ប្រទេសឥណ្ឌា បានសម្រេចផ្តល់វ៉ាក់សាំងកូវីដ-១៩ ចំនួន ១០០ ០០០ដូស ជូនដល់ប្រទេសកម្ពុជា

នេះបើតាមសេចក្តីប្រកាសព័ត៌មាន របស់ស្ថានទូតឥណ្ឌា ប្រចាំព្រះរាជាណាចក្រកម្ពុជា ដែលចេញផ្សាយនារសៀលថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២១នេះ។

សេចក្តីប្រកាសព័ត៌មាន បានបញ្ជាក់ថា ៖ «ស្ថានទូតឥណ្ឌានៅភ្នំពេញ មានសេចក្តីរីករាយ និងសូមជម្រាបជូនថា រដ្ឋាភិបាលឥណ្ឌាបានយល់ព្រមក្នុងការផ្គត់ផ្គង់វ៉ាក់សាំងកូវីដ-១៩ ចំនួនមួយសែនដូស ដល់កម្ពុជាជាលក្ខណៈបន្ទាន់។ នេះជាការឆ្លើយតបទៅនឹងសំណើរបស់ សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន ចំពោះឯកឧត្តម Shri Narendra Modi (នាយករដ្ឋមន្ត្រីឥណ្ឌា) សម្រាប់ការស្នើសុំជំនួយក្នុងការផ្គត់ផ្គង់វ៉ាក់សាំងការពារវីរុសកូវីដ-១៩»។

ការផ្តល់ជូននេះ នឹងត្រូវបានធានាផ្គត់ផ្គង់តាមរយៈ Serum Institute of India ទោះបីជាមានសំណើប្រកួតប្រជែងជា ច្រើនពីបណ្តាប្រទេសដៃគូ និងការប្តេជ្ញាចិត្តរបស់ឥណ្ឌាចំពោះ ប្រជាជនក្នុងស្រុករបស់ឥណ្ឌាក៏ដោយ។

សេចក្តីសម្រេចនេះគឺជាសក្ខី ភាពមួយបង្ហាញពីការយកចិត្តទុក្ខដាក់របស់ឥណ្ឌា ចំពោះប្រទេសកម្ពុជាដែលជាដៃគូសំខាន់ និងបង្ហាញក្តីបារម្ភរបស់ឥណ្ឌាចំពោះសុខភាព និងវិបុលភាពរបស់ប្រជាជនកម្ពុជា។

គួររម្លឹកថា ឥណ្ឌាគឺជាប្រទេសទី២ ដែលប្រកាសនឹងផ្តល់ជំនួយជាវ៉ាក់សាំងដល់កម្ពុជា បន្ទាប់ពីប្រទេសចិន ដែលបានប្រកាសផ្តល់ឱ្យកម្ពុជា ចំនួន ១លានដូស ហើយវ៉ាក់សាំងកូវីដ-១៩ ចំនួន ៣០០ ០០០ ដូស ជំហានដំបូង នឹងដឹកមក ដល់កម្ពុជាផងដែរ នៅរសៀលថ្ងៃទី០៧ ខែកុម្ភៈ ស្អែកនេះ។

ដោយឡែក រដ្ឋាភិបាលអូស្ត្រា លីក៏នឹងផ្តល់ហិរញ្ញប្បទានឥតសំណងក្នុងទំហំទឹកប្រាក់ចំនួន ៣៥,៧ លានដុល្លារអូស្រ្តាលី (ស្មើនឹង ប្រមាណ ២៨ លានដុល្លារអាមេរិក) សម្រាប់ចូល រួមចំណែកក្នុងកម្មវិធីចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដែលទទួលស្គាល់ដោយអង្គការសុខភាពពិភពលោកនៅកម្ពុជាផងដែរ៕