សមត្ថកិច្ចថៃឃាត់ខ្លួនជនសង្ស័យ១នាក់ពាក់ព័ន្ធនឹងការផលិតក្រដាសប្រាក់១០០បាតក្លែងក្លាយ

ប្រទេសថៃ ៖ ជនជាតិថៃម្នាក់ត្រូវបានក្រុមតម្រួតធ្វើការឃាត់ខ្លួនដើម្បីបញ្ជូនទៅកាន់តុលាការបន្ទាប់ពីសមត្ថកិច្ចបានរកឃើញថាជនសង្ស័យរូបនេះបានលបបោះពុម្ពក្រដាសប្រាក់១០០បាតក្លែងក្លាយដើម្បីធ្វើចរាចរនៅលើទីផ្សារពិសេសនៅលើប្រព័ន្ធទូរ ATMនៅតាមណ្តាខេត្តមួយចំនួនក្នុងប្រទេសថៃប្រកបដោយភាពជោគជ័យរួចមក។
យោងតាមការផ្សាយរបស់បណ្តាញសារព័ត៌មានក្នុងស្រុកបានបញ្ជាក់ថា កាលពីរសៀលថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២១ម្សិលមុិញនេះសមត្ថកិច្ចថៃបានឡោមព័ទ្ធផ្ទះជួលមួយកន្លែងនៅចំណុចឃុំណងផៃ ស្រុកមឿង ខេត្តសុីសាកេត ដោយបានឃាត់ខ្លួនបុរសម្នាក់ឈ្មោះ ភីឆា ខុម អាយុ៣៧ឆ្នាំ ជាជនជាតិថៃ និងជាពិរុទ្ធជនម្នាក់ដែលទើបនឹងចេញពីពន្ធនាគារកាលពីថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២០កន្លងទៅនេះ។
ព័ត៌មានបានបន្តថា សមត្ថកិច្ចបានឆែកឆេរនិងរកឃើញនៅក្នុងបន្ទប់ជួលមានក្រដាសម៉ាសុីនព្រីនដែលជនសង្ស័យរូបនេះហាក់ដូចជាមានការស្ទាត់ជំនាញយ៉ាងខ្លាំងព្រោះការផលិតក្រដាសប្រាក់១០០បាត មានលក្ខណៈដូចបេះបិទដែលគេអាចធ្វើចរាចរនៅលើទីផ្សារបានយ៉ាងងាយ ប្រសិនបើអ្នកទទួលយកក្រដាសប្រាក់នេះមិនបានពិនិត្យឲ្យបានម៉ត់ចត់ទេនោះ។
តាមការសារភាពរបស់ជនសង្ស័យបាននិយាយថា ខ្លួនអាចផលិតក្រដាសប្រាក់ ១០០បាត់ នេះក្នុងមួយថ្ងៃបានចំនួន ១០០សន្លឹកស្មើនឹង ១០ ០០០បាត ហើយគេបានយកប្រាក់នេះ ទៅដាក់បញ្ចូលក្នុង កុងធនាគាររបស់ខ្លួនផ្ទាល់ តាមរយៈទូរ ATM រួចហើយ ទើបគេដើរទៅកន្លែងផ្សេងដើម្បីដកយកក្រដាស់ប្រាក់ពិតប្រាកដមកវិញដោយការធ្វើរបៀបនេះ គឺគេបានធ្វើឡើងច្រើនខេត្តរួចមកហើយ។
បច្ចុប្បន្នតម្រួតថៃបានរៀបចំឯកសារព្រមទាំងវត្ថុតាង ដើម្បីបញ្ជូនខ្លួនជនសង្ស័យទៅកាន់តុលាការក្នុងការចាត់វិធានការតាមផ្លូវច្បាប់៕
By: Reatrey