ស្របពេល​តម្រូវការ​វ៉ាក់សាំង​កំពុង​កើនឡើងចិន និង​ឥណ្ឌា ប្រជែង​គ្នា​ចែក​វ៉ាក់សាំង​កូ​វីដ​-១៩ ឱ្យ​ប្រទេស​កំពុង​អភិវឌ្ឍ

បរទេស ៖ ស្របពេល​តម្រូវការ​វ៉ាក់សាំង​កំពុង​កើនឡើង មហាអំណាច​ចំនួន​ពីរ មាន​ចិន និង​ឥណ្ឌា កំពុង​ប្រជែង​គ្នា​ដើម្បី​ផ្ដល់​វ៉ាក់សាំង​ឱ្យ​ប្រទេស​កំពុង​អភិ​វ​ដ្ឍ​ដែល​ខ្វះ​លទ្ធភាព​ទិញ​វ៉ាក់សាំង​ដូច​ប្រទេស​អ្នកមាន​។ មហាអំណាច​ទាំងពីរ កំពុង​មមាញឹក​នឹង​ការទូត​វ៉ាក់សាំង​អំឡុងពេល​វិបត្តិ​ជំងឺ​កូ​វីដ​-១៩ ដែលជា​ឱកាស​ក្នុងការ​ពង្រីក​ឥទ្ធិពល​រៀងៗ​ខ្លួន​។

នាយករដ្ឋមន្ត្រី​ឥណ្ឌា នា​រិ​ន្ទ្រា ម៉ូ​ឌី កំពុងតែ​ប្រើប្រាស់​ចំណុចខ្លាំង​របស់​ឥណ្ឌា​ក្នុងនាម​ជា​អ្នក​ផលិត​វ៉ាក់សាំង​ធំជាងគេ​បង្អស់​ក្នុង​ពិភពលោក​ដើម្បី​ពង្រឹង​ទំនាក់ទំនង​ក្នុង​តំបន់ និង​ប្រជែង​ជាមួយ​គោលនយោបាយ ព្រមទាំង​ឥទ្ធិពល​សេដ្ឋកិច្ច​របស់​ចិន​។ បើទោះជា​កម្មវិធី​ចាក់​វ៉ាក់សាំង​ក្នុងស្រុក​ទើប​ចាប់ផ្ដើម​ក្ដី ឥណ្ឌា​ហាក់​មិន​រារែក​ឡើយ​ក្នុង​ការដឹក​វ៉ាក់សាំង​ឱ្យ​ប្រទេស​នានា​នោះ​។
​រដ្ឋាភិបាល​ឥណ្ឌា​ក៏បានផ្តល់​វ៉ាក់សាំង​របស់​ក្រុមហ៊ុន AstraZeneca ដែល​ផលិត​ក្នុងស្រុក​រាប់លាន​ដូ​ស​ទៅឱ្យ​បណ្តា​ប្រទេសជិតខាង​ខ្លួន​ដូចជា ប៊ូ​តង់ នេ​ប៉ាល់ ស្រីលង្កា មី​យ៉ាន់​ម៉ា និង​កោះ​ម៉ា​ល់​ឌី​វ​រួចហើយ ​បើតាម​ទីភ្នាក់ងារ​សារពត៌មាន Reuters នៅ​ថ្ងៃទី​៧ ខែកុម្ភៈ ឥណ្ឌា​បាន​បញ្ជូន​វ៉ាក់សាំង AstraZeneca ៥០​ម៉ឺន​ដូ​ស ទៅឱ្យ​ប្រទេស​អា​ហ្វ​ហ្កា​នី​ស្ថាន ដែល​កំពុង​រងចាំ​ជំនួយ​បន្ទាន់​ពី​អង្គការ​សុខភាព​ពិភពលោក​។
អ្នកនាំពាក្យ​ក្រសួងការបរទេស​ឥណ្ឌា Anurag Srivastava និយាយថា ឥណ្ឌា​បានផ្តល់​វ៉ាក់សាំង​ប្រមាណ​១៥,៦ លាន​ដូ​ស​ទៅ​ប្រទេស​ចំនួន​១៧ ទាំង​ការផ្តល់​ជា​ជំនួយ និង​កិច្ចសន្យា​ទិញ​លក់​ផងដែរ​។ ថ្មីៗ​នេះ ប្រទេស​ឥណ្ឌា​បាន​យល់ព្រម​បញ្ជូន​វ៉ាក់សាំង​កូ​វីដ​-១៩ មក​កម្ពុជា​ប្រមាណ ១០​ម៉ឺន​ដូ​ស​។ លោក Srivastava លើកឡើង​នៅ​ថ្ងៃទី​៧ ខែកុម្ភៈ ថា ឥណ្ឌា​ក៏មាន​គម្រោង​ផ្តល់​វ៉ាក់សាំង​ឱ្យ​ម៉ុង​ហ្គោ​លី និង​បណ្តា​កោះ​នៃ​មហាសមុទ្រ​ប៉ាស៊ីហ្វិក ទៅតាម​លទ្ធភាព​និង​តម្រូវការ​ក្នុងប្រទេស​ទាំងនេះ​ដែរ​។​
​ដោយឡែក ចិន​ក៏បានផ្តល់​វ៉ាក់សាំង​ទៅឱ្យ​បណ្តា​ប្រទេស​ជាច្រើន​ក្នុង​ពិភពលោក​។ យ៉ាងហោចណាស់​មាន​១៧​ប្រទេស​ដែល​ទិញ​វ៉ាក់សាំង ឬ​ទទួល​ជំនួយ​វ៉ាកសាំង​ពី​ចិន​ដូចជា ហ្វីលីពីន ឥណ្ឌូណេស៊ី ប៉ា​គី​ស្ថាន តួ​ក​គី អ៊ុយ​ក្រែ​ន ប្រេ​ស៊ី​ល ប៉ា​គី​ស្ថាន មី​យ៉ាន់​ម៉ា និង​កម្ពុជា​ជាដើម​។ លើសពីនោះ ទីក្រុង​ប៉េកាំង​ក៏​ប្រកាស​ផ្ដល់​វ៉ាក់សាំង​១០​លាន​ដូ​ស​ទៅ​យន្តការ COVAX ផងដែរ​។​
​ឥណ្ឌា ដែលមាន​ករណី​វិជ្ជមាន​ជំងឺ​កូ​វីដ​-១៩ ច្រើន​នៅ​លំដាប់​ទី​២ ក្នុង​ពិភពលោក គ្រោង​ចាក់​វ៉ាក់សាំង​លើ​ប្រជាជន​ឱ្យបាន ៣០០​លាន​នាក់​ត្រឹម​ខែសីហា​។ ឥណ្ឌា​អនុញ្ញាតឱ្យ​ប្រើប្រាស់​វ៉ាក់សាំង​ពីរ​ប្រភេទ ដែល​មួយ​ឈ្មោះ COVISHIELD ជា​វ៉ាក់សាំង​របស់​ក្រុមហ៊ុន AstraZeneca ផលិត​ដោយ​វិទ្យាស្ថាន Serum និង​មួយទៀត​ជា​វ៉ាក់សាំង​របស់ Bharat Biotech ដែលជា​វ៉ាក់សាំង​ក្នុងស្រុក​ផ្ទាល់​៕
From: https://thmeythmey.com
By: Reatrey