ក្រុមហ៊ុនចំនួន៣ ដែលបានសិទ្ធិផ្តល់សេវាប្រមូល និងដឹកជញ្ជូនសំរាម

អភិបាលរាជធានីភ្នំពេញ៖ នៅថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២១នេះ ឯកឧត្តម ឃួង ស្រេងអភិបាលរាជធានីភ្នំពេញ បានប្រកាសសមាសភាពក្រុម ហ៊ុនចំនួន៣ ដែលទទួលបានសិទ្ធិផ្តល់សេវាប្រមូល និងដឹកជញ្ជូនសំរាមប្រកបដោយ លក្ខណៈស្តង់ដារមានប្រសិទ្ធភាពក្នុងរាជធានីភ្នំពេញ។

ក្រុមហ៊ុនឯកជនទាំង៣ រួមមាន ក្រុម ហ៊ុន Mizuda Group Co.,Ltd ក្រុមហ៊ុន 800 Super/GAEA និងក្រុមហ៊ុនស៊ីនទ្រី /Everbright (China)។

ឯកឧត្តម ឃួង ស្រេងអភិបាលរាជធានីភ្នំពេញបន្ដថា កាលពីខែតុលា ឆ្នាំ២០១៩ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បាន ប្រកាសដកហូតសិទ្ធិ ប្រមូលសំរាមពីក្រុមហ៊ុនស៊ិនទ្រី ដើម្បីឱ្យរដ្ឋកាន់កាប់ជាបណ្តោះសិន ក្រោមហេតុផលថា ក្រុមហ៊ុនស៊ីនទ្រីមានតែមួយ គឺមិនអាចប្រមូលសំរាមនៅភ្នំពេញមាន ប្រសិទ្ធភាពនោះឡើយ ពោលគឺចាំបាច់ត្រូវ មានក្រុមហ៊ុនយ៉ាងហោចណាស់ ៣ ទៅ ៤ ក្រុម ហ៊ុនទៀត ទើបជាការល្អក្នុងប្រតិបត្តិការចេញប្រមូលសំរាម។

ការប្រមូលសំរាមនៅភ្នំពេញក៏ តម្រូវដាក់ឱ្យដេញថ្លៃជាថ្មី ដើម្បីស្វែងរកក្រុមហ៊ុន ដែលមានសមត្ថភាពបទពិសោធន៍ចូលរួម ផ្ដល់សេវាប្រមូល និងដឹកជញ្ជូនសំរាម និងសំណង់រឹងនៅរាជធានីភ្នំពេញ។

សូមបញ្ជាក់ថា ក្រុមហ៊ុនទាំង៣ ដែលឈ្នះការដេញថ្លៃ និងដែលទទួលបានសិទ្ធិផ្តល់ សេវាប្រមូល និងដឹកជញ្ជូន សំរាមក្នុងរាជធានីភ្នំពេញនេះ ត្រូវបានសម្រិត សម្រាំងជ្រើសរើស ក្នុងចំណោមក្រុមហ៊ុនទាំង២០ ដែលបានចូលរួមដេញថ្លៃ។

ចំពោះដំណើរការ និងនីតិវិធី លទ្ធកម្មនេះនឹងត្រូវឆ្លងកាត់ជា ២ដំណាក់កាលគឺ។ ទី១. ការវាយតម្លៃលើបុរេសមត្ថភាព និងលក្ខណសម្បត្តិរបស់ក្រុមហ៊ុន។ ទី២. គឺការវាយតម្លៃជ្រើសរើសក្រុមហ៊ុនចំនួន ៣ ក្នុងការ ផ្តល់សេវាតាមតំបន់ដែលបានកំណត់។

ដោយសារកំណើនប្រជាពលរដ្ឋរាជធានីភ្នំពេញ បានធ្វើឱ្យបរិមាណផលិតសំរាម សំណល់រឹងកាន់តែមានការកើនទ្បើង ដែលជាក់ស្ដែងក្នុង មួយថ្ងៃៗរាជធានីភ្នំពេញមានសំរាមប្រមាណជា៣០០០តោន ដែលត្រូវបានប្រមូល និងដឹកជា ប្រចាំទៅចាក់ចោលនៅទីលានចាក់សំរាមជើងឯក៕