ពលរដ្ឋ​មីយ៉ាន់ម៉ារាប់​ម៉ឺន​នាក់​បន្ត​ធ្វើ​បាតុកម្ម​ប្រឆាំងការដណ្តើមអំណាចរបស់យោធា

នៅថ្ងៃចន្ទនេះ ពលរដ្ឋ​មីយ៉ាន់ម៉ា​រាប់​ម៉ឺន​នាក់​នៅទីក្រុង​រ៉ង់ហ្គូន រដ្ឋធានីណៃពិដោ និងទីក្រុង Mandalay ​បានបន្ត​ប្រមូល​ផ្ដុំ​គ្នា​និងធ្វើបាតុកម្ម​ ដើម្បី​តវ៉ា​ប្រឆាំង​នឹង​ការ​ធ្វើ​រដ្ឋ​ប្រហារ​យោធា និង​ការ​ចាប់​ឃុំ​ខ្លួន​មេដឹកនាំ​ដែល​ត្រូវ​បាន​ជ្រើសរើស​តាម​ការ​បោះឆ្នោតគឺ​អ្នកស្រី Aung San Suu Kyi និងប្រធានាធិបតីមីយ៉ាន់ម៉ាលោក Win Myint កាល​ពី​សប្ដាហ៍​មុន។

បើ​ទោះបីជា​មាន​ការ​កាត់​ផ្ដាច់​អ៊ីនធឺណិត និង​ការ​រឹតត្បិត​លើ​ការ​ប្រើប្រាស់​បណ្ដាញ​ទូរស័ព្ទ​ក៏​ដោយ​នោះ បាតុកម្ម​​នេះគឺ​ជា​បាតុកម្ម​ធំ​ជាង​គេ​បង្អស់​នៅក្នុង​ប្រទេស​មីយ៉ាន់ម៉ា​ ចាប់​តាំងពី​ការ​ធ្វើ​បដិវត្តន៍​ដែល​ដឹកនាំ​ដោយ​ព្រះ​សង្ ឃ​កាលពី​ឆ្នាំ ២០០៧ មក។

កាលពីថ្ងៃចន្ទសប្តាហ៍មុន យោធា​បានប្រកាស​ត្រួតត្រា​ប្រទេស​មីយ៉ាន់ម៉ា ​នៅ​ក្រោម​ស្ថានភាព​អាសន្ន ដោយសារតែ​គណៈកម្មការ​រៀបចំ​ការ​បោះឆ្នោត​មិន​បាន​ចាត់​វិធានការ​ ទាក់ទិន​នឹង​ការ​អះអាង​របស់​យោធា​ដែល​ថា ការ​បោះឆ្នោត​ថ្នាក់​ជាតិ​កាលពី​ខែ​វិច្ឆិកា​ឆ្នាំ​មុន​ មាន​ការ​លួច​បន្លំ។

ការ​ប្រកាស​នេះ​បាន​ធ្វើ​ឡើង​ក្នុង​ពេល​ប៉ុន្មាន​ម៉ោង​ បន្ទាប់ពី​មេដឹកនាំ​មីយ៉ាន់ម៉ា​អ្នកស្រី Aung San Suu Kyi និង​មន្ត្រី​គណបក្ស​កាន់​អំណាច​ផ្សេង​ទៀត ត្រូវ​បាន​ឃុំ​ខ្លួន។ ការ​ឃុំ​ខ្លួន​ទាំង​នេះ​បានកើតឡើង​នៅ​ចំ​ថ្ងៃ​ដែល​រដ្ឋសភា​ថ្មី​ត្រៀម​បើក​សម័យ​ប្រជុំ​លើក​ដំបូង​របស់​ខ្លួន។

អានព័ត៌មានលម្អិតលើគេហទំព័រ VOA: