd ដែលជាក្រុមហ៊ុនមួយរបស់អូស្ត្រាលី ទទួលបានអាជ្ញាប័ណ្ណរុករករ៉ែមាស ពីក្រសួងរ៉ែ និងថាមពល បានប្រកាសថា ខ្លួននឹងចាប់ផ្ដើមផលិតមាស ជាលើកដំបូងនៅត្រីមាសទី២ ក្នុងឆ្នាំ២០២១។ ទីតាំងដែលក្រុមហ៊ុននេះ កំពុងដំណើរការអភិវឌ្ឍន៍រ៉ែមាស ស្ថិតនៅក្នុងតំបន់អូខ្វាវ ក្នុងស្រុកកែវសីមា ខេត្តមណ្ឌលគិរី។
លោកបានមានប្រសាសន៍បន្តថា ការប្រកាសរបស់ក្រុមហ៊ុន Renaissance Minerals (Cambodia) Ltd អំពីការចាប់ផ្ដើមផលិតកម្មរ៉ែមាស ជាលើកដំបូងរបស់ខ្លួន នៅត្រីមាសទី២ក្នុងឆ្នាំ២០២១នេះ ពិតជារឿងត្រឹមត្រូវ។
លោកអះអាងថា «ការធ្វើផលិតកម្មរ៉ែមាសនេះ វានឹងជួយផ្ដល់ផលប្រយោជន៍ ដល់សេដ្ឋកិច្ចជាតិ និងមានចំណូលបន្ថែមមួយផ្នែក សម្រាប់អភិវឌ្ឍន៍ប្រទេស»។លោក យស មុនីរ៉ាត់ បន្ដថា ក្រុមហ៊ុន Renaissance Minerals (Cambodia) Ltd គឺជាក្រុមហ៊ុនទី១ ដែលជាក្រុមហ៊ុនខ្នាតអន្ដរជាតិ ដែលអាចចាប់ផ្ដើមផលិតមាស ជាលើកដំបូងនៅប្រទេសកម្ពុជា ហើយបើតាមផែនការក្រុមហ៊ុន អាចផលិតមាសបាន ប្រហែល១០០ពាន់អោនក្នុងមួយឆ្នាំ។
លោកថា “ការប្រកាសរបស់ក្រុមហ៊ុនពិតជាត្រឹមត្រូវ គេទទួលបានអាជ្ញាបណ្ណ និងគោពតាមគោលការណ៍របស់រាជរដ្ឋាភិបាល។ យើងគិតថា ក្រុមហ៊ុននេះជាក្រុមហ៊ុនទី១ ដែលជាក្រុមហ៊ុនខ្នាតអន្ដរជាតិ ដែលអាចចាប់ផ្ដើមផលិតមាសបាន។ បើតាមផែនការរបស់ក្រុមហ៊ុន ផែនការផលិតប្រហែលជា១០០ពាន់អោន ក្នុងមួយឆ្នាំ”៕
From: https://www.propertyarea.asia
By: Reatrey