UCL៖ Liverpool មិនអាច​ទៅ​អាល្លឺម៉ង់​ប្រកួត​ជាមួយ Leipzig

កីឡា ៖ Liverpool មិនអាច​ធ្វើដំណើរ​ទៅ​អាល្លឺម៉ង់​ដើម្បី​ប្រកួត​ជាមួយ RasenBallsport Leipzig ពានរង្វាន់ UEFA Champions League ជើង​ទី​១ វគ្គ​១៦​ក្រុម​ចុងក្រោយ​នៅ​ថ្ងៃទី​១៦ ខែកុម្ភៈ​ឡើយ​។ ការមិនអាច​ទៅ​ចូលរួម​នេះ ដោយសារ​អាល្លឺម៉ង់​បាន​ហាមឃាត់​អ្នកធ្វើដំណើរ​ពី​បណ្តា​ប្រទេស​នានា​រួមទាំង​អង់គ្លេស​ផង​ដើម្បី​បង្ការ​ការឆ្លង COVID-19​។​

បើ​យោងតាម​ទីភ្នាក់ងារ​ព័ត៌មាន Reuters ផ្សាយ​ថ្ងៃទី​៥ ខែកុម្ភៈ​នេះ ក្រសួងមហាផ្ទៃ​អាល្លឺម៉ង់​បានចេញ​សេចក្តី​ប្រកាសថា​ក្លិប RB Leipzig ក្នុង​ក្របខណ្ឌ Bundesliga មិនត្រូវ​បានអនុញ្ញាត​ឱ្យទទួល​ស្វាគមន៍​ក្រុម​ហង្ស​ក្រហម​សម្រាប់​ក្របខណ្ឌ​អឺរ៉ុប​ពេលនេះ​ឡើយ​។​
​សហព័ន្ធ​កីឡាបាល់ទាត់​អឺរ៉ុប (UEFA) បានធ្វើ​បច្ចុប្បន្នភាព​បទ​ប្បញ្ញត្តិ​របស់ខ្លួន​ស​ម្រា​ប់​ការប្រកួត​វគ្គ​ខ្វែង Champions League និង Europa League ចំពេល​មាន​ការរីក​រាលដាល​កាន់តែ​ខ្លា​មង​នៃ​ការឆ្លង​ជំងឺ COVID-19​។ ច្បាប់​ថ្មី​របស់ UEFA សរសេរថា ប្រសិនបើ​ការ​រឹតបន្តឹង​ដែល​បានដាក់​ក្នុង​ប្រទេសមួយ​អាច​បណ្តាលឱ្យ​ប៉ះពាល់​ដល់​ការប្រកួត នោះ​ក្លិប​ម្ចាស់ផ្ទះ​ត្រូវតែ​ស្នើសុំ​កន្លែង​ជំនួស​ថ្មី​ដែល​សមរម្យ​ហើយ​នៅក្នុង​ប្រទេស​អព្យាក្រឹត​។​
​ផ្ទុយទៅវិញ ប្រសិនបើ​ក្លិប​ម្ចាស់ផ្ទះ​ទាំងឡាយណា​ខកខាន​មិនបាន​ធ្វើតាម​ការលើកឡើង​ខាងលើនេះ​ទេនោះ ស្ថាប័ន​គ្រប់គ្រង​កីឡាបាល់ទាត់​ទ្វីបអឺរ៉ុប​នឹង​គិតថា​ការប្រកួត​នេះ​ត្រូវឱ្យ​ក្រុម​ម្ចាស់ផ្ទះ​ចាញ់ ៣-០ ដោយ​ស្វ័យប្រវត្តិ​។​
​ខណៈ​ការ​រឹតត្បិត​របស់​អាល្លឺម៉ង់​នឹង​បញ្ចប់​នៅ​ថ្ងៃទី​១៧ ខែកុម្ភៈ រវាង​ក្រុម​លោក Jurgen Klopp និង RB Leipzig អាចមាន​ជម្រើស​ថ្មី ដោយ​ផ្លាស់ប្តូរ​ឱ្យ Liverpool ធ្វើជា​ម្ចាស់ផ្ទះ​សម្រាប់​ជំនួប​ជើង​ទី​១​វិញ​។ ជើង​ទី​២ គ្រោង​នឹងធ្វើ​ឡើង​នៅ​ថ្ងៃទី ១០ ខែមីនា​៕
From: https://thmeythmey.com
By: Reatrey