នាយករដ្ឋមន្ត្រីប្រកាសឱ្យ សមាជិករដ្ឋាភិបាល ទៅចាក់វ៉ាក់សាំងដើម្បីជាគំរូដល់ប្រជាពលរដ្ឋ

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅថ្ងៃនេះ បានផ្ញើសារជាសំឡេងទៅកាន់សមាជិករាជរដ្ឋាភិបាលទាំងអស់ រួមទាំងមន្ត្រីតាមក្រសួង មន្ត្រីនគរបាល និងកងទ័ពជាដើម្បីដែលមានអាយុក្រោម៥៩ឆ្នាំ និងមានលក្ខខណ្ឌគ្រប់គ្រាន់ ត្រូវទៅចាក់វ៉ាក់សាំងកូវីដ១៩លើកដំបូង និងដើម្បីធ្វើជាគំរូដល់ប្រជាពលរដ្ឋ។

សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍តាមសារជាសំឡេងថា ដើម្បីបង្ហាញនូវជំនឿទុកចិត្ត និងធ្វើជាគំរូដល់ប្រជាពលរដ្ឋ សមាជិករដ្ឋាភិបាល រដ្ឋមន្ត្រីដែលមានអាយុក្រោម៥៩ឆ្នាំ ត្រូវទៅចូលរួមចាក់វ៉ាក់សាំងលើកដំបូងនេះ។

សម្ដេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា៖ “អ៊ីចឹងគឺយើងមានដូចជា [រដ្ឋមន្ត្រី] ប៉ុន្មាននាក់ដែរ ដូចជា សំអាល់ (ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន) ណារ៉ុន (ឯកឧត្តម ហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ) ជា វណ្ណដេត (ឯកឧត្តម ជា វណ្ណដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និង ទូរគមនាគមន៍) វេន សុខុន (ឯកឧត្តម វ៉េង សុខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ) អ្នកដែលអាយុក្រោម៥៩ឆ្នាំ ត្រូវតែចាក់​[វ៉ាក់សាំង] ដើម្បីធ្វើជាគំរូ ព្រោះនេះជាបញ្ហាធំ ខ្ញុំមិនអាចចាក់បានដោយសារខ្ញុំលើសអាយុ អ៊ីចឹងទេ ត្រូវនាំគ្នាចុះបញ្ជីចាក់វ៉ាក់សាំង៕