ការកើតជំងឺមហារីក គឺវាអាចបណ្តាលមកពីកត្តាជំរុញធំៗចំនួន ៤ យ៉ាងនេះ!

ចែករំលែកចំណេះដឹងសុខភាពប្រចាំថ្ងៃ ៖ មហារីក​ជា​ជំងឺ​កាច​សហាវ​មួយ ដោយ​យើង​គ្រាន់​តែ​ឮ​ឈ្មោះ​ក៏​ភិត​ភ័យ​ដែរ។ សាស្ត្រាចារ្យ​វេជ្ជបណ្ឌិត អ៊ាវ សុខា ឯកទេស​ជំងឺ​មហារីក​បាន​លើក​ឡើង​ថា មហា​រីក​មាន​ច្រើន​ប្រភេទ ក្នុង​ចំណោម​នោះ​ជំងឺ​មហារីក​ខ្លះ​មាន​មូលហេតុ​ច្បាស់​លាស់ ខណៈ​ជំងឺ​មហារីក​មួយ​ចំនួន​ទៀត​មក​ដល់​បច្ចុប្បន្ន​មិន​ដឹង​មូលហេតុ​ច្បាស់​លាស់​នៅ​ឡើយ​ទេ។

សាស្ត្រាចារ្យ អ៊ាវ សុខា ឯកទេសជំងឺមហារីក និងឈាម
លោក​វេជ្ជបណ្ឌិត​បន្ត​ថា ទោះ​ជា​ជំងឺ​មហារីក​ប្រភេទខ្លះ​មិន​មាន​មូលហេតុ​ពិត​ប្រាកដ​ក្តី តែ​បើ​តាម​ការ​សិក្សា​ស្រាវជ្រាវ​បាន​រក​ឃើញ​នូវ​កត្តា​មួយ​ចំនួន​ដែល​ជំរុញ​ឲ្យ​កើត​មាន​ជំងឺ​មហារីក។
កត្តា​ជំរុញ​ឲ្យ​កើត​ជំងឺ​មហារីក៖
១. តំណពូជ៖ កត្តា​តំណពូជ ឬហ្សែន ដែល​ផ្តល់​ឲ្យ​កើត​មហារីក​ជំរុញ​ពី​មួយ​ជំនាន់​មួយ​ទៅ​មួយ​ជំនាន់ ដូច​ជា​ជីដូន​ជីតា​បញ្ជូន​មក​ម្តាយ​ឪពុក រួច​បញ្ជូន​មក​កូនតៗ​គ្នា។
២. វីរុស-បាក់តេរី៖ វីរុស និង​បាក់តេរី​ខ្លះ​ដែល​មាន​នៅ​ក្នុង​ធម្មជាតិ​បង្ក​ឲ្យ​កើត​ជំងឺ​មហារីក ដូច​ជា​ជំងឺ​មហារីក​មាត់​ស្បូន បង្ក​ឡើង​ដោយ​មេរោគ HPV។
៣. បរិយាកាស​ជុំវិញ៖ ខ្យល់​ពុល ពន្លឺថ្ងៃ សារធាតុគីមី​មាន​ក្នុង​គ្រឿង​សំណង់។
៤. ចំណីអាហារ៖ ជក់បារី ផឹកស្រា ញ៉ាំអាហារផ្អាប់ ជ្រក់ ខ្ចៅខ្យង -ល-។
តាម​តួលេខ​នៅ​តាម​មន្ទីរពេទ្យ​ធំៗ​នៅ​ស្រុក​ខ្មែរ ជំងឺ​មហារីក​មាត់ស្បូន​ឈរ​នៅ​លំដាប់​ទី ១ បន្ទាប់មក ទី២ គឺ​ជំងឺ​មហារីក​សុដន់ ទី៣ មហារីក​សួត ទី៤ មហារីក​ក្រពះ-ពោះវៀនធំ ទី៥ មហារីក​ថ្លើម។ ដ្បិតតែ​ជំងឺ​មហារីក​មួយ​ចំនួន​មិន​ដឹង​មូលហេតុ​ច្បាស់​លាស់ គ្មាន​វ៉ាក់សាំង​ការពារ តែ​សាស្ត្រាចារ្យ​បង្រៀន​នៅ​សាកល​វិទ្យាល័យ​វិទ្យាសាស្ត្រ​សុខាភិបាល​រូប​នេះ ថា យើង​អាច​បង្ការ​បាន​តាម​វិធី​សាមញ្ញៗខាងក្រោម។
– កុំ​ជក់​បារី
– ផឹកស្រា​ក្នុង​កម្រិត​តិចតួច
– រស់នៅ​ដោយ​ផាសុកភាព
– ហាត់​ប្រាណ​ឲ្យ​បាន​ទៀងទាត់
– មាន​វេលា​រីករាយ មិន​ត្រូវ​ស្ត្រេស​ខ្លាំង​ពេក។
From: https://hellokrupet.com
By: Reatrey