បឹងពារាំងគឺជាតំបន់សត្វស្លាបដ៏ទាក់ទាញមួយ នៅលើទឹកដីខេត្តសៀមរាប

បឹងពារាំងគឺជាតំបន់សត្វស្លាបដ៏ទាក់ទាញមួយ នៅលើទឹកដីខេត្តសៀមរាប កាលពីមុនសកលលោកជួបវិបត្តិដោយសារជំងឺកូវីដ-១៩ ទីនេះបានក្លាយជាគោលដៅទេសចរណ៍ និង មានការចាប់អារម្មណ៍យ៉ាងខ្លំាងពីសំណាក់ភ្ញៀវ ទេសចរជាតិ និង អន្តរជាតិ ដែលបានទៅដល់ទឹកដីខេត្តសៀមរាប បន្ទាប់ពីទស្សនាប្រាសាទនានា។បឹងពារាំង មានវិសាសលភាពផ្ទៃដីចំនួនប្រមាណជាង ២៦០៧ហិកតា ទេមានទីតាំងស្ថិតក្នុងភូមិសាស្ត្ររដ្ឋបាលសង្កាត់ជ្រាវ ក្រុងសៀមរាបខេត្តសៀមរាប ជាតំបន់ស្ថិតនៅតាមជម្រាលនៃទំនាបលិចទឹកផ្នែកខាងជើងចំងាយជាង២គ.មពីបឹងទន្លេសាប និងស្ថិតនៅភាគខាងត្បូងទីរួមខេត្តសៀមរាប មានចំងាយប្រមាណជា ១៨ គីឡូម៉ែត្រ ពីតំបន់អង្គរ។បឹងនេះ ភ្ជាប់ចរន្តទឹកនៅប៉ែកខាងជើងពីបឹងទន្លេសាប មានព្រៃលិចទឹក មានប្រព័ន្ធជីវៈចម្រុះយ៉ាងសម្បូរបែប រួមទាំងហ្វូងសត្វស្លាប មានមច្ឆជាតិ មានប្រភេទល្មូន ព្រមទាំងសត្វទ្វេរបាត និងចតុបាត មួយចំនួនផងដែរ នេះបើតាមការឱ្យដឹងពីប្រធានផ្នែកអភិរក្សសមាគម នៃសមាគមសហគមន៍ទេសចរណ៍វប្បធម៌ធម្មជាតិបឹងពារាំង៕