ជនជាតិចិន ០២នាក់ និងគ្រឿងញៀនជិត ១០គីឡូក្រាម ត្រូវសមត្ថកិច្ចប្រឆាំងបទល្មើសគ្រឿងញៀនបង្ក្រាប

កម្លាំងជំនាញនៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន បង្ក្រាបករណីជួញដូរគ្រឿងញៀន ចាប់ខ្លួន ជនជាតិចិន ០២នាក់ និងរឹបអូសគ្រឿងញៀនជិត ១០ គីឡូក្រាម នៅរាជធានីភ្នំពេញ។

អនុវត្តតាមបញ្ជា ឯកឧត្តម នាយឧត្ដមសេនិយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និង ឯកឧត្តម នាយឧត្ដមសេនិយ៍ ម៉ក់ ជីតូ អគ្គស្នងការរងទទួលផែនប្រឆាំងបទល្មើសគ្រឿងញៀន ក្រោមការបញ្ជាដឹកនាំផ្ទាល់ របស់ ឯកឧត្តម ឧត្ដមសេនីយ៍ឯក ឡឹក វណ្ណៈ នាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ។

កាលពីថ្ងៃទី ០៥ ខែ កុម្ភៈ ឆ្នាំ ២០២១ កម្លាំងជំនាញនៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន(ក៧) ដោយមានការសម្របសម្រួលពី លោក អ៊ុំ សុភ័ក្តិ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានស្រាវជ្រាវ បង្ក្រាបករណីជួញដូរ រក្សាទុកគ្រឿងញៀន នៅចំណុចមុខបូរីប៉េងហូត(បឹងស្នោ) នៅតាមលើផ្លូវជាតិលេខ១ និងបន្តទៅឈានឆែកឆេរផ្ទះលេខ៣៥ ផ្លូវP០៤ ក្នុងបូរីប៉េងហួត(បឹងស្នោ) សង្កាត់ច្បារអំពៅ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ លទ្ធផលដូចខាងក្រោម ៖ ឃាត់ខ្លួនជនសង្ស័យ ០២នាក់÷

១-ឈ្មោះ JIA ZHIYANG ភេទប្រុស អាយុ ២៩ឆ្នាំ ជនជាតិ ចិន (មេក្លោង ធ្លាប់ជាប់គុក ១ឆ្នាំ ទើបចេញពីគុកបាន៣ខែ ពីបទរំលោភលើសេចក្តីទុកចិត្ត)។

២-ឈ្មោះ ZHANG LEILIN ភេទប្រុស អាយុ ២៦ឆ្នាំ ជនជាតិ ចិន។

វត្ថតាងចាប់យក÷ គ្រឿងញៀនមេតំហ្វេតាមីន(ICE)សរុប ៩ គ.ក្រ ៧៨៣,៧៣ ក្រាម

បច្ចុប្បន្ន ជនសង្ស័យ និងវត្ថុតាងចាប់យកខាងលើ សមត្ថកិច្ចជំនាញបានកសាងសំណុំ រឿង បញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការបន្តតាមនីតិវិធី ៕