សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាឱ្យមន្ត្រី ចរចាជាមួយឥណ្ឌា ដើម្បីទិញវ៉ាក់សាំង១លានដូសទៀត

ភ្នំពេញ ៖ សម្ដេច ហ៊ុន សែន បញ្ជាឱ្យក្រុមការងារត្រួតពិនិត្យនិងតាមដានវ៉ាក់សាំងកូវីដ- ១៩ ចរចាជាមួយឥណ្ឌា ដើម្បីទិញវ៉ាក់សាំង១លានដូសថែមទៀត។ សម្ដេច ថ្លែងបែបនេះ នៅក្នុងសន្និសីទកាសែតក្រោយទទួលយកវ៉ាក់សាំងពីចិនដោយផ្ទាល់ នៅព្រលានយន្តនាថ្ងៃទី៧ កុម្ភៈ។

ឥណ្ឌា បានសម្រេចផ្ដល់វ៉ាក់សាំង១០ម៉ឺនដូស មកកម្ពុជា។ ប៉ុន្តែចំនួននេះ គឺមិនគ្រប់គ្រាន់ឡើយ។ បើតាមសម្ដេច ហ៊ុន សែន កម្ពុជានឹងទិញវ៉ាក់សាំង១លានដូសពីឥណ្ឌាថែមទៀត។
ក្រុមហ៊ុន AstraZeneca របស់អង់គ្លេស ដែលបានផលិតនៅឥណ្ឌា ហើយចែកចាយ និងប្រើប្រាស់នៅឥណ្ឌា ។ ឥណ្ឌា ក៏បានផ្ដល់វ៉ាក់សាំងទៅប្រទេសមួយចំនួនរួមមាន បង់ក្លាដេស មីយ៉ាន់ម៉ា នេប៉ាល់ ស្រីលង្កា ម៉ាឌីវ និងប៊ូតង់ ជាដើម ។ ឥណ្ឌាផ្ដល់វ៉ាក់សាំងឱ្យប្រទេសទាំងនោះ ចាប់ពី១លានដូសឡើងទៅ។
ចំពោះការទិញវ៉ាក់សាំងនេះ សម្ដេច ហ៊ុន សែន អះអាងថា កម្ពុជា នឹងមិនសុំប្រាក់គេទិញឡើយ។«យើងមិនសុំលុយគេ ទិញរបស់គេទេ។ ប៉ុន្តែខ្ញុំគិតថា កម្ពុជាមិនមានតម្រូវការ(សុំលុយគេ)បែបនេះទេ។យើងអាចចេញថវិកាជាតិ និងសប្បុរសជន…»។ នេះជាការបញ្ជាក់របស់សម្ដេច ហ៊ុន សែន ដែលបន្ថែមថា កម្ពុជាគ្រោងពិនិត្យលទ្ធភាពខ្ចីថវិកាពីចិន ដើម្បីទិញវ៉ាក់សាំងនេះ។
ចិនបាននាំយកវ៉ាក់សាំងកូវីដ-១៩ ចំនួន៦០ម៉ឺនដូសមកកម្ពុជា តាមជើងយន្តហោះយោធា Y-20 នៅម៉ោងជាង៤រសៀលថ្ងៃទី៧ កុម្ភៈនេះ ។ បើតាមគម្រោង កម្ពុជា នឹងទទួលបានវ៉ាក់សាំងពីចិន១លានដូស។
ក្រៅពីចិន កម្ពុជាក៏នឹងទទួលបានវ៉ាក់សាំងពីអូស្ត្រាលី ប្រមាណ៣លានដូសដែរ តាមរយៈជំនួយជាថវិកា២៨លានដុល្លារអាមេរិក។ សម្រាប់វ៉ាក់សាំងពីអូស្ត្រាលីនេះ គឺកម្ពុជាចាក់លើពលរដ្ឋ១,៥លាននាក់។
រីឯ COVAX ក៏នឹងផ្ដល់វ៉ាក់សាំង៧លានដូស មកម្ពុជា សម្រាប់ប្រើប្រាស់លើមនុស្ស៣,៥លាននាក់ដែរ នៅក្នុងអំឡុងខែមីនា។ សម្ដេច ហ៊ុន សែន ក៏បានសរសេរលិខិតស្នើជំនួយវ៉ាក់សាំងទៅរដ្ឋាភិបាលឥណ្ឌា និងរុស្ស៊ីរួចហើយ ខណៈរដ្ឋាភិបាលកំពុងពិចារណាលើការទិញវ៉ាក់សាំងពីអង់គ្លេសមួយទៀត។ វ៉ាក់សាំងអង់គ្លេសនេះ តម្លៃ៤ ឬ៥ដុល្លារប៉ុណ្ណោះ ស្របពេលវ៉ាក់សាំងចិន មានតម្លៃ២០ដុល្លារ។
បើតាមការគ្រោងទុកនេះ កម្ពុជានឹងទទួលបានជំនួយវ៉ាក់សាំង១១លានដូស ស្របពេលកម្ពុជាត្រៀមទិញវ៉ាក់សាំង២០លានដូស សម្រាប់មនុស្ស១០លាននាក់៕
From: https://thmeythmey.com
By: Reatrey